ប្រាក់​ចំណេញ​ចាប់ផ្តើម​រើប​ឡើងជា​បណ្ដើរ​ៗ​នៅ​ក្នុង​ត្រីមាស​ទី​3​ឆ្នាំ​នេះ

ប្រទេស​ថៃ ៖ លោកស្រី រ៉ុ​ង​មា​ល់​លី​កា​មាស នាយិកា​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​នៃ​ធនាគារ​ប្រទេស​ថៃ បាន​មាន​ប្រសាសន៍​ពី​សេដ្ឋកិច្ច​ថៃ​ក្នុង​រយៈពេល​ដំណាច់ខែ និង​ត្រីមាស​ទី​៣ ឆ្នាំ​នេះ​ថា ៖ «​សេដ្ឋកិច្ច​ថៃ​នៅ​តែ​រើប​ឡើងជា​បណ្តើរ​ៗ ដោយ​ផលិតផល​សរុប​នៅ​ក្នុង​ប្រទេស (GDP) ក្នុង​ត្រីមាស​ទី​៣​នេះ​ល្អ​ជាង​ត្រីមាស​ទី​២ និង​ចាប់ផ្តើម​ល្អ​ឡើង​វិញ​ក្នុង​រយៈពេល​ចុង​ក្រោយ​ត្រីមាស​ទី​៣ ។ ដោយសារ​មាន​តម្រូវការ​ពី​អតិថិជន ការ​វិនិយោគទុន និង​ភាព​ជឿជាក់​ពី​ផ្នែក​ឯកជន​កាន់តែ​ល្អ​ប្រសើរ​ឡើង ទោះបីជា​ស្ថិត​ក្នុង​កម្រិត​ទាប ប៉ុន្តែ​ប្រាក់​ចំណូល​ខាង​កសិកម្ម​មិន​បាន​ស្រុត​ចុះ​ឡើយ រួម​ទាំង​ការ​ចំណាយ​នានា​របស់​រដ្ឋាភិបាល​ក៏​ដោយ ក៏​អាច​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​បន្ត​បាន»។

ទោះជា​យ៉ាងណា ហានិភ័យ​ពី​ការ​បម្រែបម្រួល​នៃ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន នឹង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ​កាន់តែ​ច្រើន​ក៏​ដោយ ជា​ពិសេស និន្នាការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្ដាល​សហរដ្ឋអាមេរិក ធ្វើ​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​ខាង​ទុន​សម្រាប់​បង្វិល និង​មាន​ផល​ប៉ះពាល់​ដល់​ប្រាក់​បាត រួម​ទាំង​ការ​នៅ​ទ្រឹង​នៃ​សេដ្ឋកិច្ច​ចិន និង​អាស៊ាន ខណៈ​ពេល​ហានិភ័យ​ចាប់ផ្តើម​ប្រសើរ​ឡើង​លើ​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋ ។ នៅ​ពេល​ចុងឆ្នាំ ថវិកា​នៃ​ដំណាច់ឆ្នាំ​២០១៥ នៃ​ការ​ចាយវាយ​របស់​រដ្ឋាភិបាល​បាន​កើនឡើង​ដល់​៤,៩% ខ្ពស់​ជាង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​មាន​ត្រឹមតែ​០,៩% ។

លោកស្រី​បន្ត​ទៀត​ថា ៖ «​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​ក្នុង​ខែកញ្ញា​កន្លង​មក​ឃើញ​ថា ការ​ចំណាយ​មាន​លក្ខណៈ​ល្អ​ឡើង​ជាង​ឆ្នាំ​មុន​ចំនួន​០,៤% ប៉ុន្តែ​តម្រូវការ​ទំនិញ​ប្រើ​ប្រាស់​នៅ​ទាប​ដល់​ទៅ​៨,៧% ដោយសារ​ប្រជាពលរដ្ឋ​នៅ​មានការ​ប្រុង​ប្រយ័ត្នលើ​ការ​ចំណាយ និង​ពួក​គេ​គិតតែ​ពី​ប្រាក់​ចំណូល មិន​ចាត់​ទុក​ថា​ជា​ការ​ល្អ​នោះ​ទេ ដោយ​ប្រាក់​ចំណូល​របស់​កសិករ​ថយ​ចុះ​១០,៧% ។ ធនាគារ​ថៃ​បាន​ប៉ាន់​ស្មានថា នៅ​ដើមឆ្នាំ​ខាង​មុខ​នឹង​ជួប​បញ្ហា​គ្រោះ​រាំង​ស្ងួត​ជា​បន្តបន្ទាប់​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផលិត និង​ប្រាក់​ចំណូល​របស់​កសិករ​ថៃ​ក្នុង​ពេល​អនាគត​» ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ណាត់​ពុល រាំង​សិត​ពុល អនុប្រធាន​ផ្នែក​សេដ្ឋកិច្ច​ឧស្សាហកម្ម បាន​មាន​ប្រសាសន៍​ថា ៖ «​អត្រា​នៃ​ការ​បម្រែបម្រួល​ផលិតផល​ឧស្សាហ​កម្ម​នា​ខែកញ្ញា បាន​ធ្លាក់​ចុះ​ចំនួន​៣,៦% ហើយ​ស​ន្ទ​ស្សន៍​នៃ​ផលិតផល​ឧស្សាហកម្ម​ក្នុង​៣​ត្រីមាស ក៏​បាន​ធ្លាក់​ចុះ​៤,៤% ផង​ដែរ​» ៕