លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​ប្រើប្រាស់​អំណាច​ប្រមូល​លុយ​ដាក់​ហោប៉ៅ​

រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ វណ្ណា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​៥​រាជធានី​-​ខេត្ត ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​រូបនេះ​អាច​ប្រមូល​លុយ​បាន​រាប់សែន​ដុល្លារ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ជាបន្ទាន់​ផងដែរ ព្រោះ​លោក អ៊ុំ វណ្ណា កំពុងតែ​ប្រើប្រាស់​តួនាទី​និង​អំណាច ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាមរបៀប​ពុករលួយ​ដោយ​មិន​ខ្លាច​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។

តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​ក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា លោក អ៊ុំ វណ្ណា កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​និង​រក​ជូន​ថ្នាក់លើ​យ៉ាង​រលូន​។ ក្នុងនោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក អ៊ុំ វណ្ណា និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ ជាងនេះទៅទៀត​ដេប៉ូ​លក់​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​ដល់​លោក អ៊ុំ វណ្ណា ជាប្រចាំ​ដែរ​បើ​មិន​ដូច្នេះ​ទេ​អាច​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​មុនពេល​ឈរជើង​នៅ​ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង លោក អ៊ុំ វណ្ណា ក៏​ជា​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ល្បីឈ្មោះ​ផងដែរ ដោយមាន​ការឃុបឃិត​ជាមួយ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​។ ដោយសារតែ​របរ​ប្រមូល​ទិញ​ឈើ​ប្រណីត​លក់​ឲ្យ​ឧកញ៉ា លឹម ប៊ុណ្ណា នោះ​ហើយ​ទើប​លោក អ៊ុំ វណ្ណា មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​ទទួលបាន​តំណែង​ជា​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​យ៉ាង​ក្រអឺតក្រទម​។ ជាងនេះទៅទៀត​លោក អ៊ុំ វណ្ណា បាន​យកឈ្មោះ​ប្រធាន​នាយកដ្ឋាន​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នគរបាលជាតិ​មួយចំនួន​ទៅប្រើ​ប្រាស់ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ទាក់ទង​នឹង​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក អ៊ុំ វណ្ណា សព្វថ្ងៃនេះ ប្រភពពី​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​រូបនេះ​បាន​ប្រើ​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​តែម្ដង​។ ហេតុនេះហើយ​ទើប​លោក អ៊ុំ វណ្ណា អាច​ប្រើប្រាស់​តួនាទី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​អាជីវកម្ម​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​។ ប្រការនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់លោក អ៊ុំ វណ្ណា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

S-151លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ