ជនជាតិ​យួន​នៅតែ​អាច​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​ក្នុងស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​

សមត្ថកិច្ច​ការពារ​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ជាពិសេស​នគរបាល​ការពារ​ព្រំដែន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គឺជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់​។ បញ្ហា​នេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី គួរពិនិត្យមើល​ភាពមិនប្រក្រតី​ដែល​កើតឡើង​នោះ​ផងដែរ  ព្រោះ​កន្លែង​ដែល​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​នៅ​ចំណុច​ខាងកើត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផា​តាម​។ ជាមួយគ្នានេះ​អាជ្ញាធរ​ខេត្តរតនគិរី ក៏​គួរ​ចាត់វិធានការ​ដើម្បី​ការពារ​ព្រៃឈើ​តាម​តំបន់​ព្រំដែន​ជាបន្ទាន់​ផងដែរ កុំ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​ជនជាតិ​យួន​នាំចូល​រណារយន្ត​និង​រថយន្ត​ព្រមទាំង​កម្មករ​មក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​តទៅទៀត​។ ប្រភពពី​ជនជាតិដើម​ភាគតិច​រស់នៅ​តាម​ព្រំដែន​កម្ពុជា​-​យួន បាន​ឲ្យ​ដឹងថា​ជនជាតិ​យួន​មួយក្រុម​បាន​លួច​ចូលមក​កាប់​ឈើ​រយៈពេល​បី​បួន​ថ្ងៃ​មកហើយ នៅ​ខាងកើត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផា​តាម ហើយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនជាតិ​យួន​ដែល​ចូលមក​កាប់​ឈើ​នោះ ដឹកនាំ​ដោយ​មេឃ្លោង​ម្នាក់​ឈ្មោះ ក្លាន ប៉ាន ប្រដាប់​ដោយ​ម៉ា​ស៊ិន​អារឈើ​១០​គ្រឿង រថយន្តស្ទូច និង​រថយន្ត​ដឹកជញ្ជូន​ឈើ​២​គ្រឿង បាន​ចូលមក​អារ​រំលំ​ឈើ​នៅ​តំបន់ភ្នំ​ពោ​ច រួច​ដឹកជញ្ជូន​ឆ្លង​អូរ​ព្រំដែន​ចូល​ទឹកដី​យួន​។

តាម​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​យួន​បាន​បង់លុយ​៣០០០​ដុល្លារ ទៅ​ឲ្យ​មេដឹកនាំ​សហគមន៍​និង​ប្រធានភូមិ ព្រមទាំង​សមត្ថកិច្ច​តាម​ព្រំដែន ដើម្បី​អាច​ចូលមក​កាប់​ឈើ​។ បញ្ហា​នេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អណ្ដូង​មាស ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ផងដែរ ទើប​ពួកគេ​គ្មាន​វិធានការ​ទប់ស្កាត់​ទាល់តែសោះ ហើយ​ជនជាតិ​យួន​នៅតែ​អាច​ចូលមក​កាប់​ឈើ​ក្នុងភូមិ​តាំង​សេ និង​ភូមិ​តាំង​លោម ស្រេច​តែ​អំពើ​ចិត្ត​។ ក្នុងនោះ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផា​តាម គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ដូច្នេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី គួរ​ចាត់វិធានការ​ព្រមាន​ជាបន្ទាន់​៕

249_ratanakirypl07-04-15-002លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី