ឌុន ប៊ុនធឿន និង ឡុង សំណាង ឡើងវគ្គបន្ត នៃជើងឯក TIFFY SUPER FIGHT

ភ្នំពេញ៖ ការប្រកួតជម្រុះប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 Arena នាយប់ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកប្រដាល់ ឡុង សំណាង ក្លឹបសាលវ័ន្តកីឡា និងអ្នកប្រដាល់ ឌុន ប៊ុនធឿន ក្លឹបអេភូថងកីឡា បានឆ្លងផុតដំណាក់កាលទី៣ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។

អ្នកប្រដាល់ ឡុង សំណាង បានយកឈ្នះអ្នកប្រដាល់ ថន ភឿត ក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ដោយពិន្ទុ ចំណែកអ្នកប្រដាល់ ឌុន ប៊ុនធឿន បានប្រកួតឈ្នះអ្នកប្រដាល់ ធន់ ចាន់តាក់ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ដោយពិន្ទុដែរ ។ ដូច្នេះ ឌុន ប៊ុនធឿន និង ឡុង សំណាង ទាំងពីរនាក់បន្តការប្រកួតនៅក្នុងដំណាក់កាលទី៤ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាមជាបន្តទៀត ។

អ្នកប្រដាល់ ហុន ឈុនហេង ក្លឹបសម្រែករាជសីហ៍បានផ្ដួលអ្នកប្រដាល់ថៃ Phach Ngen ឲ្យសន្លប់ក្នុងទឹកទី២ នៃយុទ្ធ នាការប្រកួតក្នុងកម្មវិធីប្រដាល់ ស៊ីម៉ងត៍អូដ្ឋលើសង្វៀន TIFFY TV5 ARENA នេះដែរ ។ Phach Ngen ក្នុងទឹកទី១ បានវាយប្រហារទៅលើ ហុន ឈុនហេង តែត្រូវ ឈុន ហេង ទប់បាន និងវាយសងវិញ ដែលការប្រកួតក្នុងទឹកដំបូងនេះ គឺមានលក្ខណៈវាយទៅវាយមក ។ តែចូលដល់ទឹកទី២ ហុន ឈុនហេង គេចាប់ផ្ដើមបើកការវាយប្រហារទៅលើអ្នកប្រដាល់ថៃ Phach Ngen វិញដោយប្រើជង្គង់បត់ខ្លីផ្ដួល Phach Ngen ឲ្យសន្លប់ក្រោកលែងរួច ។

សម្រាប់ឯ យ៉ាម ឡយ វិញអ្នកប្រដាល់ក្លឹបរស្មីកុមារកំព្រា បានប្រកួតឈ្នះ ប្រាក់ វិឆ័យ អ្នកប្រដាល់ក្លឹបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ ប្រាក់ វិឆ័យ ដែលទើបប្រកួតបាន១៨ដងនោះត្រូវ យ៉ាម ឡយ ដែលជោកជាំលើសង្វៀន៦៥ដង វាយសន្ធាប់ជាប់សឹងតែរើខ្លួនមិនរួច តែយ៉ាងណា វិឆ័យ ចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។

ចំណែក ឆេង លាង អ្នកប្រដាល់ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ បានផ្តួល ហាក់ ប៉ាន់ធី អ្នកប្រដាល់ក្លឹបរ៉ាហាប់ស្វាយប៉ាកឲ្យសន្លប់ក្នុងទឹកទី៣ ។ ប៉ាន់ធី ហាក់ដូចជាខ្លាចញញើត ឆេង លាង សម្រាប់ការជួបគ្នានេះ ។ ម្ល៉ោះហើយ ឆេង លាង រឹតតែបានដៃវាយសម្រុកទៅលើ ប៉ាន់ធី គ្មានដកដៃទេ ។ ទីបំផុត ប៉ាន់ធី ត្រូវសន្លប់ក្នុងទឹកទី៣ ដោយសារកែងរបស់ ឆេង លាង ។ អៀម ដាវុធ អ្នកប្រដាល់ក្លឹបកងទ័ពជើងទឹក ក៏ត្រូវសន្លប់ក្រោមថ្វីដៃ សិទ្ធ លីជា អ្នកប្រដាល់ក្លឹបសាមគ្គីកូនខ្មែរក្នុងទឹកទី៣ដែរ ក្នុងពេលដែល ជា វណ្ណា ក្លឹបអេភូថងកីឡា ផ្តួលថៃ ប៊ុនលី ក្លឹបនាគរាជគុនខ្មែរឲ្យសន្លប់ក្នុងទឹកទី២ដែរនោះ ៕

ឌុន ប៊ុនធឿន និង ឡុង សំណាង ឡើងវគ្គបន្ត នៃជើងឯក TIFFY SUPER FIGHT

ឌុន ប៊ុនធឿន និង ឡុង សំណាង ឡើងវគ្គបន្ត នៃជើងឯក TIFFY SUPER FIGHT