លោក ហ៊ន់ សុរចនា៖ “​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជំពាក់​បំណុល”​

លោក ហ៊ន់ សុរចនា៖ “​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជំពាក់​បំណុល”​

ការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​មុន​ផ្ដល់​​ប្រាក់​កម្ចី គឺ​ជា​គោលការណ៍​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុន្តែ​ពេល​ខ្លះ​កា​ផ្ដល់​នេះ​បាន​ធ្វើ​ឱ្យ​​ពលរដ្ឋ​មួយ​ចំនួន​ជួប​ការលំបាក បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង តាម​រយៈ​ការ​រឹបអូស ឬ​ ត្រូវ​ធ្វើការ​រកស៊ី​បង់​រំលោះ​ជាដើម។

 

លោក ហ៊ន់ សុរចនា៖ “​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជំពាក់​បំណុល”​

 
លោក សន ជ័យ តំណាង​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​​ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មាន​កំណើន ហើយ​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ គឺ​ជា​រឿង​ល្អ​ប្រសើរ​ ប៉ុន្តែ​អ្នក​ផ្ដល់​កម្ចី​​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​អតិថិជន​របស់​ខ្លួន​ ​ជា​អតិថិជន​ប្រភេទ​ណា ហើយ​ពួកគេ​យក​ប្រាក់​កម្ចី​ទៅ​ធ្វើ​អ្វីឱ្យប្រាកដ បើ​មិន​ដូច្នេះ​​ទេ​កូន​បំណុល​នឹង​ជួប​ហានិភ័យ​កាន់​តែ​ខ្ពស់​។

 

“សូម​គិត​ថា ធនាគារ មីក្រូហិរញ្ញវត្ថុ ជា​អាវុធ​មុខ​ពីរ ធ្វើ​ឱ្យ​អ្នក​ខ្ចី​រីកចម្រើន និង​ធ្វើ​ឱ្យ​អ្នកខ្ចី​កាន់​តែ​ក្រ។ អ្នក​ខ្លះ​មាន​​ចំណេះ​ដឹង​ទាប មិន​​មាន​គម្រោង​អាជីវកម្ម ឬ​គ្រប់គ្រង​លុយ​ច្បាស់​លាស់ ប្រើ​លុយ​មិន​បាន​ត្រឹមត្រូវ ខ្ចី​លុយ​ព្យាបាល​ជំងឺ​ជាដើម គឺ​គាត់​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់ ហើយ​អ្នក​ខ្លះ​ទៀត​នោះ ខ្ចី​លុយ​ទិញ​ឡាន ម៉ូតូ​ទំនើប រហូត​​ដាក់​ប្លង់​ផ្ទះ​ ខ្ញុំ​គិត​ថា​បើ​អាច​ជៀស​បាន​គួរ​តែ​ជៀស និង​ គួរ​ជៀសវាង​ការ​ខ្ចី​លុយ ទិញ​អ្វី​មិន​ចាំបាច់”។

 

ទោះបីជា​យ៉ាងណា លោក​គាំទ្រ​ចំពោះ​​កម្ចី​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​រីកចម្រើន។ លោក​ថ្លែង​ថា ជា​ចំណុច​ល្អ​ប្រសើរ បើ​​រដ្ឋាភិបាលអង្គុយ​ជជែក​ជាមួយ​ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ដឹង​ពី​ការប្រើប្រាស់​លុយ​របស់​អតិថិជន ថា​តើ​ពួកគេ​មាន​ចំណេះដឹង មាន​ជំនាញ​គ្រប់គ្រង​លុយ បាន​​ត្រឹម​ត្រូវ​ដែរ​ឬទេ។ ​បើ​រក​ឃើញ​ថា អ្វី​ជា​កង្វល់ និង​បញ្ហា​ប្រឈម ​រដ្ឋាភិបាលរួម​ទាំង​អ្នក​វិនិយោគ ត្រូវ​តែ​ច្បាស់ និងពិភាក្សា​គ្នាឱ្យ​​មាន​តម្លាភាព ដើម្បី​បង្ហាញ​ពី​ “ទំនួលខុសត្រូវ​សេដ្ឋកិច្ច​សង្គម (ESR)”។ បើ​ក្រុមហ៊ុន​គិត​តែ​ពី​ការប្រាក់ គិត​តែ​ផល​ប្រយោជន៍​ខ្លួន មិន​ខ្វល់​ចំណុច​នេះ មិន​មែន​ជា​រឿង​ល្អ​ សម្រាប់​ប្រជាជន​ ​​ប្រទេស​ជាតិ​ឡើយ និង​ បាន​រំលោភ​លើ​ទំនួល​ខុសត្រូវ​​សេដ្ឋកិច្ច​សង្គម។

 

ចំណែក​​លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ​មានប្រសាសន៍​​ថា វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ភាព​រីកចម្រើនជា​ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​លោក​មាន​គំនិត​វិជ្ជមាន​លើ​វិស័យ​មួយ​នេះ។

 

លោក ហ៊ន់ សុរចនា៖ “​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជំពាក់​បំណុល”​

 

​“អាច​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះការលើកឡើង តែ​ចំ​ពោះ​ខ្ញុំ​ខ្លួន​ឯង ខ្ញុំ​មាន​ទស្សនៈ​វិជ្ជមាន​ថា ខ្ញុំ​មិន​​បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ពួកគាត់​បង្កើន​បំណុល​ខ្លួន​ឯង​នោះ​ទេ ពួក​យើង​ទាំង​អស់​គ្នា ទាំង​ខ្ញុំ​ខ្លួន​ឯង​ជា​ថ្នាក់​ដឹកនាំ ​​ទាំង​ក្រុម​ទាំង​អស់​គ្នា ហើយ​នឹង​​បុគ្គលិក​ទូទៅ​​ទាំងអស់​ ដែល​កាន់​ជំនាញ​ផ្នែក​ផ្ដល់​​ហ្នឹង គឺ​យើង​តាំង​ចិត្ត​ថា បើ​យើង​មិន​ជួយ​​ផ្ដល់​ដំណោះស្រាយ​ជូន​គាត់​ទេ យើង​មិន​បន្ថែម​​បន្ទុក​ជូន​គាត់​ទេ។ ដូច្នេះ​តាម​ចម្លើយ​របស់​ខ្ញុំ គាត់​នឹង​មិន​មាន​កើន​បំណុល​នោះ​ទេ។ យើង​ផ្ដល់​​ជា​ដំណោះស្រាយ មុន​នឹង​យើង​ផ្ដល់​ឥណទាន​ជូន​គាត់ បើ​មើល​ឃើញ​ថា ​គាត់​មាន​បញ្ញា យើង​ក៏​មិន​ផ្ដល់​ជូន​ដែរ មាន​ន័យ​ថា ជា​ដំណោះស្រាយ”។ នេះ​ជា​ការ​លើក​ឡើង​របស់ ហ៊ន់ សុរចនា ក្នុង​ពិធី​បើក​យុទ្ធនា​ការណ៍​ផ្សព្វផ្សាយ ផលិតផល​សេវាកម្ម​ជា​សាធារណៈនៃ​គ្រឹះស្ថាន​របស់លោក នា​ប៉ុន្មាន​ម៉ោង​មុន​នេះ។

 

លោក​បន្ត​ថា ប្រទេស​នានា​លើ​ពិភពលោក យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​វិស័យ​មួយ​នេះ។ ​ការ​ផ្ដល់​ជូន​សេវា​ហិរញ្ញវត្ថុ​មូលដ្ឋាន ក្នុង​តម្លៃ​ទាប​សមរម្យ ដល់​ឧស្សាហកម្ម​ធុន​តូច មធ្យម ក្រុមហ៊ុន សហគ្រាស​ទូទៅ​ទាំងអស់ ជា​កត្តា​ចាំបាច់​សម្រាប់​ប្រជាជន ដែល​ត្រូវការ​ហិរញ្ញវត្ថុ ទុក​ជា​ទុន​បង្កើត​ឱកាស​ធ្វើ​អាជីវកម្ម។ មិន​តែ​ប៉ុណ្ណោះវិស័យ​នេះ​​ មាន​តួនាទី​សំខាន់ក្នុង​ការ​គាំទ្រ ​កំណើន​សេដ្ឋកិច្ច ពោល​គឺ​​ជួយ​កាត់​បន្ថយ​គំលាត​រវាង​ អ្នក​មាននិង​អ្នកក្រ កាត់​បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ បង្កើន​សុខុមាលភាព និង​ស្ថិរភាព​សង្គម។ ម្យ៉ាងទៀត​​វិស័យ​នេះ​ អាច​ទាក់ទាញវិនិយោគិន​បរទេស​ មក​កាន់​ប្រទេស​កម្ពុជាកាន់​តែ​ច្រើន ហើយ​ការវិនិយោគ​ទាំងនោះ ​នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

 

លោក​បន្ត​ថា ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុក្នុង​ប្រទេស​​កម្ពុជា មាន​ការ​រីកចម្រើន​ជា​លំដាប់ ហើយ​នឹង​​​បន្ត​នា​ពេល​អនាគត ព្រោះ​បច្ចុប្បន្ន​​ កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ហើយ​បើ​យោង​តាម​របាយការណ៍​ថ្មី របស់​ធនាគារ​ពិភពលោក កម្ពុជា​មាន​​ចំណាត់​ថ្នាក់​ល្អ​លើ​វិស័យ​ធុរកិច្ច៕

 

លោក ហ៊ន់ សុរចនា៖ “​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជំពាក់​បំណុល”​

 

 

ចុចអាន៖ គម្រោង​ខុនដូ​​​​​​​​​​​​​តម្លៃ ៣០ លាន​ដុល្លារ បើក​​សម្ពោធ​ផ្លូវការ​ហើយ

ចុចអាន៖ ជឿ​ថា​ មាន “ក្រយៅ​ខ្មោច​លង” អត់?

 

 

អត្ថបទ៖ អុំ សុភក្តិ