​សមត្ថកិច្ច​​ចម្រុះ​ចុះ​ត្រួតពិនិត្យ​រថយន្ត​​ពាក់​​ស្លាក​ ខ​.​ម​ និង ន​.​ប ​

​ខេត្តបន្ទាយមានជ័យ ​៖ ​កាលពី​ថ្ងៃ​ទី​១​ វិច្ឆិកា ​២០១៥ ម្សិលមិញ​នេះ ​កម្លាំង​នគរបាល​ចរាចរ​ខេត្ត​ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​​ សរុប​​ចំនួន​២០​រូប​ ​ចុះ​ប្រតិ​បត្តិ​ការ​ត្រួត​ពិនិត្យ​លើ​រថយន្ត​ដែល​ពា​ក់​​ស្លាក​ ​ខ.ម និង​ន​.​ប ​ព្រម​ទាំង​លោហ្គោដាក់​មុខ​រថយន្ត នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងលិច​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​។​

​ក្នុង​ប្រតិបត្តិការនេះ​ដែរ ក៏​មាន​វត្ថរ​មាន​លោក​ឧត្តមសេនីយ៍ត្រី ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ​និង​លោក​ឧត្តមសេនីយ៍ត្រី​ ឱ បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អញ្ជើញ​ពិនិត្យ​មើល​ពី​សកម្មភាព​នៃ​កិច្ច​ប្រតិបត្តិការ​របស់​កងកម្លាំង​ទាំង​២​ខាង​លើ​នេះ​ ​។

លោក​​ ​អាត់ ខែ​ម ​បាន​មាន​ប្រសាសន៍​ថា​​ អនុវត្ត​តាម​បទបញ្ជា​របស់​​លោក​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ ​កម្លាំង​នគរបាល​ខេត្ត​​ចុះ​ត្រួតពិនិត្យ​លើ​រថយន្ត​ដែល​​ពាក់​​ស្លាក​​ ន​.​ប ​​តើមាន​ឯកសារ​ និង​លិខិត​បទដ្ឋាន​ត្រឹមត្រូវ​ឬ​អត់​ ។

​លោក​​ ឱ បូ​រិ​ន្ទ ​ក៏​មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា​​ ​ដោយ​អនុវត្ត​តាម​បទបញ្ជារបស់​​លោកនាយ​ឧត្តមសេនីយ៍​ សៅ សុខា មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក៏​ដូច​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ កងកម្លាំង​កង​រាជ​អាវុធហត្ថ​​​ខេត្ត​ ​សហការ​ជាមួយ​កម្លាំង​នគរបាល​​ខេត្ត​​ ចុះ​ត្រួតពិនិត្យ​លើ​មធ្យោបាយ​យានយន្ត​ដែល​ពាក់​ស្លាក​ ​ខ​.​ម ដែល​គ្មាន​លិ​ខិត​​ត្រឹមត្រូវ​នោះ​ផង​ដែរ ​។

ក្នុង​កិច្ច​​សហប្រតិប​ត្តិ​ការ​នេះ​​ដែរ ​កម្លាំង​ចម្រុះ​​ត្រួតពិនិត្យ​លើ​រថយន្ត​ពាក់​ស្លាក​​ ខ​.​ម ​​ចំនួន​២​គ្រឿង​ ​លោ​ហ្គោ​កងរាជអាវុធហត្ថ​ចំនួន​៧​គ្រឿង​ ​លោក​ហ្គោ​កងទ័ពជើងគោក​ចំនួន​២​គ្រឿង​ ​លោ​ហ្គោ​អគ្គស្នងការ​នគរបាល​ជាតិ​១គ្រឿង​ ​លោ​ហ្គោ​ក្រសួងមហាផ្ទៃ​២​គ្រឿង​ ​បក​ស្គុ​ត​ខ្មៅ​ចេញពី​រថយន្ត​២៣​គ្រឿង​ និង​រថយន្ត​ផ្ទុកទំនិញ​សំពីងសំពោង​ដាក់​លើ​គូថ​រថយន្ត​ឲ្យ​រើ​ចុះ​ចំនួន​៥​គ្រឿង​ផង​ដែរ​ ៕