អធិការ​នគរបាល​ក្រុង​សៀម​រាប​បង្ក្រាប​មេ​ឆ្នោត​ដុះ​ស្លែ​៦​នាក់​ និង​វត្ថុ​តាង​បញ្ជូនទៅ​តុលាការ

ខេត្តសៀមរាប ៖ ទីតាំង​ផ្សារ​ភ្នំ​ក្រោម​បង្កប់​ល្បែងស៊ីសងប្រភេទ​ឆ្នោត​(​កន្ទុយលេខ​)​ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប បង្ក្រាប​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​៤នាក់​ និង​អ្នក​ចាក់​​​២​នាក់​ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន បញ្ជូន​មកអធិការ​នគរបាល​ក្រុង​សៀមរាប​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ខុសច្បាប់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​០១ វិច្ឆិកា​ ២០១៥​ ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​ភ្នំ​ក្រោម ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

លោក​អនុសេនីយ៍ឯក នួន ស័​ក្ត​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ វិច្ឆិការ​នេះ​ថា ដោយ​យោង​តាម​បទបញ្ជា​ពី​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ដាក់​បទបញ្ជា​ឱ្យ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​អ្នកលេង​ល្បែង​ល្មើសច្បាប់ ​និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី​ ស្នងការ​នគរបាល​ខេត្ត ទើប​ឈាន​ដល់​ការ​បង្ក្រាប​ល្បែងស៊ីសង​ឆ្នោត​(​កន្ទុយលេខ​)​ខាងលើ​។

​បច្ចុប្បន្ន​មេ​ឆ្នោត​(​កន្ទុយលេខ​)​ទាំង​៤​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​​ដើម្បី​អនុវត្ត​តាម​ច្បាប់​៕​​