ប្រជាពលរដ្ឋ​ស្រុក​គិរីសាគរ ខេត្តកោះកុង នៅតែ​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន ឆក់​ប្លន់​ដីធ្លី​

​សំណុំរឿង​ក្រុមហ៊ុន​ចិន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីសាគរ និង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង មិនទាន់​ត្រូវបាន​អាជ្ញាធរ​ខេត្តកោះកុង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​រួចរាល់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បាននាំគ្នា​ប៉ោះ​តង់​ស្នាក់​នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​សំណង​ដល់​ពួកគាត់​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​បោះតង់​ក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ច្រើន​ថ្ងៃ​ហើយ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ផ្ដល់​សំណង​ដល់​ពួកគាត់​។

តាម​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ចិន​បាន​ឲ្យ​ដឹងថា ទំនាស់​ដីធ្លី​នៅ​ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ជាង​២០០០​ហិកតា គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ផលដំណាំ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ដើម្បី​បង្ខំ​ឲ្យ​ចាកចេញ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​តស៊ូ​ទាមទារ​សំណង​សមស្រប​។ អាជ្ញាធរ​ខេត្តកោះកុង ដែលមាន​លោក ប៊ុន លើ​ត ជា​អភិបាលខេត្ត មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ទើប​ប្រច​ជា​ពលរដ្ឋ​នាំគ្នា​តវ៉ា​រហូតមកដល់​ពេលនេះ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​នេះ​មាន​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់ បាន​ចេញមុខ​សម្របសម្រួល​ដោះស្រាយ​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ដោយបាន​ចុះ​ស្រង​ស្ថិតិ​ប្រជាពលរដ្ឋ ប៉ុន្តែ​ជាក់ស្ដែង​មិនទាន់មាន​ការដោះស្រាយ​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​មក​បោះតង់​ស្នាក់​នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន រង់ចាំ​ដំណោះស្រាយ​តាំងពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស ហើយ​ត្រូវ​អនុវត្តន៍​តាម​គោលនយោបាយ​ស្បែក​ខ្លា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដីធ្លី​ពួកគាត់​តទៅទៀត​៕

art32.1លោក ប៊ុន លើត អភិបាលខេត្តកោះកុង 59