ល្បែងភ្នាល់​បាល់​តាម​អីុន​ធើ​រ​ណេ​ត និង​កន្ទុយលេខ​កំពុង​ពេញ​និយម ប៉ូលិស​ប៉ោយ​ប៉ែ​ត​អត់​ហ៊ាន​ក្អក​ជាមួយ​ប៉េ​អឹ​ម

ក្រុង​ប៉ោយ​ប៉ែ​ត ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឱ្យ​ដឹង​ថា ល្បែង​កន្ទុយលេខ និង​ភ្នាល់​បាល់​តាម​អី​ុ​ន​ធើ​រ​ណេ​ត​កំពុង​កក្រើក​ឡើង​វិញ និង​ពេញ​និយម ត្រូវ​បាន​គេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​របៀប​អនាធិបតេយ្យ​បំផុត នៅ​ក្នុង​អាណាចក្រ​ជាយ​ដែនកម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​គ្មាន​អស់លោក​សមត្ថកិច្ច​ណាមួយ​ចាត់វិធានការ​បង្ក្រាប​ឡើយ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា  បន​ល្បែងភ្នាល់​បាល់​តាម​អី​ុ​ន​ធើ​រ​ណេ​ត​បើក​លេង​ជា​ច្រើន​កន្លែង​មាន​ដូច​ជា ទី​១- ៩៩net នៅ​ខាងត្បូង​ផ្សារ​ត្រី ទល់មុខ​ហាង​លក់​ទូរស័ព្ទ (​យីហោ​ប៉េង​អាន​) ទី​២-(​យីហោ​EN JOY ៧៨៩ net ) ជាប់​ហាង​នំ​បុ័ង ផ្លូវ​ដើម​ពុទ្រា , ទី​៣-​នៅ​ពី​ខាងត្បូង​បា​រ៉ា​ស់​នគរបាល​អន្តោប្រវេសន៍ ផ្លូវ​ច្រក​ដើម​ពុទ្រា​ចម្ងាយ​៥០​ម៉ែត្រ និង​ទី​៤-​នៅផ្ទះ​ជួល​របស់​លោក​ទ្រី ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​ប្លុក​ផ្កាយ​3 ។ ចំណែក​ឆ្នោត (​កន្ទុយលេខ​) វិញ ត្រូវ​បាន​គេ​បើក​លេង​ជា​ចំហ​តែ​ម្តង ពួក​គេ​ជា​មេបន បាន​ពង្រាយ​ឲ្យ​កូនកញ្ច្រែង​ដាក់​តុ តាំ​លក់​តាម​ផ្ទះ និង​តាម​ទីផ្សារ មួយ​ចំនួន​របៀប​អនាធិបតេយ្យ​តែ​ម្តង ។

កន្លង​មក​បទល្មើស​ទាំងអស់​ខាងលើ​នេះ ត្រូវ​បាន​កងកម្លាំង​ប៉ូលិស ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​វរសេនីយ៍ឯក សិ​ទ្ឋ ឡោះ ស្នងការ​រង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​បង្ក្រាប​ជា​រឿយ​ៗ​ផង​ដែរ តែ​បទល្មើស​ទាំងអស់​នេះ គឺ​ពួក​គេ​បង្ក្រាប​បាន​តែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ត្រូវ​បាន​ក្រុម​មេបន​ទាំងនោះ បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដដែល ។ ដោយសារ​ប្រភព​អះអាង​ថា មាន​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បើក​បន​ល្បែងស៊ីសង​ទាំងនេះ ។

ជុំវិញ​បញ្ហា​បទល្មើស​ដែល​កើត​មាន​បន​ល្បែងស៊ីសង​ពា​លា​អាវ៉ាសែ​ខុសច្បាប់​របៀប​អនាធិបតេយ្យ​បែប​នេះ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អស់លោក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២ វិ​ច្ឆ​កា នេះ ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ជា​ថ្នាក់ដឹកនាំ​ក្រុង ខេត្ត ដូច​ជា លោក​គោ ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ ជា​មេបញ្ជាការ​គណៈកម្មការ​ឯកភាព លោក​អាត់ ខែ​ម ស្នងការ​ខេត្ត និង​លោក ឱ បូ​រិ​ន មេបញ្ជាការ អាវុធហត្ថ​ខេត្ត ជួយ​ចាត់វិធានការ បង្ក្រាប​នូវ​បទល្មើស​ទាំងអស់​ដែល​កើត​មាននៅ​ក្នុង​តំបន់​នេះ ឲ្យ​បាន​ទាន់​ពេលវេលា​ផង ដើម្បី​ឲ្យ​ពួក​គាត់​ជា​ពលរដ្ឋ រស់នៅ​ប្រកបដោយ​សន្តិសុខ និង​សុវត្ថិភាព​ឲ្យ​ស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ទៅ​ថ្ងៃ​អនាគត ៕