Van Gaal បារម្ភ​ចំពោះ​កីឡាករ​រក​គ្រាប់​បាល់​អត់​បាន

លោក Louis van Gaal បាន​សម្តែង​នូវ​ក្តីបារម្ភ​ចំពោះ​ការ​បន្ត ភាព​បរាជ័យ​មិនអាច​រក​គ្រាប់​បាល់​បាន​នៅ​មុខ​ទី​គូរ​ប្រកួត របស់​ក្រុម​បិសាច​ក្រហម Manchester United ខណៈដែល​លោក​បាន​ព្រមាន​ថា ពួកគេ​ត្រូវ​បញ្ចប់ បញ្ហា​នេះ​ឲ្យ​បាន ពេល​ប៉ះ​ជាមួយ CSKA Moscow នៅ​សប្តាហ៍​នេះ។

Van-Gaal

United បាន​បរាជ័យ មិនអាច​រក​គ្រាប់​បាល់​បាន បី​ប្រកួតផ្ទួនៗគ្នា ខណៈ​បន្ត ស្មើ​ជាមួយ Crystal Palace នៅ Selhurst កាលពី​ចុង​សប្តាហ៍​មុន។

Van Gaal សារភាពថា ក្រុម​លោក​ស្ថិតក្នុង​លំដាប់​ល្អ​លេខ​ពីរ និង​បាន​ទទូចថា ពួកគេ​នឹង​ត្រលប់​មកវិញ ក្នុង Champion League នៅក្នុង​ទឹកដី​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ខាងមុខនេះ។

លោក​និយាយថា «ពិតណាស់ ខ្ញុំ​មាន​ក្តីបារម្ភ​ចំពោះ​ការខ្វះ​គ្រាប់​បាល់ ប៉ុន្តែ​បច្ចុប្បន្ន នៅពេលដែល​មិនអាច​បង្កើត​ឳ​កាស​បាន ខ្ញុំ​ក៏​មិន​បន្ទោស​រឿង​ហ្នឹង​ដែរ»។

ប៉ុន្តែ​លោក​បាន​បដិសេធថា ទម្រង់​លេង​បច្ចុប្បន្នកំពុង​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​កីឡាករ​លោក។ លោក​ថ្លែង​ថា «វា​អាច​ផ្លាស់ប្តូរ​ក្នុង​ប្រកួត និង​ចាំមើល​ពួកយើង​ជាមួយ CSKA សិន ពីព្រោះ​ពួកយើង​ត្រូវការ​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ បន្ទាប់មក យើង​នឹង​ជជែក​គ្នា​រឿង​ផ្សេង​វិញ»៕