វឌ្ឍនាកា ជួយបឹងកេត ផ្តួលឡាវ ខណៈ ស៊ូ យ៉ាទី ក្លាយជា Man of the Match

​ក្រុម​បឹង​កេតអង្គរ​របស់​កម្ពុជា ​​ធ្វើបាន​​យ៉ាង​ល្អ​បំផុត ដើម្បី​ផ្តល់​ការ​ខក​ចិត្ត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Lao Toyota FC របស់​ឡាវ ក្នុង​ការ​ប្រកួត​ជម្រុះ​បឋម​ក្នុង​ពាន​រង្វាន់​​ Toyota Mekong Club Championship 2015 នៅ​លើ​ទីលាន Chao Anouvong ក្នុង​ទីក្រុង​វៀងចន្ទន៍ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ។
mm4
នៅ​ក្នុង​​ការ​ប្រកួត​ប្រជែង ដើម្បី​រក​កៅ​អី​ឡើង​ទៅជួប​ក្រុម​វៀតណាម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ក្រុម​បឹង​កេតអង្គរ បាន​យក​ឈ្នះ​លើ​ក្រុម Lao Toyota ក្នុង​លទ្ធ​ផល ២-០ ដែល​គ្រាប់បាល់​ទាំង​២​នេះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ទេព​កោសល្យ ចាន់ វឌ្ឍនាកា នៅ​នាទីទី​៤៤ និង​នាទីទី​៨៨។
mm5
​ក្រុម​បឹង​កេតអង្គរ និង Lao Toyota FC បាន​ធ្វើ​ការ​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត ហើយ​ក្រុម​ទាំង​២​មាន​ឱកាស​វាយ​សម្រុក​ទៅ​លើ​តំបន់​សុវត្ថិភាព​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ឱកាស​របស់ Lao Toyota FC ភាគ​ច្រើន​ត្រូវ​បាន​បំផ្លាញ​ដោយ​អ្នក​ចាំ​ទី​ដៃ​ស្អិត ស៊ូ យ៉ាទី ហើយ​ការ​ជួយ​សង្រ្គោះ​គ្រាប់​បាល់​បាន​ជា​បន្ត​បន្ទាប់​នេះ ស៊ូ យ៉ាទី ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត Toyota Mekong Club Championship 2015 ជ្រើស​រើស ស៊ូ យ៉ាទី របស់​បឹង​កេតជា Man of The Match នៅ​ក្នុង​ការ​ប្រកួត​នេះ ព្រម​ទាំង​បាន​ផ្តល់​ទឹក​ប្រាក់​ចំនួន​១ពាន់​ដុល្លារ​ឲ្យ ស៊ូ យ៉ាទី ទៀត​ផង។

ការ​ដណ្តើម​បាន​៣ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ Lao Toyota FC កាល​ពី​ថ្ងៃ​អាទិត្យ​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​បឹង​កេតអង្គរ មាន​សង្ឃឹម​កាន់​តែ​ខ្ពស់ ដើម្បីត្រៀម​ស្វាគមន៍​ជួប​ក្រុម Yangon United របស់​មីយ៉ាន់ម៉ា នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ខាង​មុខ៕