ប្រធាន រោងម៉ាស៊ីន កិនស្រូវខ្មែរហ្វូត គាំទ្រចំណាត់ការ រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដាក់កំាកុងត្រូល តាមច្រកព្រំដែន

ភ្នំពេញ៖ ប្រធានរោងម៉ាស៊ីន កិនស្រូវខ្មែរហ្វូត លោក គឹម សាវុធ និងសមាជិកសហព័ន្ធស្រូវអង្ករខ្មែរ បានគំាទ្រចំពោះចំណាត់ការ របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលដាក់កំាកុងត្រូលតាមច្រកព្រំដែន ដើម្បីពិនិត្យតាមដាន ករណីលួចបន្លំលាយអង្ករបរទេស ជាមួយអង្ករខ្មែរ។

ក្នុងបទសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក គឹម សាវុធ ប្រធានរោងម៉ាស៊ីនកិន ស្រូវខ្មែរហ្វូត ក្រៅតែពីការគំាទ្រ ចំពោះចំណាត់ការបស់លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏អំពាវនាវផងដែរ ចំពោះរាជរដ្ឋាភិបាល គួរធ្វើយ៉ាងណា តម្រូវឲ្យអ្នករកស៊ីស្រូវអង្ករ ទំាងត្រូវតែមានវិញ្ញាបនប័ត្រ និងអាជ្ញាប័ណ្ណក្នុងការនាំអង្ករចូល ព្រោះដើម្បីឲ្យក្រុមហ៊ុនទំាងនោះ ធនាបាននូវគុណភាពអង្ករ មិនបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោក គឹម សាវុធ បានមានប្រសាសន៍ថា “ការដាក់កំាកុងត្រូលតាមព្រំដែន ខ្ញុំគំាទ្រ ប៉ុន្តែពិបាកបន្តិច ព្រោះអ្នកនាំចូលខ្លះ មិនបាននាំចូល តាមច្រក ដែលមាកំាកុងត្រូលនោះទេ គឺនាំចូលតាមច្រកដែលគ្មានកំាកុងត្រូល ដែលមានតែគយ ឬមន្ត្រីផ្សេង ករណីនេះប្រសិនបើអាច កម្ពុជាគួនិងមានបទបញ្ញាត្តិ ដូចប្រទេសអាស៊ានផ្សេងទៀតដែរ ៨ប្រទេស ៩ប្រទេសក្រៅពីកម្ពុជា មុននិងនាំចូលអង្គការ រដ្ឋាភិបាលគេ តម្រូវឲ្យអ្នកនាំចូល ត្រូវសុំច្បាប់អនុញ្ញាត្តិនាំចូលជាមុន”។

លោកថា តួយ៉ាងនៅកម្ពុជាមុននឹងនាំជីចូល ត្រូវសុំច្បាប់នាំចូលពីក្រសួងកសិកម្ម ការសុំអាជ្ញាប័ណ្ណនាំចូលវាជាការល្អ ទោះជាមាត់ច្រកណា ដែលអត់កាំកុងត្រូល ក៏អ្នកនាំចូលត្រូវមានអាជ្ញាប័ណ្ណ ដើម្បីគ្រប់គ្រងចំនួននាំចូល ជាវិធីល្អបំផុតសម្រាប់កម្ពុជា។

ប្រធានរោងម៉ាស៊ីនកិនស្រូវខ្មែរហ្វូត បញ្ជាក់ថា “ខ្ញុំឃើញអ្នកនាំចូលមួយចំនួន ហាក់ដូចជាមិនទាន់បានគិត អំពីសុវត្ថិភាពម្ហូបអាហារនោះទេ អីចឹងសុំឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ដែលជាក្រសួងជំនាញ តម្រូវឲ្យអ្នកនាំចូលត្រូវមាន SPS ខ្មែរថា គុណភាពអនាម័យ អ្នកលក់ត្រូវមានវិញ្ញាបនប័ត្រ បញ្ជាក់អំពីគុណភាពអនាម័យថា អង្ករនេះអត់មានចម្លងរោគ នេះជាវិធីល្អមួយដែលទាក់ទង និងសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន សម្រាប់គុណភាពក៏សំខាន់ដែរ កំាកុងត្រូលជាអ្នកត្រួតពិនិត្យគុណភាព ព្រោះតាមខ្ញុំដឹងថា តាមមាត់ច្រកមួយចំនួនអង្ករ ដែលនាំចូលគឺថោក ជាងអង្ករកម្ពុជា ហើយអង្ករមួយចំនួនអត់ ស្របទៅតាមស្តង់ដារ ដែលអនុញ្ញាត្តិឲ្យទទួលទាន និងការធ្វើជំនួញឆ្លងដែរនោះទេ”។

បើតាមលោក គឹម សាវុធ ថាតាមច្បាប់ អង្ករសំណើមដែលអាចអនុញ្ញាត ឲ្យឆ្លងដែនបានទាល់តែក្រោម១៤% ប៉ុន្តែអង្ករមួយចំនួនដែល នាំយកមកលក់នៅកម្ពុជា ថោកដោយសារសំណើម១៥% ហើយអង្ករខ្លះ មានជាតិលោហៈធាតុធ្ងន់ ដូចជាអសីនិក ឬក៏សំណ ក្រៅពីលោកហៈធាតុធ្ងន់ និងសំណើមអង្ករ ក៏នៅមាន អាប្លាបុកស៊ីន ដែលបង្កឲ្យមានមហារីកថ្លើម នៅថ្ងៃខាងមុខ រួមនិងអង្ករ GMO តាមលោកដឹងពី World Bank ធ្លាប់ជួបមួយករណីអង្ករវៀតណាម មាន GMO ដែលគេឆែករកឃើញ។

សមាជិកសហព័ន្ធស្រូវអង្កររូបនេះ បានបញ្ជាក់ទៀតថា វិញ្ញាបនប័ត្រ និងអាជ្ញាប័ណ្ណនាំចូលនេះ គឺជាវិធានការ ឬរបាំងពាណិជ្ជកម្ម មិនមែនពន្ធគយ ដើម្បីការពារដល់ពាណិជ្ជករក្នុងស្រុក និងការពារសុវត្ថិភាព សុខភាពអ្នកបរិភោគ។

សមាជិកសហព័ន្ធស្រូវអង្កររូបនេះ បានបញ្ជាក់ទៀតថា “តាមទម្លាប់ដែលខ្ញុំដឹង២១ឆ្នាំមកហើយ តាមទម្លាប់នៅខែ១០ ខែ១១ យើងចាប់ផ្តើម នាំអង្ករពីវៀតណាម និងពីថៃ ដោយសារតែកម្ពុជាយើង អត់មានឃ្លាំងធំសម្រាប់ស្តក់ស្រូវនោះទេ យើងលក់ទៅលើទៅក្រោមអស់ ខែ១០ ខែ១១ យើងខ្វះអង្ករ យើងត្រូវនាំចូលសម្រាប់ទទួលទាន ដោយឡែកនៅក្នុងឆ្នាំនេះ គឺមានការនំាចូលតាំងពីចុងខែ១ មិនមែនកម្ពុជាយើង ខ្វះស្រូវនោះទេ តែជាការប្រកួតប្រជែងទីផ្សារ ដែលកាលពី១០ ឬ២០ ឆ្នាំមុខ គ្រាន់តែនាំមកលក់ផ្គត់ផ្គង់ក្នុងស្រុក តែឥឡូវនេះដោយសារ តែការប្រកួតប្រជែងតម្លៃ ធ្វើឲ្យការនាំចេញពីប្រទេសជិតខាង ជាពិសេសពីវៀតណាម ពីថៃដឹកយកមកលក់ឲ្យកម្ពុជា តំាងពីខែ១ ខែ២។

លោកបានបញ្ជាក់បន្ថែមទៀតថា ការនាំចូលអង្ករពីប្រទេសជិតខាងតំាងពីខែ១ ខែ២ នេះក៏ដោយសារតែរកម្ពុជា បានទទួលការអនុគ្រោះ ឲ្យនាំអង្ករចេញទៅប្រទេសចិន សហគមន៍អឺរ៉ុប កម្ពុជាមានប្រៀបជាងប្រទេស ២ផ្សេងទៀត អីចឹងឈ្មួញនាំចូលលក់ក្នុងស្រុកខ្លះ បន្លំនាំចេញលក់ក្រៅស្រុកខ្លះដោយដាក់ឈ្មោះអង្ករខ្មែរ ។

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ងផងដែរថា ច្រកដែលនាំអង្ករចូលច្រើនជាងគេ គឺច្រកតាកែវ និងខេត្តព្រៃវែង តាមការប៉ាន់ស្មាន តាមរយៈ អ្នកសេដ្ឋកិច្ចម្នាក់ថា ការនាំចូលក្នុងខែ៨ មានប្រហែល ៧០ម៉ឺនតោន (តួលេខនេះមិនដឹងពិតឬមិនពិតនោះទេ) ការនាំចូលប្រសិនបើ នាំចូលរាប់រយតោន គឺចូលតាមច្រកផ្លូវការ ប៉ុន្តែបើនាំចូលត្រឹមតែ ៤ ទៅ៥តោន គឺចូលតាមច្រករបៀង។ ការនាំចូលរបៀបនេះ បានធ្វើឲ្យ ម៉ាស៊ីនកិនស្រូវជាង ២០% បិទទ្វាជាស្ថាពរ ប្រកាសថា ឈប់មានប្រហែល ៥% ហើយឈប់ដោយសន្តិវិធី មានប្រហែល១០ម៉ាស៊ីនកិនស្រូវ ហើយក្រៅពីនេះការកិនរបស់គាត់ មានការថយចុះជាងឆ្នាំមុនៗ។

លោក គឹម សាវុធ សង្កត់ធ្ងន់ថា អ្វីដែលខាងសមាគមនស្រូវអង្ករប្រឹងប្រែងធ្វើ គឺបញ្ចុះបញ្ចូលសមាជិកកុំឲ្យទទួលមុខជំនួញណា ដែលមិនស្របច្បាប់ ដើម្បីការពារឈ្មោះសហព័ន្ធស្រូវអង្ករ ហើយក៏បានអំពាវនាវទៅរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសុំឲ្យ រឹតបន្តឹងពីការបង់ពន្ធឲ្យបានត្រឹមត្រូវ ប៉ុន្តែអ្នករកស៊ីអង្ករផ្សេង ក្រៅពីសមាគមនប្រហែលគេមិនគោរពនោះទេ ព្រោះរឿងប្រាក់ចំណេញ ប៉ុន្តែសមាជិកសហព័ន្ធស្រូវអង្ក គេគោរពទំាងអស់គ្នា វិធានការដែលល្អនោះ គឺរាជរដ្ឋាភិបាលគួតម្រូវ ឲ្យអ្នករកស៊ីអង្ករគួតែមាន អាជ្ញាប័ណ្ណនាំចូល និងវិញ្ញាបនប័ត្រ៕