ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦​នៅ​ខេត្ត​ព្រះ​សីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២ ​វិច្ឆិកា ២០១៥​ នេះ ​ស្ទើរ​តែ​គ្រប់​សាលា​​​​ទូទាំងខេត្ត​​ មាន​រៀបចំ​ប្រារ​ព្ធ​​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦ ​​​ដោយ​មាន​ការ​​ចូល​រួម​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន អាណាព្យាបាល លោក​គ្រួ​ អ្នក​គ្រួ ​និង​សិស្សានុសិស្សយ៉ាងច្រើន​កុះករ​​ ។ 

ជាក់ស្តែង​ នៅ​សាលា​បឋម​សិក្សា​ «អូខ៣​» ដែល​ជា​សាលា​​នៅ​​ដាច់​ត្រ​យា​​ល​ឆ្ងាយ​ពី​ទីរួមខេត្ត ​ត្រូវ​បាន​ប្រារ​ព្ធ​ធ្វើ​ពិធី​​ និង​​មានការ​ចែក​អំណោយ​​ដ៏​ថ្លៃថ្លា​របស់​​លោក ​កែ គឹម​​យ៉ា​ន ​ដល់​សិស្សានុសិស្ស ដែល​ភាគច្រើន​សុទ្ធ​​សឹង​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​ ជន​ចាស់ជរា​ ជន​ពិការ​ ​និងលោក​គ្រួ​ អ្នកគ្រូ​ ផង​ដែរ  ។

លោក​ មាន សេង​ហៃ ​តំណាង​​​ឱ្យ​លោក ​កែ គឹ​ម​យ៉ា​ន ​បាន​ឱ្យ​ដឹង​ថា ​សាលា​ «អូ​ខ​៣» នេះ​ គឺជា​សាលា​នៅ​ឆ្ងាយ​ពី​ទីរួមខេត្ត​ ពី​ទីប្រជុំជន ​ហើយ​សិស្ស​ភាគច្រើន​​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​ ចាប់ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦ ​មាន​សិស្ស​សរុប​ចំនួន​៨៦​នាក់ ​លោកគ្រូ​ អ្នកគ្រូ​៦​​រូប​ ។ លោក​បាន​បន្ត​​ថា ​​ហើយ​​អំណោយ​​​ដែល​ត្រូវ​ចែក​​ជូន​ ​ក្នុង​នោះ​សម្រាប់​សិស្ស​សរុប​ចំនួន​៨៦​នាក់​ បូក​ក្មេង​តូច​មិន​ទាន់​គ្រប់​អាយុ​​​​ដែល​​រស់នៅ​ក្នុងភូមិ​ក្បែ​រនេះសរុប​ចំនួន​១០២​នាក់ ​ក្នុង​ម្នាក់​ៗទទួល​បាន​សៀវភៅ ​ប៊ិក  ខ្មៅ​ដៃ​ ​និង​​ប្រាក់​​៥.០០០​រៀល ​មនុស្ស​ចាស់ជរា និងពិការ​សរុប១១​នាក់​ ​​ក្នុង​ម្នាក់​ៗទទួល​បាន​ក្រ​មា​១ ​សា​រុង​១ ​អង្ករ​២៥​គីឡូក្រាម ​និង​ប្រាក់​៥០.០០០​រៀល ​​ចំណែក​លោក​គ្រួ​ ​អ្នក​​គ្រួ​៦​រូប ​ក្នុង​​ម្នាក់ៗ​ទទួល​បាន​​ប្រាក់​៥០.០០០​រៀល​​ ​និង​ជូន​ដល់​សាលា​សម្រាប់​​ក​សាង​ចំនួន​៥០០.០០០​រៀល​ផង​ដែរ​ ៕                  ​