សិស្ស​ពូកែ​ជាង​៣​ពាន់​នាក់ក្នុងរាជធានីភ្នំពេញ ត្រូវ​​​អាជ្ញាធរ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​

រាជធានី​ភ្នំពេញ ៖ សិស្ស​ជាប់​បាក់​​ឌុ​ប​​និ​ន្ទេ​ស ​A និង​សិស្ស​ពូកែ​​ជាប់​ចំណាត់ថ្នាក់ពី​លេខ​១ ​ដល់​លេខ​៣ ពី​ថ្នាក់​៩​ ដល់​ថ្នាក់​ទី​១២​តាម​​គ្រឹះស្ថានសិក្សា​​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ សម្រាប់​ឆ្នាំ​២០១៥នេះ មាន​​ជាង​៣​ពាន់​​នាក់ ត្រូវ​​បាន​លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​​ បាន​ផ្តល់រ​ង្វ​ន់​ជា​ការ​លើកទឹក​ចិត្ត ​។​

ពិធី​ប្រគល់​រង្វាន់​នេះ​ ស្រប​នឹង​​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី ២០១៥-២០១៦ ដែល​​ធ្វើ​​ឡើង នៅ​វិទ្យាល័យ​ជា ស៊ី​ម​ បឹង​កេង កង កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៥ ដោយ​មានការអញ្ជើញ​​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ អា​ណា​ព្យា​​បាល​​សិស្ស និង​សិស្សា​នុ​សិស្ស​​យ៉ាង​​កុះករ ។

លោកប៉ា សុ​ជាតិ​វង្ស អភិ​បាល​​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅ​កាន់​​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​រាប់​ពាន់​​នាក់​ថា សម្រាប់​បវេសន​កាល​ឆ្នាំ​សិក្សា​២០១៥-២០១៦ គឺជា​ពេលវេលា​​ ដែល​យើង​ត្រូវ​សម្រិត​សម្រាំង​ហើយ​ចង់ឱ្យ​​មនុស្ស​ពិត ចំណេះវិជ្ជា​​ពិត និង​ការងារ​​ពិត ទើប​អាច​ឆ្លើយ​តប​​បានទៅ​ជាមួយ​នឹង​តម្រូវការ​អភិវឌ្ឍ​ន៍​​នៃ​​សង្គម ​។

មក​ដល់​ពេល​​នេះ គឺជា​ឆ្នាំ​ទី​១៥​​ហើយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​នូវ​អនុ​សាស​ន៍​ ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​សិស្ស​​ពូកែ​បើក​ទូលាយ​ឱ្យ​​មានការ​ប្រកួតប្រជែង​​លើ​ការងារ​រៀនសូត្រ​រហូត​ចេញ​ទៅ​ប្រឡង​នៅ​ថ្នាក់​តំបន់ និង​នៅ​លើ​ពិភព​លោក​ទៀត​ផង​​។

​លោក​បន្ត​ថា ផ្តើម​ចេញពី​ការ​លើក​ឡើង​នូវ​អនុ​សាស​ន៏​បែប​នេះ ពិតជា​មាន​ប្រសិទ្ធ​ភាព ដើម្បី​ឱ្យ​​សិស្ស​ខិតខំ​រៀនសូត្រ​យក​​ស្នាដៃ ព្រោះថា​ នេះ​​ជា​កម្លាំង​ច​​លករ​លើកទឹកចិត្ត ដើម្បី​បំផុស​ស្មារតី ដល់​គណនាយ​ក​​សាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក​​អប់រំ​​ទាំង​ក្នុង​ និង​ក្រៅ​​ប្រព័ន្ធ ក៏​ដូច​​ជា​មាតា បិតា​ អ​នា​ព្យាបាល​បាន​យល់​ផង​ដែរ ​។​​ដូច្នេះ​សូម​ឱ្យ​​ក្មួយ​ៗ​​ខិតខំ​ព្យាយាម​សិក្សា​បន្ត​ទៀត ដើម្បី​​ប្រទេស​ជាតិ​ទទួល​បាន​អ្នកមាន​ចំណេះដឹង​ពិត​ប្រាកដ​ជួយ​កសាង​ និង​អភិវឌ្ឍ​ន៏​ប្រទេស​ឱ្យ​​មានការ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​​ទៅ​អនាគត​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព