ធនាគារអភិវឌ្ឍន៍អាស៊ី និង​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​កម្មវិធី​ស្ត្រី ជា​អ្នកដឹកនាំ នៅ​អាស៊ី លើក​ទី​២

ភ្នំពេញ​: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការ​ជាមួយនឹង​ក្រសួង​កិច្ចការនារី កំពុង​រៀបចំ​ព្រឹត្តិការណ៍​កម្មវិធី​ស្ត្រី​ជា​អ្នកដឹកនាំ​នៅ​អាស៊ី (​ដែល​ហៅ​កាត់​ថា AWLP) លើក​ទី​២ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​២​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ជួយ​ដល់​ស្ត្រី​ដែលជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​អភិវឌ្ឍ​សក្តានុពល​របស់​ពួកគេ ដើម្បី​ក្លាយជា​អ្នកដឹកនាំ នាពេល​អនាគត​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​នៅ​ថ្ងៃ​២​ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា កម្មវិធី​ដែលមាន​រយៈពេល ៤ ថ្ងៃនេះ ធ្វើឡើង បន្ទាប់ពី​មានការ​រៀបចំ​ព្រឹត្តិការណ៍​បែបនេះ ជា​លើកដំបូង​ប្រកបដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន​។ ស្ត្រី​ដែលជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​សរុប​ចំនួន ២៥ នាក់ មកពី​ប្រទេស​ចំនួន ១៦ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ភាគច្រើន​មកពី​ក្រសួង​ហិរញ្ញវត្ថុ ផែនការ និង​ហេដ្ឋារចនាសម្ព័ន្ធ កំពុង​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​លោកស្រី Sonomi Tanaka ទីប្រឹក្សា​បច្ចេកទេសផ្នែក​សមធម៌​យេនឌ័រ នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការប្រែប្រួល​អាកាសធាតុ​របស់ ADB មានប្រសាសន៍ថា “​កម្មវិធី AWLP នេះ នឹង​រិះរក​មូលហេតុ ដែល​ស្ថិតនៅ​ពីក្រោយ “​ការកម្រ​ឃើញ​មាន​” ស្ត្រី​កាន់​មុខតំណែង​ជា​ថ្នាក់ដឹកនាំ ក្នុង​រដ្ឋបាល​សាធារណៈ នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច និង​ផ្តល់​ជា​ឧបករណ៍ និង​គំនិត ដើម្បី​ជួយ​ឲ្យ​ពួកគេ​ជំនះ​ឧបសគ្គ​នានា ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ ព្រឹត្តិការណ៍​នេះ រួមមាន ការកសាង​ទំនុកចិត្ត​ផ្ទាល់ខ្លួន ការបណ្តុះបណ្តាល​អំពី​ការប្រាស្រ័យ​ទាក់ទង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការចែករំលែក​បទពិសោធ​ន៍ ការបង្កើត​បណ្តាញ និង​ការបង្កើត​សម្ព័ន្ធភាព​”​។​

​របាយការណ៍​ស្តីពី​សមភាព​យេនឌ័រ ក្នុង​រដ្ឋបាល​សាធារណៈ​របស់ UNDP ឆ្នាំ​២០១៤ បាន​រកឃើញថា នៅក្នុង​សកលលោក​ទាំងមូល ស្ត្រី​កាន់​មុខតំណែង​ធ្វើ​សេចក្តីសម្រេចចិត្ត​តិចជាង ១៥​ភាគរយ ដោយ​ចំនួន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ជាទូទៅ​មាន​កម្រិត​ទាប​ជាង​ចំនួន​នៅ​ប្រទេស​អា​ហ្វ្រិ​ច​។ ក្នុងពេល​ជាមួយគ្នា ទិន្នន័យ ADB បង្ហាញថា ខណៈពេលដែល ៤០​ភាគរយ នៃ​កម្លាំង​ពលកម្ម​នៅ​អាស៊ី គឺជា​ស្ត្រី មាន​សមាជិក​គណៈ​គ្រប់គ្រង​តាម​ក្រុមហ៊ុន​ត្រឹមតែ ១៥​ភាគរយ​ប៉ុណ្ណោះ​ជា​ស្ត្រី ហើយ​ស្ទើរតែ​ពុំមាន​ស្ត្រី​សោះ​ក្នុង​ជួរ​អ្នកគ្រប់គ្រង ក្នុង​វិស័យ​ឧស្សាហកម្ម​
​ស្ត្រី​មួយចំនួន ដែលជា​ថ្នាក់ដឹកនាំ​កំពូល ក្នុង​តំបន់​នេះ នឹង​ធ្វើជា​វាគ្មិន ក្នុង​កម្មវិធី​នេះ ដូចជា មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល និង​តំណាង​ជាន់ខ្ពស់​មកពី​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ក្នុងប្រទេស​កម្ពុជា នេ​ប៉ាល់ ឥណ្ឌា សាធារណរដ្ឋ​គី​ហ្សី​ក សាធារណរដ្ឋ​កូរ៉េ និង​ហ្វ៊ី​លី​ពី​ន​។ ស្ត្រី ដែលជា​ថ្នាក់ដឹកនាំ​ទាំងនេះ នឹង​ចែករំលែក​ដំណើរ​ផ្លូវ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ទស្សន​យល់ឃើញ​របស់​ពួកគេ ក្នុង​គោលបំណង​បំផុស និង​លើកទឹកចិត្ត ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​។ លោកស្រី Roberta Clarke នាយក​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ចរ​បស់ UN Women នឹង​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​។​

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ដែល​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​នេះ​មានប្រសាសន៍ថា “​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​សមស្រប​ទៅតាម​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់​ប្រទេស​កម្ពុជា លើ​ការ​ជម្រុញ​លើកកម្ពស់​ឲ្យ​មាន​ស្ត្រី​ឲ្យ​បាន​ច្រើន​នាក់​កាន់​មុខតំណែង​ជា​អ្នកដឹកនាំ និង​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត នៅ​គ្រប់​កម្រិត​ទាំងអស់​របស់​រដ្ឋាភិបាល​។ ស្ត្រី​ទាំងនេះ ក៏​ជា​អ្នក  ជម្រុញ​របៀបវារៈ​យេនឌ័រ តាម​ផែ្ន​ក​ការងារ​របស់​ពួកគេ ក្នុង​សេវាសាធារណៈ​ផងដែរ​”​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី មានគំនិត​ផ្តួចផ្តើម​ជាច្រើន ដើម្បី​កាត់បន្ថយ​គម្លាត​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច​។ ការគាំទ្រ​ដល់​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​ស្ត្រី ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត នៅ​ថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និង​កម្រិត​គ្រួសារ និង​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី គឺជា​អាទិភាព​សំខាន់ៗ​នៃ​ផែនការ​ប្រតិបត្តិ​ស្តីពី​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។​

​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ នៅ​អាស៊ី   និង​ប៉ាស៊ីហ្វិក តាមរយៈ​កំណើនសេដ្ឋកិច្ច ដើម្បី​ទាំងអស់គ្នា កំណើន​ដែល​ធានា​និរន្ដរភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់​។ បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៦៦ ធនាគារ​នេះ គឺជា​កម្មសិទ្ធិ​របស់​ស​មា​ជិ​ក​ចំនួន ៦៧ ប្រទេស ដែល​ក្នុងនោះ មាន ៤៨ ប្រទេស មកពី​តំបន់​នេះ​។ នៅក្នុង​ឆ្នាំ ២០១៤ ជំនួយ ដែល​ផ្តល់​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី សរុប​មាន​ចំនួន ២២,៩ ពាន់​លាន​ដុល្លារ បូករួម​ទាំង​សហ​ប្រទាន​ចំនួន ៩,២ ពាន់​លាន​ដុល្លារ​ផង​៕