ឡុ​ង សំណាង បំបាក់​ផ​ន ភឿ​ត យក​កៅអី​1​ភាគ​4

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ព្រឹត្តិការណ៍ «​ជើងឯក​Tiffy Super Fight»​របស់​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃអាទិត្យ​ទី​១ វិច្ឆិកា ម្សិលម្ង៉ៃ បាន​ឈាន​ដល់​វគ្គ​១​ភាគ​៤​ហើយ ដោយ​កីឡាករ​វ័យក្មេង​ឡុ​ង សំណាង បាន​បំបាក់​កីឡាករ​ជើង​ចាស់​ផ​ន ភឿ​ត ឆ្ពោះទៅ​វគ្គ​ដ៏​សំខាន់​នោះ​។ ជ័យជម្នះ​របស់​គេ គឺ​បាន​បង្ហាញ​ពន្លឺ​កាន់តែ​ច្បាស់​ដើម្បី​បន្ត​ឆ្ពោះទៅ​កាន់​ម្ចាស់​ជើងឯក​នៅ​វគ្គ​ចុង​ក្រោយ​។

មិន​ខុស​ពី​ស​ប្ដា​ហ៍​មុន កីឡាករ​៤​រូប​ចុង​ក្រោយ​ក្នុង​ចំណោម​៨​រូប​បាន​បន្ត​ជម្រុះ​គ្នា​ទៀត​ហើយ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឬ​ហៅ​ថា​វគ្គ​១​ភាគ​៤ ។ នេះ​ជា​ការ​ប្រកួត​ស្ថិត​ក្នុង​ដំណាក់កាល​សំខាន់​បំផុត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ដោយសារ​តែ​កាន់តែ​កៀក​នឹង​ការ​ប្រកួត​ដណ្ដើម​ជើងឯក និង​ប្រាក់​លាន ។ កីឡាករ​អ្នក​ចាញ់​មិន​ត្រឹមតែ​ត្រូវ​ហាលអាវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាត់បង់​ក្ដី​សង្ឃឹម​ដែល​ខ្លួន​រំពឹង​ទុក​ផង​ដែរ ។ អ​ញ្ចឹ​ង​ហើយ​ទើប​កីឡាករ​ដែល​ឈ្នះ​នៅ​ក្នុង​វគ្គ​នេះ គឺ​មានការ​ចាប់​អារម្មណ៍​លើសលប់ បើ​ធៀប​នឹង​ការ​ប្រកួត​ក្នុង​វគ្គ​១៦​នាក់​យក​៨​នាក់ ឬ​មុន​នោះ ។

កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​គឺជា​អ្នក​ឡើង​អង្គុយ​កៅអី​៤​នាក់​បន្ទាប់​ពី​បាន​យកឈ្នះ​កីឡាករ​ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ កាលពី​ម្សិលម្ង៉ៃ​។ ជំនួប​ប្រកួត​របស់​ពួក​គេ​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​ទស្សនា​ភាគច្រើន​ដែល​ប្រមូលផ្ដុំ​គ្នា​កកកុញ​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​។ នោះ​គឺ​ដោយសារ​តែ​ការ​ប៉ះ​គ្នា​របស់​ពួក​គេ​ជា​វគ្គ​ជម្រុះ​កាន់តែ​សំខាន់​ដែល​តម្រូវ​ឱ្យ​អ្នក​ខ្លាំង​៨​នាក់​ប្រកួត​គ្នា​ជម្រុះ​យក​៤​នាក់​ទៅ​កាន់​វគ្គ​ខ្សែក្រវាត់ និង​ប្រាក់​លាន​។ ពេញ​រយៈពេល​៣​ទឹក​កីឡាករ​ឡុ​ង សំណាង បង្គោល​ក្រហម  និង​ផ​ន ភឿ​ត បង្គោល​ខៀវ  មិន​បាន​សំចៃ​ដៃ​ដាក់​គ្នា​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​រៀមច្បង​ផ​ន ភឿ​ត ត្រូវ​គេ​មើលឃើញ​ពី​សន្ទុះ​វាយ​ចេញ​បាន​ច្រើន​ជាង​ដោយ​គ្រាន់តែ​ការ​ត្រូវ​ចំ​គោលដៅ​មាន​កម្រិត​តិច​ជាង​គូប្រជែង​។ កីឡាករ​បង្គោល​ក្រហម​ប្រទាញ​បាន​ពិន្ទុ​ពី​ក្រុម​គណៈកម្មការ​ផ្ដល់​ពិន្ទុ​បាន​ច្រើន​ជាង បន្ទាប់​ពី​គេ​បាន​ប្រើ​អស់​សមត្ថភាព​តាម​រយៈ​វាយ​ផង ទាត់​ផង ធ្វើ​ឱ្យ​ផ​ន ភឿ​ត ត្រដរខ្យល់​នៅ​ទឹក​ចុង​ក្រោយ ។ ក្នុង​ទឹក​ទី​៣​នេះ បង្គោល​ខៀវ​កាន់តែ​ត្រដាប​ត្រដួស ដោយសារ​តែ​សិស្ស​ប្អូន​មិនសូវ​ទុក​មុខ​ឱ្យ ប៉ុន្តែ​ក៏​វេទនា​មិន​តិច​ណាស់​ដែរ​។ គូ​នេះ ឡុ​ង សំណាង មាន​ប្រៀប​តិចតួច​បំផុត អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកាស​លទ្ធផល​ឱ្យ​គេ​ឈ្នះ​ពិន្ទុ ហាក់​ធ្វើ​ឱ្យ​អ្នកខ្លះ​អបអរសាទរ ហើយ​អ្នកខ្លះ​ក៏​បង្ហាញ​ការ​ជំទាស់ ។ ជា​ពិសេស​ក្រុម​អ្នក​កាន់ជើង និង​ចង់ឱ្យ​កីឡាករ​ផ​ន ភឿ​ត បាន​ឡើង​ទៅ​កាន់​វគ្គ​១​ភាគ​៤ ។ ការ​ប្រកួត​គូ​នេះ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត ជា​ពិសេស​នៅ​ពេល​កីឡាករ​ស្រករ​ក្រោយ​មាន​សមត្ថភាព​ធ្វើ​ឱ្យ​កីឡាករ​ដែល​ឈរជើង​ល្បីឈ្មោះ​មុន ត្រដរខ្យល់​នៅ​ក្នុង​ការ​ប្រកួត ។ នេះ​ជា​លទ្ធផល​ដែល​រុញ​ឱ្យ​ក្ដី​ស្រមៃ​របស់​ផ​ន ភឿ​ត រលាយ​ទាំងស្រុង ប៉ុន្តែ​ក៏​ជា​អ្វី​ដែល​ធ្វើ​ឱ្យជើង​ថ្មី​ឡុ​ង សំណាង ទទួល​បានការ​ចាប់អារម្មណ៍​បន្ថែម​ពីលើ​ឱកាស​បន្ត​ទៅ​កាន់​វគ្គ​១​ភាគ​៤ ។

មួយគូ​ទៀត​ដែល​ស្ថិត​ក្នុង​ជម្រើស​ដណ្ដើមខ្សែក្រវាត់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ កីឡាករ​ឌុន ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ឈ្នះ​កីឡាករ​ធន់ ចាន់​តាក់ មក​ពី​មជ្ឈមណ្ឌល​កីឡា​ខេមរភូមិន្ទ​ដោយ​ពិន្ទុ ។ លទ្ធផល​ដែល​បង្គោល​ខៀវ​ទទួល​បាន គឺជា​ឱកាស​ដែល​កើត​ចេញពី​ការ​ប្រឹងប្រែង​បំផុត ដោយសារ​តែ​គូបដិបក្ខ​របស់​ខ្លួន​ក៏​បាន​ស្ទុះស្ទា​អស់ពី​សមត្ថភាព​ដូច​គ្នា ។

លទ្ធផល​នេះ​បង្ហាញ​ថា កីឡាករ​ឡុ​ង សំណាង និង​ឌុន ប៊ុ​ន​ធឿ​ន បាន​ឡើង​ទៅ​អង្គុយ​កៅអី​៤​នាក់​បង្គ្រប់​២​នាក់​ដែល​ជ្រើស​បាន​កាលពី​ស​ប្ដា​ហ៍​មុន ដើម្បី​ប្រកួត​គ្នា​យក​ជើងឯក ។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា​ក្នុង​ចំណោម​កីឡាករ​ទាំង​២​រូប តើ​មួយ​ណា​នឹង​បាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​នាក់​ចុង​ក្រោយ ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​សមាសភាព​របស់​កីឡាករ​២​រូប​ដែល​បាន​ឡើង​ទៅ​អង្គុយ​ចាំ​មុន ត្រូវ​គេ​ដឹង​ថា​មិន​ណ​យ​ដែរ​នោះ​៕