ក្រុម​សាស្ត្រាចារ្យ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ស្វែង​យល់​អំពី​ជំនាញ​អភិរក្ស​ប្រាសាទ​បុរាណ

កាល​ពី ១៥​ឆ្នាំ​មុន រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ស្ថាប័ន​អាជ្ញាធរ​អប្សរា ក្នុង​គោល​បំណង​ជួយ​ការពារ ថែរក្សា និង​ជួសជុល​ប្រាសាទ​បុរាណ​ដែល​បាក់​បែក​ទ្រុឌទ្រោម​នៅ​ខេត្ត​សៀមរាប ឲ្យ​គង់វង្ស​បាន​យូរ​អង្វែង​ត​ទៅ​ទៀត។ ក៏ប៉ុន្តែ​ឆ្លង​កាត់​បទពិសោធន៍​រយៈពេល ១៥​ឆ្នាំ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បាន​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​អាជ្ញាធរ​អប្សរា មិន​ត្រឹម​តែ​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ខាង​ការពារ និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​សហគមន៍​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ ឲ្យ​រស់នៅ​សមស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព សម្រាប់​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​បរទេស​នានា ចូល​មក​សិក្សា​យក​បទពិសោធន៍​ទៀត​ផង។

គណៈប្រតិភូ​ប្រមាណ ៦០​នាក់​មក​ពី​សាកលវិទ្យាល័យ​នានា​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ចំនួន ៧​ប្រទេស បាន​នាំ​គ្នា​មក​កាន់​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា កន្លង​ទៅ ដើម្បី​សិក្សា​យក​បទពិសោធន៍​ពី​អាជ្ញាធរ​អប្សរា​លើ​ជំនាញ​អភិរក្ស និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រម​ទាំង​ជំនាញ​រៀបចំ​សហគមន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ ឲ្យ​មាន​និរន្តរភាព​ផង។

គណៈប្រតិភូ​ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) ប្រទេស​វៀតណាម (Vietnam) ព្រម​ទាំង​ប្រទេស​សិង្ហបុរី (Singapore) ជាដើម​នោះ គឺ​ជា​ក្រុម​អ្នក​ស្រាវជ្រាវ អ្នក​វិទ្យាសាស្ត្រ ព្រម​ទាំង​សាស្ត្រាចារ្យ និង​គ្រូបង្រៀន​មក​ពី​សាកលវិទ្យាល័យ​នានា។

អនុប្រធាន​នាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​អប្សរា ដែល​ជា​អ្នក​សម្រប​សម្រួល​ដំណើរ​ទស្សនកិច្ច​សិក្សា​នោះ គឺ​លោក អ៊ឹម សុខរិទ្ធី។ លោក​មាន​ប្រសាសន៍​ថា ក្រុម​គណៈប្រតិភូ​ប្រមាណ ៦០​នាក់​របស់​សាកលវិទ្យាល័យ​នានា​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​មក​ខេត្ត​សៀមរាប នេះ ក្នុង​គោល​បំណង​សិក្សា​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដោយ​ផ្សារភ្ជាប់​គ្នា​ជាមួយ​នឹង​វិស័យ​ទេសចរណ៍។ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់​ទៀត​ថា ក្រុម​គណៈប្រតិភូ​ទាំង​នោះ បាន​កំណត់​ជ្រើស​យក​តំបន់​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​សិក្សា គឺ​ទី​១ តំបន់​អង្គរ និង​ទី​២ តំបន់​ទន្លេសាប៖ «យើង​មិន​និយាយ​អំពី​ទន្លេសាប ពីព្រោះ​វា​មិន​មែន​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​អប្សរា។ ចំណែក​តំបន់​អង្គរ គឺ​គេ​រើស​យក​ទីតាំង​២ គឺ​ទី​១ តំបន់​ប្រាសាទ​ដែល​ទាក់ទង​នឹង​ការ​រៀបចំ​គ្រប់គ្រង​ប្រាសាទ និង​វិស័យ​ទេសចរណ៍ ធ្វើ​ម៉េច​ឲ្យ​មាន​និរន្តរភាព»

លោក អ៊ឹម សុខរិទ្ធី ឲ្យ​ដឹង​ថា ក្រុម​គណៈប្រតិភូ​មក​ពី​បណ្ដា​សាកលវិទ្យាល័យ​នៃ​ប្រទេស​អាស៊ាន​ជាច្រើន​ប្រទេស​នេះ បាន​សិក្សា​ស្វែង​យល់​ជំនាញ​អភិរក្ស ថែរក្សា ព្រម​ទាំង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ទៅ​លើ​សហគមន៍​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​បេតិកភណ្ឌ​ពី​អាជ្ញាធរ​អប្សរា រួច​ហើយ​នឹង​យក​ទ្រឹស្ដី​ទាំងឡាយ​នេះ​ទៅ​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​ចងក្រង​ជា​សៀវភៅ​ទស្សនៈ​រួម​មួយ សម្រាប់​យក​ទៅ​អនុវត្ត​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់។

សាកលវិទ្យាល័យ​នៃ​ប្រទេស​ម៉ាឡេស៊ី គឺ​ជា​អ្នក​ផ្ដួចផ្ដើម និង​ដឹក​នាំ​ក្រុម​គណៈប្រតិភូ​ដែល​ជា​អ្នក​ស្រាវជ្រាវ អ្នក​វិទ្យាសាស្ត្រ ព្រម​ទាំង​សាស្ត្រាចារ្យ និង​គ្រូបង្រៀន​មក​ពី​សាកលវិទ្យាល័យ​នានា មក​សិក្សា​យក​បទពិសោធន៍​ពី​អាជ្ញាធរ​អប្សរា​នេះ។ ពេញ​មួយ​ថ្ងៃ​ទី​៣០ ខែ​តុលា ក្រុម​គណៈប្រតិភូ​ទាំង​នោះ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ប្រាសាទ​បុរាណ ព្រម​ទាំង​ចុះ​ទៅ​មើល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​សហគមន៍​ប្រជាពលរដ្ឋ នៅ​ភូមិ​ស្រះស្រង់​ខាង​ជើង ដែល​ជា​សហគមន៍​ក្នុង​តំបន់​បេតិកភណ្ឌ។

បណ្ឌិត​មក​ពី​សាកលវិទ្យាល័យ​ផ្ដួចផ្ដើម​ផ្នែក​បច្ចេកទេស​នៃ​ប្រទេស​ម៉ាឡេស៊ី អ្នកស្រី អាយរ៉ិន សាហ្វីទ្រី ហ្សេន (Iren Safitri Zen) មាន​ប្រសាសន៍​ថា អ្នកស្រី និង​គណៈប្រតិភូ​ជាច្រើន​ទៀត​មក​កាន់​ខេត្ត​សៀមរាប ពេល​នេះ គឺ​ចង់​ឃើញ​អំពី​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​កម្ពុជា ថា​តើ​រៀបចំ​របៀប​ណា​ក្នុង​ការ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ និង​បឹង​ទន្លេសាប​ដ៏​ធំ និង​ការ​រៀបចំ​សហគមន៍​ប្រជាពលរដ្ឋ​ឲ្យ​ស្រប​គ្នា​នឹង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យ​មាន​និរន្តរភាព​នោះ៖ «យើង​មាន​ការ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​កសាង​អង្គរវត្ត​កាល​ពី​អតីត​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ។ ភាព​ស្ញប់ស្ញែង​នេះ បាន​ធ្វើ​ឲ្យ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បច្ចេកទេស ដើម្បី​ការពារ ព្រម​ទាំង​ផែនការ​អភិវឌ្ឍន៍ ហើយ​ពួក​យើង​ដែល​រស់នៅ​ក្នុង​តំបន់​ជា​សហគមន៍​តែ​មួយ គឺ​ត្រូវ​តែ​សម្លឹង​មើល​ទាំងអស់​គ្នា និង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ជួយ​កម្ពុជា ទៅ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព»

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​បង្ហាញ​ពី​មោទនភាព​នៃ​ស្ថាប័ន​របស់​ខ្លួន បន្ទាប់​ពី​មាន​ក្រុម​អ្នក​ស្រាវជ្រាវ​បរទេស និង​បណ្ដា​ប្រទេស​មួយ​ចំនួន បាន​មក​សិក្សា​យក​បទពិសោធន៍​នៃ​ការ​អភិរក្ស ថែរក្សា និង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពី​កម្ពុជា ជា​បន្តបន្ទាប់​នេះ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា រយៈពេល ១៥​ឆ្នាំ​មក​នេះ អាជ្ញាធរ​អប្សរា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​លើ​កិច្ច​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​នៃ​ពិភពលោក ព្រម​ទាំង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​ជំនាញ​ជួសជុល ថែទាំ ហើយ​រៀបចំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ ឲ្យ​សមស្រប​ទៅ​តាម​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ផង។ លោក ឡុង កុសល បញ្ជាក់​ទៀត​ថា ការ​ប្រឹងប្រែង​រយៈពេល ១៥​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អាជ្ញាធរ​អប្សរា​សម្រេច​បាន​លទ្ធផល​ល្អ​លើ​ការងារ​ថែរក្សា និង​ការពារ ព្រម​ទាំង​អភិវឌ្ឍ​តំបន់​អង្គរ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​បណ្ដា​ប្រទេស​ជាច្រើន បាន​មក​សិក្សា​យក​បទពិសោធន៍​ទាំង​នេះ​ពី​អាជ្ញាធរ​អប្សរា​ទៀត​ផង។

លោក ឡុង កុសល ឲ្យ​ដឹង​ថា អាជ្ញាធរ​អប្សរា​បាន​បង្ហាញ​នូវ​កិច្ច​សហការ​យ៉ាង​ល្អ​ជាមួយ​នឹង​គណៈប្រតិភូ​មក​ពី​សាកលវិទ្យាល័យ​នៃ​ប្រទេស​អាស៊ាន​ចំនួន​៧ ដែល​បាន​មក​សិក្សា​ស្វែង​យល់​នៅ​ខេត្ត​សៀមរាប នេះ៖ «យើង​បាន​ផ្ដល់​នូវ​ឯកសារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការងារ​ដែល​យើង​បាន​បំពេញ​កន្លង​មក ហើយ​ជាពិសេស​ទៅ​ទៀត​នោះ យើង​បាន​រៀបចំ​ជា​ទស្សនកិច្ច​សិក្សា គឺ​ថា​ពេល​គាត់​អញ្ជើញ​ទៅ​ប្រាសាទ គឺ​យើង​ជម្រាប​ជូន​អំពី​របៀប​របប​គ្រប់គ្រង​របស់​យើង ជាដើម»

បើ​ទោះ​បី​ជា​អាជ្ញាធរ​អប្សរា ធ្វើ​កិច្ចការ​មួយ​ចំនួន​បាន​ល្អ​ក្ដី ក៏ប៉ុន្តែ​អាជ្ញាធរ​នេះ ក៏​ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង​ថា បាន​គ្រប់គ្រង​ថវិកា​ជាតិ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​អង្គរវត្ត​មិន​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​បាត់​លុយ​រាប់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំៗ។

ទោះ​យ៉ាង​ណា មន្ត្រី​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ​មក​ពី​ប្រទេស​ចំនួន​៧ ក្នុង​អាស៊ាន ដែល​មក​ដកស្រង់​យក​បទពិសោធន៍​ពី​អាជ្ញាធរ​អប្សរា​នេះ មិន​មែន​ជា​ក្រុម​លើក​ដំបូង​ទេ គឺ​ក្នុង​រយៈពេល ២-៣​ឆ្នាំ​កន្លង​មក​នេះ មាន​បណ្ដា​ប្រទេស​ជាច្រើន​ធ្លាប់​មក​សិក្សា​យក​បទពិសោធន៍​នៃ​ការ​គ្រប់គ្រង និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ពី​អាជ្ញាធរ​អប្សរា​ជា​បន្តបន្ទាប់។

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ កន្លង​ទៅ អនុ​ប្រធានាធិបតី​នៃ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ធ្លាប់​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ស្នើសុំ​ឲ្យ​កម្ពុជា ជួយ​ចែក​រំលែក​បទពិសោធន៍​ល្អៗ​ក្នុង​ការ​គ្រប់គ្រង​បេតិកភណ្ឌ ដើម្បី​ឲ្យ​ភូមា យក​ទៅ​រៀបចំ និង​គ្រប់គ្រង​សម្បត្តិ​បេតិកភណ្ឌ​ជាច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​របស់​គេ​ឲ្យ​បាន​ជោគជ័យ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។