​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់លោក ហុង សុខ​ហួរ នឹង​បើកសវនាការ​នៅ​ថ្ងៃ​៤ វិច្ឆិកា​នេះ

រាជធានី​ភ្នំពេញ​៖​សំណុំរឿង លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ដែល​ត្រូវ​ដក​អភ័យឯកសិទ្ធិ​នឹងត្រូវ​សភា ស៊ើបសួរ​សាលាឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​រឿង​សុំ​នៅក្រៅ​ឃុំ បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​។ 

​    ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចាត់​របៀប​រឿងក្តី​លោក ហុង សុខ​ហួរ ដោយ​បង្វិល​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ផ្តល់​ភស្តុតាង​សាជាថ្មី តាម​ការស្នើ​របស់​ក្រុម​មេធាវី​។ ក្រុម​មេធាវី​នឹងដាក់​ភស្តុតាង​បន្ថែម គឺ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ដែលជា​កម្មវត្ថុ នៃ​ការចោទប្រកាន់ លើ​លោក ហុង សុខ​ហួរ ដើម្បី​ដោះ​បន្ទុក​កូនក្តី​។ 

​    ​លោក​ចៅក្រម រស់ ពិសិដ្ឋ បានសម្រេច​បែបនេះ កាលពី​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​សវនាការ​ជា​លើក​ទី​ពីរ កាត់ទោស​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​ដក​អភ័យឯកសិទ្ធិ​។ 

​    ​លោក ហុង សុខ​ហួរ ត្រូវបាន​ចោទប្រកាន់​ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៦២៩ , ៦៣០ និង មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម​។ 

​    ​យោងតាម បទចោទប្រកាន់​នេះ លោក ហុង សុខ​ហួរ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ពី​៧​ឆ្នាំ​៦​ខែ ទៅ​១៧​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១៤​លាន​រៀល ប្រសិនបើ​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន​។ កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ព្រឹទ្ធសភា បានសម្រេច​ដក​អភ័យឯកសិទ្ធិ​លោក ហុង សុខ​ហួរ ប្រយោជន៍​ដើម្បីឱ្យ​តុលាការ​បន្ត​នីតិវិធី​៕ 

​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់លោក ហុង សុខ​ហួរ នឹង​បើកសវនាការ​នៅ​ថ្ងៃ​៤ វិច្ឆិកា​នេះ