ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​នៅ​អេ​ហ្ស៊ី​ប សាកសព​ជន​រង​គ្រោះ​162​នាក់​ធ្វើ​មាតុភូមិនិវត្តន៍ ការ​ស៊ើបអង្កេត​កំពុង​បន្ត

យន្តហោះ​មួយ​គ្រឿង​ដែល​ដឹក​សាកសព​មនុស្ស​១៦២​នាក់ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២២៤​នាក់ ដោយសារ​ការ​ធ្លាក់​យន្តហោះ​CHARTER រុ​ស្ស៊ី​មួយ​គ្រឿង​បាន​ចាក​ចេញពី​ទីក្រុង​គែរ កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ទៅ​កាន់​រុ​ស្ស៊ី ខណៈ​ការ​ស៊ើបអង្កេត​លើ​មូល​ហេ​តុ​នៃ​គ្រោះ​មហន្តរាយ​នេះ និង​ការ​រុករក​សាកសព​មនុស្ស​នៅ​បន្ត​ក្នុង​ប្រទេស​អេហ្ស៊ីប។

យោង​តាម​ប្រភព​ព្រ​លាន​យន្តហោះ​ក្រុង​គែរ និង​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ថា យន្តហោះ​មួយ​គ្រឿង​ដែល​បញ្ជូន​មក​ស្រុក​នូវ​សាកសព​មនុស្ស​១៦២​នាក់ បាន​ហោះ​ចេញពី​ទីក្រុង​គែរ កាលពី​ពេល​ព្រលប់​មក​កាន់​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ។

មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​យប់​ថ្ងៃ​ទី​១ វិច្ឆិកា បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ជាទី​ក្រុង​ធំ​ទី​២​របស់​រុ​ស្ស៊ី ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អ្នកដំណើរ​២១៧​នាក់ និង​សមាជិក​ក្រុម​យានិក​៧​នាក់ ដែល​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ ។ ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​ជា​ជនជាតិ​រុ​ស្ស៊ី លើកលែងតែ​ជនជាតិ​អ៊ុយ​ក្រែ​ន​៣​នាក់​ប៉ុណ្ណោះ ។ នេះ​ជា​គ្រោះ​មហន្តរាយ​អាកាស​ដ៏​អាក្រក់​បំផុត ដែល​ប៉ះពាល់​ដល់​ប្រទេស​រុ​ស្ស៊ី ។

យន្តហោះ A320-200 របស់​ក្រុមហ៊ុន CHARTER រុ​ស្ស៊ី METROJET ដែល​ធ្លាក់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣១ តុលា នៅ​វាល​ខ្សាច់​អេ​ហ្ស៊ី​ប​ក្នុង​តំបន់​ស៊ី​ណៃ​អុ​ី​បាន​ហោះ​ចេញពី​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ​អេ​ហ្ស៊ី​ប CHARM EL CHEIKH ឆ្ពោះទៅ​កាន់​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ។

អាជ្ញាធរ​អេ​ហ្ស៊ី​ប និង​រុ​ស្ស៊ី​អះអាង​ថា នៅ​ពុំ​ទាន់​អាច​ប្រកាស​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​នៅឡើយ ។ ទោះបី​យ៉ាងណា ការ​សង្ស័យ​លើ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​តែ​ផ្តោត​ដោយ​ពួក​អ្នក​ជំនាញការ ក្រោយ​ការ​ប្រកាស​របស់​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប​ថា បាន​កម្ទេច​យន្តហោះ​នេះ​ជា​ការ​សងសឹក​ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​នៅ​ស៊ី​រី ។

ប្រមុខ​ក្រុម​អ្នក​ជំនាញការ​ខាង​អាកាសចរណ៍​រុ​ស្ស៊ី​អះអាង​ថា យន្តហោះ​នេះ​បាន​ផ្ទុះ​បែក​លើ​អាកាស​ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។ លោក​វិក​ទ័​រ សូ​រូត​ឆេ​ន​កូ នាយក​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ខាង​អាកាសចរណ៍ MAK ដកស្រង់​សម្តី​ដោយ​បណ្តា​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​បញ្ជាក់​នៅ​ទីក្រុង​គែ​រថា បំណែក​នានា​បាន​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃដី​យ៉ាង​ធំ​ប្រមាណ​២០​គីឡូម៉ែត្រ​ក្រឡា ។ ការ​ផ្ទុះ​បែក​នេះ​កើត​មាន​ក្នុង​កម្ពស់​ខ្ពស់ ។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល ហ្វា​តា​ហ៍ អាល់​ស៊ី​ស​ស៊ី បាន​អំពាវនាវ​ឱ្យ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ខាង​បច្ចេកទេស​ដ៏​ស្មុគស្មាញ​មួយ មុន​ពេល​ប្រកាស​ពី​មូលហេតុ​នៃ​សោកនាដកម្ម​នេះ ។

វិស័យ​ទេសចរណ៍​ជា​ផ្នែក​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​អេ​ហ្ស៊ី​ប​បាន​ធ្លាក់​ចុះ​ស្រាប់​មក​ហើយ ចាប់តាំងពី​បដិវត្តន៍​ប្រជាជន​ឆ្នាំ​២០១១ ដែល​បញ្ចប់​របប​លោក​ហូ​ស្នី មូ​បា​រ៉ា​ក់មក ។ ទោះបីជា​បែប​នេះ​ក្តី បណ្តា​ទីតាំង​ទេសចរណ៍​នៅ​ជាប់​សមុទ្រ​ក្រហម ពិសេស CHARM EL CHEIKH នៅ​តែ​ជា​កន្លែង​ទាក់ទាញ​ជា​ពិសេស​របស់​ពួក​រុ​ស្ស៊ី និង​ពួក​អឺរ៉ុប​ខាងកើត ៕