ល្បែង​ជល់​មាន់នៅ​ថៃ​ជា​ល្បែងស៊ីសង តែ​អនុញ្ញាត​ក្នុង​នាម​ប្រពៃណី

ល្បែង​ជល់​មាន់​ជា​ល្បែងស៊ីសង​មួយ​ដែល​ទទួល​ការ​អនុញ្ញាត​ឱ្យ​លេង​នៅ​ប្រទេស​ថៃ ក្នុង​នាម​ប្រពៃណី ។

នៅ​ក្រុង​បាងកក​មាន​សង្វៀន​ជល់​មាន់​ធំ​-​តូច​ជា​ច្រើន ដោយ​មនុស្ស​ម្នា​និយម​លេងល្បែង​នេះ តែង​ប្រមូលផ្តុំ​គ្នា​ជល់​មាន់នៅ​ទីនោះ​ពិសេស​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ដោយ​ពួក​គេ​នាំ​គ្នា​ចាក់​ម្នាក់​ៗ​ជា​ច្រើន​ពាន់​បាត ។

ពួក​អ្នក​និយម​លេងល្បែង​ជល់​មាន់​ភាគច្រើន​ជា​អ្នក​មក​រស់នៅ​ក្នុង​រាជធានី​បាងកក ដើម្បី​រក​ការងារ​ធ្វើ ។ មួយ​ចំនួន​បាន​បង្កើត​ទីលាន​ជល់​មាន់​ឥត​ច្បាប់​នានា ។

មាន​សង្វៀន​ជល់​មាន់​ធំ​ដូច​ជា BANGKOK COCKPIT នៅ​សា​មុត​ប្រា​កាន ជិត​ក្រុង​បាងកក ដែល​មាន​អ្នកលេង​ចាក់​ប្រាក់​ភ្នាល់​ធំ​ៗ ។

ក្រៅពី​ឆ្នោតជាតិ​ជា​ល្បែងស៊ីសង​ស្របច្បាប់ អាជ្ញាធរ​ថៃ​បាន​បិទ​ភ្នែក ចំពោះ​ល្បែង​ជល់​មាន់ ដោយ​លើក​ឡើង​ថា​ជា​ល្បែង​ប្រពៃណី ។ លោក PITSANU PRAPATANANUN នៃ​ក្រសួងមហាផ្ទៃ​លើក​ឡើង​ថា អស់​ពេល​ជាង​៧០០​ឆ្នាំ​មក​ហើយ ដែល​យើង​រៀបចំ​ល្បែង​ជល់​មាន់ ។ លោក​គូសបញ្ជាក់​ថា ការ​ចិញ្ចឹម​មាន់​ជល់​ជា​ការ​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ប្រជាជន ។

ល្បែង​ជល់​មាន់នៅ​ថៃ​ជា​ល្បែងភ្នាល់​ធំ​មួយ ដែល​គេ​ហ៊ាន​ចាក់​ដល់​៦០០.០០០​អឺ​រ៉ូ ។ កាលពី​ខែតុលា នៅ​ស្តា​ត BANGKOK COCKPIT មាន​រៀបចំ​ពិធី​ជល់​មាន់​ធំ​មួយ ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​ពាន់​នាក់ រួច​អ្នកលេង​ភ្នាល់​ម្នាក់​ឈ្នះ​បាន​ប្រាក់​ដល់​ទៅ​២២,២​លាន​បាត (​ជិត​៥៥០.០០០​អឺ​រ៉ូ​) ៕