ជើង​ហោះ​ហើរ​​មួយ​ត្រូវ​លុប​ចោល ក្រោយ​អ្នក​ដំណើរ​ម្នាក់​លេង​សើច​ថា​មាន​គ្រាប់​បែក​​ក្នុង​កាបូប​


ជើង​ហោះ​ហើរ​​មួយ​ត្រូវ​លុប​ចោល ក្រោយ​អ្នក​ដំណើរ​ម្នាក់​លេង​សើច​ថា​មាន​គ្រាប់​បែក​​ក្នុង​កាបូប​

ជើង​ហោះ​ហើរ​​មួយ​ក្នុង​ប្រទេស​ថៃ​ដែល​ត្រូវ​ហោះ​ចេញ​ពី​​ក្រុង​បាងកក​ទៅ​​កាន់​ក្រុង​ Hat Yai ភាគ​ខាង​ត្បូង​ប្រទេស​​ក្បែរ​ព្រំដែន​ប្រទេស​ម៉ាឡេស៊ី​​​​កាលពីថ្ងៃអាទិត្យម្សិលមិញ ត្រូវ​បាន​លុប​ចោល​​ ក្រោយ​ពី​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ជា​អ្នក​ដំណើរ​​លេង​សើច​ជា​មួយ​បុគ្គលិក​នារី​បម្រើ​ការងារ​​លើ​យន្តហោះ​ ថា​ខ្លួន​មាន​គ្រាប់​បែក​ក្នុង​​កាបូប​ដាក់​ឥវ៉ាន់។

 

ជើង​ហោះ​ហើរ​​មួយ​ត្រូវ​លុប​ចោល ក្រោយ​អ្នក​ដំណើរ​ម្នាក់​លេង​សើច​ថា​មាន​គ្រាប់​បែក​​ក្នុង​កាបូប​

 
តាម​សារព័ត៌មាន​ Bangkok Post បានឲ្យដឹងថា​បុរស​​វ័យ​២៣​ឆ្នាំ​ឈ្មោះ​ Pichit Boondang ត្រូវ​បាន​​​គេ​​ចាប់​​ចេញ​ពី​ជើង​ហោះ​ហើរ​ Lion Air នៅ​​ពេល​​​​បុរស​រូប​នេះ​កំប្លែង​ថា​ខ្លួន​មាន​គ្រាប់​បែក ​ដោយ​ចង់​​​លែបខាយ​ផ្ដោះផ្ដង​​​​សម្ដី​លេង​ជា​មួយ​​បុគ្គលិក​នារី​បម្រើ​ការ​​លើ​យន្តហោះ​ម្នាក់​​។ ទោះ​ជា​យ៉ាង​ណា​ សម្ដី​បែប​កំប្លែង​នោះ​ ត្រូវ​បាន​គេ​គិត​ថា​ជា​រឿង​ពិត រហូត​ដល់​​​​អ្នក​បើក​យន្ត​ហោះ​​​បាន​រៀប​ចំ​ការ​លុប​ចោល​​ជើង​ហោះ​ហើរ​ និង​បាន​ហៅ​ទៅ​​​មន្ត្រី​ជំនាញ​ខាង​គ្រាប់​បែក​ទៀត​ផង។

 

​​​​​​យោង​តាម​​មន្ត្រី​ប៉ូលិស​ប្រចាំ​ព្រលាន​យន្ត​ហោះ​ ដនម៉ឿង​​ បាន​ឲ្យ​ដឹង​ថា​ បុរស​ឈ្មោះ Pichit ខាង​លើ​ជា​បុគ្គលិក​​ម្នាក់​នៃ​ស្ថានីយ​រថភ្លើង​រដ្ឋ​ថៃ។ Pichit បាន​ញ៉ែ​​បុគ្គលិក​ស្រី​បម្រើ​ការ​​លើ​យន្តហោះ​ម្នាក់ ក្រោយ​មក​ក៏​កុហក​លេង​ថា​ខ្លួន​មាន​គ្រាប់​បែក។ ក្រោយ​មក​មន្រ្តី​អាជ្ញាធរ​​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​​លើ​កាបូប​​ឥវ៉ាន់​​តែ​ពុំ​ឃើញ​មាន​គ្រាប់​បែក​ឬ​គ្រឿង​ផ្ទុះ​​អ្វី​ឡើយ។

 

ទោះ​ជា​យ៉ាង​ណា​ លោក​ Pichit ត្រូវ​ប្រឈម​នឹង​​ការ​ជាប់​ទោស​ពន្ធនាគារ​ ៥​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ ២​សែន​បាត (៥៦២០ ដុល្លារ) ពី​បទ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត។

 

យោង​តាម​សារព័ត៌មាន​ Thai Rath ប្អូន​ស្រី​​របស់​លោក Pichit បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ ផាធុម ថានី ដើម្បី​បង់​ប្រាក់​​ ៧៥០០០ បាត (២១០៧ ដុល្លារ) ជា​ប្រាក់​ធានា​បង​ប្រុស​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពេល​នេះ​ខាង​ក្រុមហ៊ុន​អាកាស Lion Air ក៏​បាន​កំពុង​រៀប​ចំ​​ឯកសារ​ប្ដឹង​​ទៅ​លោក Pichit ដែល​ជា​ដើម​ហេតុ​បង្ក​ឲ្យ​ជើង​ហោះ​ហើរ​ត្រូវ​លុប​ចោល៕

 

ចុចអាន៖ ប្រវត្តិ​គ្រោះ​ថ្នាក់​យន្តហោះ​យោធា​នៅ​ឥណ្ឌូណេស៊ី​តាំង​ពី​ឆ្នាំ​២០០៩

ចុចអាន៖ អាកាសចរ​​​​​​អាមេរិក​​ច្រឡំ​​​​​យក​យន្តហោះ​ផ្លូវ​ជិត​ ទៅ​ហោះ​ឆ្លង​​មហា​សមុទ្រ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts , thairath​​​​​​