អេសស៊ីជី ចេញរបាយការណ៍ ត្រីមាស ៣ ក្រុមហ៊ុនថានឹង បន្តអភិវឌ្ឍ ផលិតផលថ្មីៗ សម្រាប់បម្រើ អតិថិជន ជាពិសេស ជនចាស់ជរា

ភ្នំពេញ៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជា ក្រុមហ៊ុនអន្តរជាតិ ដ៏ធំមួយក្នុងតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍ លទ្ធផលប្រតិបត្តិការ របស់ខ្លួន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៥ នេះ តាមរយៈសេចក្តីប្រកាស ព័ត៌មានរបស់ខ្លួន នា ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មាននោះ ក្រុមហ៊ុន អេស ស៊ី ជី បានបង្ហាញថា មានកើនឡើងនូវប្រាក់ចំណេញក្នុង អាជីវកម្មរបស់ខ្លួន ជាពិសេសពីអាជីវកម្មសារធាតុគីមី ។ ក្រុមហ៊ុនបានលើកឡើងថា នឹងបន្តផ្តោតលើការអភិវឌ្ឍ ផលិតផលថ្មីៗសម្រាប់បម្រើដល់អតិថិជន ជាពិសេសជនចាស់ជរា ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល លោក កាន ត្រាគូនហ៊ូន (Kan Trakulhoon) ប្រធាន និងអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី បាននិយាយថា លទ្ធផលប្រតិបត្តិការ (មុនសវនកម្ម) សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៥ ចំណូលពីការលក់ នៅទូទាំងពិភពលោក គឺមានចំនួន ១២.៧៤៧ ពាន់លានរៀល (ឬ ៣.១៤៦ លានដុល្លារអាម៉េរិក) ដែលជាការថយ ចុះ ៣% ពីត្រីមាសមុន ដោយសារតម្លៃលក់ផលិតផលសារធាតុគីមីធ្លាក់ចុះ តាមតម្លៃទីផ្សាររបស់ ប្រេងឆៅដែល ធ្លាក់ចុះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៥ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅទូទាំងពិភពលោក គឺស្មើនឹងទឹកប្រាក់ ៥៦.៩៩៦ ពាន់លានរៀល (ឬ ១៣.៩៥២ លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) មានចំនួន ១១.៤៦២ ពាន់លានរៀល (ឬ ២.៨០៦ លានដុល្លារអាមេរិក) ស្មើនឹង ២០% នៃទ្រព្យសកម្មប្រមូលផ្តុំសរុប ។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៥ នេះ ក្រុមហ៊ុន អេស ស៊ី ជី មានទ្រព្យសកម្មសរុប ស្មើនឹង ១.២១០ ពាន់លានរៀល (ឬ ២៩៦ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ២១% ធៀបនឹងឆ្នាំមុន ដោយ សារកំណើនការវិនិយោគលើក្រុមហ៊ុនស៊ីម៉ង់ត៍កំពត ។ ហើយ ចំណូលពីការលក់នៅកម្ពុជា គឺស្មើនឹងចំនួន ទឹកប្រាក់ ១៥៣ ពាន់លានរៀល (ឬ ៣៨ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ២៦% ធៀបនឹងឆ្នាំមុន ដែលបណ្តាលជាចម្បងមកពី ការរីកចំរើននៃអាជីវកម្មស៊ីម៉ងត៍ បេតុងលាយស្រេច និងសេវាភ័ស្តុភារ ។

អំពីការវិវដ្តចុងក្រោយនៃការសាងសង់ខ្សែសង្វាក់ផលិតកម្មទីពីរ សម្រាប់រោងចក្រស៊ីម៉ង់ត៍កំពតវិញ ការសាងសង់ បានបញ្ចប់រួចរាល់ ហើយប្រតិបត្តិការអាជីវកម្មបានចាប់ផ្តើមឡើងក្នុងខែកញ្ញា ដូចបានគ្រោងទុក ។ នៅក្នុង ប្រទេសកម្ពុជា ក្រុមហ៊ុនបង្ហាញថា ការផ្តោតចំបងនាពេលបច្ចុប្បន្ន គឺការបញ្ជ្រាបចូលក្នុងទីផ្សារ ក៏ដូចជាការពង្រឹង ម៉ាកយីហោរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀតពីអតិថិជននៅក្នុងប្រទេសកម្ពុជា ៕

អេសស៊ីជី ចេញរបាយការណ៍ ត្រីមាស ៣ ក្រុមហ៊ុនថានឹង បន្តអភិវឌ្ឍ ផលិតផលថ្មីៗ សម្រាប់បម្រើ អតិថិជន ជាពិសេស ជនចាស់ជរា