នគរ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​បង្ហាញ​មុខ​ជន​សង្ស័យ​ជួញ​ដូ​រ​ និង​ប្រើ​ប្រាស់គ្រឿង​ញៀន​១៣​នាក់​

រាជ​​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​​​​នគរ​បាល​ខណ្ឌ​ជ្រោយ​ចង្វារបាន​បង្ហាញ​មុខ​ជន​សង្ស័យ​១៣​នាក់​ ក្នុង​នោះ​ស្រី​២​នាក់​ បន្ទាប់​ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​វេលា​យប់ និង​ព្រឹក​ថ្ងៃ​ទី​២​ វិច្ឆិកា នេះ​ ដោយ​ដក​ហូត​បាន​ម៉ូតូ​៥​គ្រឿង​ ម៉ា​ទឹកកក​៥​កញ្ចប់ រួម​ទាំង​ឧប​ករណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​។

តាម​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​៦​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​ខណ្ឌជ្រោយ​ចង្វារ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ចំណុ​ច​​មុខ​វត្ត​ខ្ទរ​ ស្ថិត​ក្នុ​ង​ភូមិ​ខ្ទរ​ តាម​ផ្លូវ​ជាតិ​លេខ​៦ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ​ ដោយ​ដក​ហូត​បាន​ម៉ា​ទឹកកក​៥​កញ្ចប់​ជាប់ខ្លួន​ និង​ម៉ូតូ​៣​គ្រឿង​។

បន្ទាប់​ពី​ឃាត់​ខ្លួន​សាក​សួរ​រួច​ សមត្ថ​កិច្ច​បាន​បន្ត​ឆែក​ឆេរ​ផ្ទះ​​របស់​ជន​សង្ស័យ​នៅ​ម្តុំ​បឹង​កក់​ឃាត់​បាន​​​​ជន​សង្ស័យ​ប្រុស​ ស្រី​៧​នាក់​ទៀត​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​ប្រើ​ប្រាស់​គ្រឿង​ញៀន​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដើម្បី​ធ្វើ​ការ​សាក​សួរ​។

គួរ​បញ្ជាក់​ថា ប្រតិ​បត្តិ​ការ​នោះ​ដឹក​នាំ​ដោយ​លោក​អនុ​សេនីយ៍​ឯក ឯក សេរី​វុឌ្ឍ អធិការ​រង​ខណ្ឌ​ជ្រោយ​ចង្វារ​ និង​មាន​ការ​ដឹក​នាំ​សម្រប​សម្រួល​ពី​លោក​ស្រី​កែវ សុគន្ធា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​៕