ស្តេច​ថៃ​ហែ​អង្គ​កឋិន​​ទាន​ចូលវ​ត្ត​ឧណ្ណាលោម បច្ច័យ​​បាន​ជាង​២ម៉ឺន​៦ពាន់​ដុល្លារ​

​រាជធានីភ្នំពេញ ៖ អង្គ​ព្រះ​កឋិន​ទាន​​ព្រះរាជ​​ទ្រព្យ ដែល​ជា​ព្រះ​រាជ​ទាន​​ដ៏​ថ្លៃថ្លា​របស់​​ព្រះមហាក្សត្រ​​ថៃ​ ភូមី​បុល អាប់​ឌុ​ល​យ៉ា​ដេ​ត ត្រូវ​បាន​ប្រារព្ធ​ពិធី​ដង្ហែ​ទៅ​វេរ​ប្រគេន​ដល់ ព្រះ​អ​ង្ឃ គង់​ចាំ​ព្រះ​វស្សា អស់​កាល​ត្រីមាស នៅ​វត្ត​ឧណ្ណាលោម ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​០២ ​​វិ​ចិ្ឆ​កា ២០១៥ ​។

​អង្គ​​ព្រះ​កឋិនទាន​ព្រះរាជ​ព្រ​ទ្យ​នេះ​ ដឹកនាំ​ដោយ​លោក Apichart CHINWANNO ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ថៃ លោក វិ​ជី​ត យ៉ា​ធី​ព (Vichit Yathip) ប្រធាន​សមាគម​មិត្តភាព ថៃ​-​កម្ពុជា និង លោក Nattavudh PHOTISARO ឯកអគ្គ​រាជទូត​ថ្មី​នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​កម្ពុជា ជាមួយ​វត្តមាន​របស់​មន្ត្រី​ស្ថាន ទូត​ថៃ​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​យាង និង អញ្ជើញ​​ចូលរួម​ពី​សំណាក់​ព្រះរាជ​វង្សានុវង្ស​កម្ពុជា ដែល​មានព្រះអង្គ​ម្ចាស់ នរោត្ដម សេរី​វុ​ធ អស់លោក លោកស្រី ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​និង​ព្រះសង្ឃ​និង​ប្រជាជន​វៀតណាម​មួយ​ចំនួន និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​យ៉ាងច្រើន​កុះករ​។

ក្នុង​នោះ​ដែរ ក៏​មាន​វត្តមាន សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជ​ពិធីបុណ្យ បាន​ប្រព្រឹត្ត​ទៅ​តាម​គន្លង​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដោយ​បាន​ប្រារព្ធ​ព្រះ រាជពិធី​ដង្ហែ​អង្គ​ព្រះ​កឋិនទាន​ព្រះរាជ​ទ្រព្យ ជុំវិញ​ព្រះ​វិហារ និង​ថ្វាយ​គ្រឿង​សក្ការៈបូជា ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធរូប​ស្នង​អង្គ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​នៃ​យើង និង​បាន​ប្រារព្ធ​នូវ​បទ​នមស្ការ ព្រះ​រតនត្រ័យ ថ្វាយបង្គំ​ព្រះ​សមា ទាន​សីល ដើម្បី​គោរព​រំឭក​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី​មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​។

ក្រោយ​ពី​ក្បួន​ដង្ហែ​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ​រួច​យក​ត្រៃចីវរ​អង្គ​កឋិន​ព្រះ​រាជទាន និង​គ្រឿង​បរិក្ខារ​ពី​ព្រះមហាក្សត្រ​ថៃ មក​រៀបចំ​វេរ​ប្រគេន​ព្រះសង្ឃ រួច​មក លោក Apichart  CHINWANNO បាន​អាន​ប្រកាស​អំពី​ព្រះ​ទ័យ​ជ្រះថ្លា​របស់​ព្រះមហាក្សត្រ​ថៃ ដែល​តែងតែមាន​បំណង​ចូលរួម​លើក​ស្ទូ​យ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ប្រទេស​ថៃ និង​កម្ពុជា​គោរព​ចំពោះ​ព្រះពុទ្ធ​សាសនា​តាម​ប្រពៃណី​ដូច​គ្នា​តាំងពី​យូរលង់​ណាស់​មក​។ បច្ច័យ​ដែល​ទទួល​បាន​ក្នុង​ពិធីបុណ្យ​កឋិនទាន​នេះ មាន​ចំនួន ១៥.៤០៦ ដុល្លារ​អា​មេ​រិ​ក និង​លុយ​បាត មាន​ចំនួន ៣៧៤.០០០ បាត និង ១.០១០.០០០ រៀល​។

ជាមួយ​នេះ ក៏​មាន​បច្ច័យ ដែល​បាន​មក​ពី​កឋិនទាន​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​ចំណុះ​ជើងវត្ត និង​រាជធានី​ភ្នំពេញ ចំនួន​ជាង ១០ លាន​រៀល​ផង​ដែរ​។ ព្រះមហាក្សត្រ​ថៃ តែងតែបាន​ដង្ហែ​អង្គ​ព្រះ​កឋិនទាន​ព្រះរាជ​ទ្រព្យ​មក​កាន់​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​មិត្តភាព រវាង​ព្រះពុទ្ធ​សាសនា និង​ដើម្បី​សម្ព័ន្ធមេត្រីភាព រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

ជា​ចុង​ក្រោយ​សម្តេច​មហាសង្ឃរាជ​ទេព វង្ស បាន​មាន​សង្ឃដីកា​ថា សូម​ពុ​ទ្ឋ​បរិស័ទ​ទាំងអស់​ជួយ​ជ្រោមជ្រែង​វិស័យ​ព្រោះ​ពុ​ទ្ឋ​សាសនា​យើង​បន្ថែម​ទៀត​សំខាន់​សប្បុរសជន​ទាំងអស់​មេត្តា​ជួយ​ផ្នែក​អាគារ​មន្ទី​ពេទ្យ​សម្រាប់​ព្រះសង្ឃ​ផង​ដែល​ពេល​នេះ​កំពុង​ត្រូវការ​កសាង​បន្ថែម​ទៀត​តាម​តម្រូវការ​ជា​ចាំបាច់​៕