៣៩ឆ្នាំ នៃមរណកាល របស់ទារក «កំសត់» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែកឥតល្ហែ

ភ្នំពេញ៖ ទំហំនៃក្តីឈឺចាប់ ធំជាងផែនពសុធារបស់លោកឪពុកម្នាក់ ដែលបានឃើញកូនរបស់ខ្លួនស្លាប់ បែរជាមិនអាចយកកូនទៅកប់ ឬថ្នាក់ថ្នមសម្បីតែបន្តិច បានរសាត់ និងកន្លងផុតទៅជិត ៣៩ឆ្នាំទៅហើយក្តី តែក្តីវិប្បយោគសោកសង្រេង និងដំណក់ទឹកភ្នែករបស់លោកឪពុក ប្រកបដោយព្រហ្មវិហារធម៌រូបនេះ នៅតែបន្តរមៀលស្រក់រាប់ម៉ឺនដំណក់ នៅពេលរលឹកដល់ទិដ្ឋភាព និងថ្ងៃ ដែលកូនរបស់ខ្លួន បានលាចាកលោក ក៏ដូចជាខួប នៃថ្ងៃមរណកាលរបស់កូន។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គឺជាខួប ៣៩ឆ្នាំ បុត្រាច្បង របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានដាក់ឈ្មោះថា «កំសត់» បានលាចាកលោកទាំងមិនបាល់មើលឃើញពន្លឺព្រះអាទិត្យ ឬ ភក្ររបស់លោកឪពុក និង អ្នកម្តាយរបស់គេ។ រលឹកទៅដល់ថ្ងៃ ដ៏សែនវិប្បយោគនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបនូវអត្ថបទដ៏វែងអន្លាយមួយ លាតត្រដាងប្រវត្តិ នៃការមរណកាលកូនរបស់ខ្លួន ដោយរៀបរាប់នូវ ហេតុការដ៏លំអិត និងបង្ហាញពីភាពសោកសង្រេងរបស់ខ្លួន ក្នុងនាមជាឪពុក ដែលមិនអាចជួយអ្វីបានសម្រាប់កូន សូម្បីតែការយកសពទៅបញ្ចុះ។

នៅក្នុងអត្ថបទ ដែលអាចហៅបានជាវិយោគកថា ដ៏ឈឺចាប់នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងរបបអាវខ្មៅរបស់ ប៉ុល ពត រូបសម្តេច និងប្រជាពលរដ្ឋខ្មែរដទៃទៀត មិនសិទ្ធិមិនស្មើសត្វឆ្កែ និងសត្វឆ្មាផង ដោយសម្តេចអះអាងថា ឆ្កែ និងឆ្មា អាចមើលថែទាំកូនៗ របស់ពេលនៅពេលកើតមក។ សម្រាប់សម្តេចវិញ មិនត្រូវបានគេ អនុញ្ញាតឲ្យមើលមុខកូននោះឡើយ ដែលវាជារឈឺចាប់បំផុតសម្រាប់សម្តេច ដែលជាឪពុក។

សម្តេចតេជោ ហ៊ុន សែន រលឹកនឹកគុណដួងវិញ្ញាណក្ខន្ធកូនប្រុសម្នាក់នេះ ដែលតែងតែជួយសម្តេច និងភរិយារបស់សម្តេច សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឲ្យបានជួបតែភាពសុខសាន្តរៀងរហូតមក។

ខាងក្រោម ជាអត្ថបទបង្ហាញពីប្រវត្តិនៃមរណកាលរបស់ «កំសត់» និង ភាពឈឺចាប់របស់សម្តេច ដែលត្រូវបានបង្ហោះនៅលើទំព័រ Facebook របស់សម្តេច នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥។ អត្ថបទ ដែលមានខ្លឹមសារ ទាំងស្រុងខាងក្រោមនេះ ត្រូវបានសម្តេចបញ្ជាក់ថា វាយតាមទូរស័ព្ទ ជាមួយនិងដំណក់ទឹកភ្នែករាប់ម៉ឺនដំណក់ ដែលរមៀលធ្លាក់មកមិនដាច់។

ខ្ញុំបានរំលឹក និង សរសេរអំពីការចងចាំប្រវត្តិរឿងពិត នៃកូនប្រុសកំសត់របស់ខ្ញុំ នៅពេលកំពុងធ្វើដំណើរតាមយន្ត ហោះពីទីក្រុងប៉េកាំងមកកម្ពុជា ក្រោយពីបានបញ្ចប់ការចូលរួមប្រជុំសំខាន់ៗ មួយចំនួននៅប្រទេសចិន កាលពីថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ។

កូនប្រុស ដ៏កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេ គឺដល់ខួប ៣៩ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៥)។ ពុក និង ម៉ែកូន មិនដែលភ្លេចទេ នូវសោកនាដកម្ម ដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុក និងម៉ែនោះ។ ការរៀបចំឡើងនូវផ្នូររបស់កូន នឹង ចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែ បាន ធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ធកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង ៦ព្រឹក ថ្ងៃទី១០ ខែវិច្ចកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃ ម្តាយកូន គ្រូពេទ្យបានធ្វើឲ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឲ្យកូនបាក់ឆ្អឹងខ្នងនឹងធ្លាក់ដល់ដីគាប់ជួនពុកបាន ធ្វើដំណើរពី ភូមិ ក្តុល ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូន ឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះ មិនថា តែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទិ្ធតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារ កូនវាច្រើនជាងមនុស្ស។ តែដូចទេវតា បានជួយរៀបចំឲ្យពុក បានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូង ឃ្មុំ នាពេលនោះ ដែលពុកមានឱកាសចូលមើលម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ ភាពតក់ស្លុត បានកើត ឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជំងឺ ដែលសម្រាកជាមួយម្តាយ កូនស្រែកប្រាប់ថា «រ៉ានី ឆ្លងទន្លេ ហើយកូនស្លាប់ហើយ»។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញ តាមមាត់ ពុកប្រឹងស្រែកឱយគេជួយ ដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន នឹងមិន ទាន់ដឹងថា កូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់ផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការ ឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការ អនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង «កម្មសិទិ្ធមនោសញ្ចេតនាក្រាស់» «មិត្តឯង មិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះ មិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល»។ល។

ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញ ពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឲ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុក ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូន ដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះ កូន ថា «កំសត់»។ ឈ្មោះនេះ នៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូនកំសត់នេះ ហាក់តាមថែរក្សាពុកម៉ែគ្រប់ពេល វេលា។

ពួកគេបង្ខំឲ្យពុកចាកចេញពីម្តាយកូន និងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយ មកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូន ដែលកំពុងមានជំងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា «សល់ សុក»។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យ ដើម្បីឲ្យឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយ កូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារ បន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរក សាកសពកូននៅពេលនោះទេ សង្ឃឹមថា កូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សម្រាប់កូន តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០មក។

រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក សូម្បីតែពេលពុកកំពុងវាយ អត្ថបទនេះ គឺទឹកភ្នែកពុកហូរស្រក់លើម៉ាស៊ីនទូរស័ព្ទ។ នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការ ឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុល ពត សម្លាប់ នឹងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និង ក្មួយៗ របស់កូនតទៅទៀត៕

៣៩ឆ្នាំ នៃមរណកាល របស់ទារក «កំសត់» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែកឥតល្ហែ

៣៩ឆ្នាំ នៃមរណកាល របស់ទារក «កំសត់» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែកឥតល្ហែ

៣៩ឆ្នាំ នៃមរណកាល របស់ទារក «កំសត់» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែកឥតល្ហែ

៣៩ឆ្នាំ នៃមរណកាល របស់ទារក «កំសត់» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែកឥតល្ហែ

៣៩ឆ្នាំ នៃមរណកាល របស់ទារក «កំសត់» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែកឥតល្ហែ

៣៩ឆ្នាំ នៃមរណកាល របស់ទារក «កំសត់» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែកឥតល្ហែ