ADB និងក្រសួង កិច្ចការនារី រៀបចំព្រឹត្តិការណ៏ កម្មវិធីស្ត្រីជាអ្នកដឹកនាំ នៅអាស៊ីលើកទី២

ភ្នំពេញ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយ ក្រសួងកិច្ចការនារី កំពុងរៀបចំព្រឹត្តិការណ៍ កម្មវិធីស្ត្រី ជាអ្នកដឹកនាំ នៅអាស៊ី (ដែលហៅកាត់ថា AWLP) លើកទី២ ដែលចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីជួយដល់ស្ត្រីដែល ជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អភិវឌ្ឍសក្តានុពលរបស់ពួកគេ ដើម្បីក្លាយជាអ្នកដឹកនាំ នាពេលអនាគត នេះបើតាម សេចក្តីប្រកាស ព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៥។

កម្មវិធីដែលមានរយៈពេល៤ ថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានការរៀបចំ ព្រឹត្តិការណ៍បែបនេះ ជាលើកដំបូងប្រកប ដោយ ជោគជ័យកាលពីឆ្នាំមុន។ ស្ត្រីដែលជាមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់សរុបចំនួន២៥ នាក់ មកពីប្រទេសចំនួន១៦ នៅអាស៊ីប៉ាស៊ីហ្វិច ភាគច្រើនមកពីក្រសួងហិរញ្ញវត្ថុ ផែនការ និងហេដ្ឋារចនាសម្ព័ន្ធ កំពុងចូលរួមក្នុងកម្មវិធីនេះ។

លោកស្រី Sonomi Tanaka ទីប្រឹក្សាបច្ចេកទេសផ្នែកសមធម៌យេនឌ័រ នៃនាយកដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុរបស់ ADB មានប្រសាសន៍ថា «កម្មវិធី AWLP នេះ នឹងរិះរកមូលហេតុ ដែលស្ថិត នៅពី ក្រោយ «ការកម្រឃើញមាន» ស្ត្រីកាន់មុខតំណែងជាថ្នាក់ដឹកនាំ ក្នុងរដ្ឋបាលសាធារណៈ នៅអាស៊ី និង ប៉ាស៊ីហ្វិច និងផ្តល់ជាឧបករណ៍ និងគំនិត ដើម្បីជួយឲ្យពួកគេជំនះឧបសគ្គនានា ដើម្បីក្លាយជាអ្នកដឹកនាំ។ ព្រឹត្តិការណ៍នេះ រួមមាន ការកសាងទំនុកចិត្តផ្ទាល់ខ្លួន ការបណ្តុះបណ្តាលអំពីការប្រាស្រ័យទាក់ទង និងប្រព័ន្ធ ផ្សព្វផ្សាយ ការចែករំលែកបទពិសោធន៍ ការបង្កើតបណ្តាញ និងការបង្កើតសម្ព័ន្ធភាព»។

របាយការណ៍ស្តីពីសមភាពយេនឌ័រ ក្នុងរដ្ឋបាលសាធារណៈរបស់ UNDP ឆ្នាំ ២០១៤ បានរកឃើញថា នៅក្នុង សកលលោកទាំងមូល ស្ត្រីកាន់មុខតំណែងធ្វើសេចក្តីសម្រេចចិត្តតិចជាង ១៥% ដោយចំនួននៅអាស៊ីប៉ាស៊ីហ្វិច ជាទូទៅមានកម្រិតទាបជាងចំនួននៅប្រទេសអាហ្វ្រិច។ ក្នុងពេលជាមួយគ្នា ទិន្នន័យ ADB បង្ហាញថា ខណៈពេល ដែល ៤០% នៃកម្លាំងពលកម្មនៅអាស៊ី គឺជាស្ត្រី មានសមាជិកគណៈគ្រប់គ្រងតាមក្រុមហ៊ុនត្រឹមតែ ១៥% ប៉ុណ្ណោះ ជាស្ត្រី ហើយស្ទើរតែពុំមានស្ត្រីសោះក្នុងជួរអ្នកគ្រប់គ្រង ក្នុងវិស័យឧស្សាហកម្មស្ត្រីមួយចំនួន ដែលជាថ្នាក់ដឹកនាំ កំពូល ក្នុងតំបន់នេះ នឹងធ្វើជាវាគ្មិន ក្នុងកម្មវិធីនេះ ដូចជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មក ពីអង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងប្រទេសកម្ពុជា នេប៉ាល់ ឥណ្ឌា សាធារណរដ្ឋគីហ្សីក សាធារណរដ្ឋកូរ៉េ និងហ្វ៊ីលីពីន។ ស្ត្រីដែលជាថ្នាក់ដឹកនាំទាំងនេះ នឹងចែករំលែកដំណើរផ្លូវក្នុងជីវិតផ្ទាល់ខ្លួន និងទស្សនយល់ ឃើញរបស់ ពួកគេ ក្នុងគោលបំណងបំផុស និងលើកទឹកចិត្ត ដល់អ្នកចូលរួមក្នុងកម្មវិធីនេះ។ លោកស្រី Roberta Clarke នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិចរបស់ UN Women នឹងឡើងថ្លែងសន្ទរកថាគន្លឹះ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលចូលរួមរៀបចំព្រឹត្តិការណ៍នេះមានប្រសាសន៍ថា «គោល បំណងនៃព្រឹត្តិការណ៍នេះ គឺសមស្របទៅតាមការផ្តោតការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជា លើការជំរុញ លើកកម្ពស់ឲ្យមានស្ត្រីឲ្យបានច្រើននាក់កាន់មុខតំណែងជាអ្នកដឹកនាំ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត នៅគ្រប់កម្រិត ទាំងអស់របស់រដ្ឋាភិបាល។ ស្ត្រីទាំងនេះ ក៏ជាអ្នក ជម្រុញរបៀបវារៈយេនឌ័រ តាមផែ្នកការងាររបស់ពួកគេ ក្នុងសេវា សាធារណៈផងដែរ»។

ធនាគារអភិវឌ្ឍន៍អាស៊ី មានគំនិតផ្តួចផ្តើមជាច្រើន ដើម្បីកាត់បន្ថយគម្លាតយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី នៅអាស៊ី និងប៉ាស៊ីហ្វិច។ ការគាំទ្រដល់ការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត នៅថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និងកម្រិតគ្រួសារ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាអាទិភាពសំខាន់ៗ នៃផែនការប្រតិបត្តិស្តីពីសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕