អ.ស.ប ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ទទួល​ខុស​ត្រូវ​រឿង​បាតុករ​វាយ​តំណាង​រាស្ត្រ​ប្រឆាំង

ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសិទ្ធិមនុស្ស (HCDH) បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​កង​កម្លាំង​កម្ពុជា ឲ្យ​គោរព​សេរីភាព​នៃការបញ្ចេញមតិ និង​សេរីភាព​នៃ​ការជួបប្រជុំ របស់ពលរដ្ឋ ជាពិសេស​អ្នក​នយាបាយ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។
អ.ស.ប ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ទទួល​ខុស​ត្រូវ​រឿង​បាតុករ​វាយ​តំណាង​រាស្ត្រ​ប្រឆាំង
លោក ញ៉យ ចំរើន (ខាងឆ្វេង) និងលោក គង់ សភា តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ។ (រូបថត ហ្វេសប៊ុក)

«យើងមានការព្រួយបារម្ភណាស់ ទៅនឹងសភាពនយោបាយថ្មីៗ ដែលកើតមានឡើង ទៅលើមេដឹកនាំ និង​ក្រុមអ្នកស្មោះស្ម័គ្រ របស់ក្រុមប្រឆាំងនៅកម្ពុជា» នេះជាការអះអាង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យស្នងការជាន់ខ្ពស់ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រទី ៣០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងការិយាល័យកណ្ដាល នៃស្ថាប័នទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ អ្នកស្រីអ្នកនាំពាក្យ បានពន្យល់ថា ខណៈពេល​ដែលសកម្មជន ស្និតនឹងគណបក្សប្រឆាំងចំនួន ១១នាក់ កំពុងអនុវត្តន៍ទោស ពី៧ទៅ២០ឆ្នាំ ក្នុងពន្ធនាគារ ពីបទបានចូលរួម ឬដឹកនាំការបះបោរ ប្រឆាំងអាជ្ញាធរសាធារណៈនោះ សមាជិកព្រឹទ្ធសភាម្នាក់ទៀត របស់​ក្រុមប្រឆាំង កំពុងរងចាំការកាត់ទោស ពីបទចោទប្រកាន់ជាច្រើន ក្នុងនោះមានការញុះញង់ ឲ្យប្រព្រឹត្តិបទ​ឧក្រិដ្ឋ និងក្លែងឯកសារសាធារណៈ។

អ្នកស្រី រ៉ាវីណា សាមដាសានី បានថ្លែងទៀតថា ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃចន្ទកន្លងទៅ បាតុករស្និត​នឹងរដ្ឋាភិបាលមួយក្រុម បានប្រើអំពើហិង្សា យ៉ាងឃោឃៅ ទៅលើអ្នកតំណាងរាស្ត្រពីររូប មកពីគណបក្ស​ប្រឆាំង និងគម្រាមកំហែង ដល់លំនៅដ្ឋានផ្ទាល់ របស់(អតីត)អនុប្រធានទីមួយ នៃរដ្ឋសភា។ អ្នកស្រីបានហៅ​សកម្មភាពខាងលើ មានលក្ខណៈ ដូចជាបានរៀបចំទុកជាមុន ហើយក្រុមនគរបាល និងកងកម្លាំងរក្សា​សន្តិសុខ ដែលមានវត្តមាននៅនឹងកន្លែង ហាក់មិនបានរវីរវល់ ធ្វើប្រតិកម្មឆ្លើយតប នឹងទង្វើរបស់​ក្រុមនេះ​ឡើយ ដែល​ខុស​ប្លែក​ពីការបង្ក្រាបមុនៗរបស់អាជ្ញាធរ ទៅលើបាតុកម្មដែលរៀបចំឡើង ដោយក្រុមប្រឆាំង​រដ្ឋាភិបាល។

អ.ស.ប ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ទទួល​ខុស​ត្រូវ​រឿង​បាតុករ​វាយ​តំណាង​រាស្ត្រ​ប្រឆាំង

តំណាងស្នងការជាន់ខ្ពស់ ខាងសិទ្ធិមនុស្សរូបនេះ បានរំលឹកឡើងវិញថា ទោះជាមាននិន្នាការនយោបាយ​បែប​ណាក៏ដោយ ក៏ពលរដ្ឋម្នាក់ៗ សុទ្ធតែមានសិទ្ធិ នៅក្នុងការជួបជុំដោយអហិង្សា និងទទួលបាន​នូវ​សេរីភាព នៃការបញ្ចេញមតិ ដោយពេញបរិបូណ៌។ អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «វាជាការទទួលខុសត្រូវ របស់​រដ្ឋាភិបាល ក្នុងត្រួតពិនិត្យមើលថា អ្នកទាំងនោះមិនត្រូវបានយាយី ដោយមកពីមូលហេតុនយោបាយ ឬមក​​ពី​ពួក​គេ​មានទស្សនៈផ្សេងឡើយ»។

«យើងទាមទារដូចគ្នា ឲ្យរដ្ឋាភិបាល ត្រូវចាត់គ្រប់វិធានការដ៏ចាំបាច់ ដោយមិនគិតពីនិន្នាការនយោបាយ ដើម្បី​ធានាសន្តិសុខ ដល់តំណាងរាស្ត្រ ដែលជាប់ឆ្នោតដោយការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ នៅ​កម្ពុជា និងពិនិត្យមើលឲ្យបានដិតដល់ ថាកងទ័ពខេមរភូមិន្ទកម្ពុជា ព្រមទាំងកងកម្លាំងផ្សេងទៀតរបស់រដ្ឋ ពិត​ជា​បាន​ធ្វើ​សកម្មភាព ស្របទៅតាម«ក្រមប្រតិបត្តិ (របស់អ.ស.ប)» សម្រាប់ការទទួលខុសត្រូវ នៅ​ចំពោះ​​មុខ​ច្បាប់​ជា​ធរមាន»។

យ៉ាងណា អ្នកស្រី រ៉ាវីណា សាមដាសានី បានថ្លែងអបអរសារទ ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រកើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេត ពីហេតុការណ៍ដែលកើតឡើង កាលពីថ្ងៃ​ចន្ទទី២៦ ខែតុលា តែបានបញ្ជាក់បន្ថែមថា ការស៊ើបអង្កេតនោះ នឹងមិនអាចទទួលយកបានទេ ប្រសិនណា​ជាវាមិនមានលក្ខណៈ«ឯករាជ្យ ស្រួចស្រាវ ស៊ីជម្រៅ និងឆាប់រហ័ស»៕


» វីដេអូ ទាក់ទងនឹងការវាយតប់លើតំណាងរាស្ត្រ៖