គជប​៖ ថ្ងៃទី​១ នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង មាន​អ្នក​ចុះឈ្មោះ​ជាង ១៧០០ នាក់​

ភ្នំពេញ: ​គជប បានប្រកាស​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង សម្រាប់​ថ្ងៃទី​១​វិច្ឆិកា ត្រូវជា​ថ្ងៃទី​១ នៃ​ដំណើរការ​ចុះឈ្មោះ​រយៈពេល ១៥ ថ្ងៃ គឺមាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ១.៧៣៦ នាក់​។

​ក្នុង​សេចក្តីប្រកាស​របស់​គជ​ប ចុះ​ថ្ងៃទី​១​វិច្ឆិកា បង្ហាញថា ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​នៅ​ភូមិ​ត្នោត ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ច្រើនជាងគេ គឺមាន​ចំ​នយន ១១៣ នាក់ ដូចគ្នា​។ រីឯ​ចំនួន​អ្នក​ចុះឈ្មោះ​តិចជាងគេ ត្រឹមតែ ១៧ នាក់ កាល​ថ្ងៃទី​១​វិច្ឆិកា គឺ​នៅ​៣ ភូមិ រួមមាន ភូមិ​ពូ​ត្រែង ភូមិ​ឆប និង​ភូមិ​ពូ​ឡេះ ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​សូម​រម្លឹកថា គជប បានចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង កាលពី​ថ្ងៃទី​១​វិច្ឆិកា នៅក្នុង ៤១ ភូមិ នៅ ២៥ ឃុំ​សង្កាត់ ទូទាំងប្រទេស ដោយ​មួយ​ខេត្ត​រាជធានី គជប​កំណត់​យក​មួយ​ឃុំ ឬមួយ​សង្កាត់​។ គជប បាន​ប៉ាន់​ស្មានថា ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង នៅ ២៥ ឃុំ​សង្កាត់ មាន​ចំនួន​សរុប ៣២.៧៥៥ នាក់​។ គជប គ្រោង​នឹង​ចំណាយ​ជាង ១ លាន​ដុល្លារ សម្រាប់​ការចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង រយៈពេល ១៥ ថ្ងៃនេះ​។​

​ការចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង នៅពេលនេះ ប្រើ​កុំ​ព្យួ​ទ័​រ មាន​ទាំង​ថតរូប និង​ស្នាម​មេដៃ​អ្នកបោះឆ្នោត នៅពេលនេះ គឺ​គជប មាន​គោលដៅ​ក្នុងការ​ទប់ស្កាត់​អ្នក​បន្លំ​ចុះឈ្មោះ​ច្រើនដង ហើយ​គជប រៀបចំ​បញ្ជី​បោះឆ្នោត​មួយ ដែលមាន​តម្លាភាព និង​មាន​គុណភាព ព្រមទាំង​មាន​សុវត្ថិភាព​៕​

គជប​៖ ថ្ងៃទី​១ នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង មាន​អ្នក​ចុះឈ្មោះ​ជាង ១៧០០ នាក់​