ADB គាំទ្រ​ការរៀបចំ​NESAP ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​បញ្ជាក់ថា​ខ្លួន​នឹង​ផ្តល់​ការគាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ហៅ​កាត់​ថា​(NESAP) ដើម្បី​ជួយ​ឲ្យ​កម្ពុជា សម្រេច​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន​ប្រកបដោយ​ចីរភាព​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB ចេញផ្សាយ​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ នឹង​ផ្តោត​អទិភាព​លើ​គោលនយោបាយ និង​ជម្រើស​ផ្តល់​ហិរញ្ញប្បទាន​នានា ធ្វើយ៉ាងណា​ធានាថា កិច្ច​គាំពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព ដើម្បី​ក្លាយជា​សសរស្តម្ភ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

​បើតាម​ADB ផែនការ​នេះ​ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ​ដល់​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួង​ចំនួន​១៧ រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​ផង ក្នុង​សិក្ខាសាលា​មួយ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោម​ការគាំទ្រ​ពី​ADB ។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នេះ​ថា​៖« យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ឲ្យ​ក្រសួង​ទាំងអស់ ព្រមទាំង​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ ដាក់បញ្ចូល​ក្តីបារម្ភ​នានា​ពាក់ព័ន្ធ​នឹង​បរិស្ថាន ទៅក្នុង​គោលនយោបាយ​សេដ្ឋកិច្ច និង​ការវិនិយោគ​»​។ លោក​បន្ថែមថា អ្នកពាក់ព័ន្ធ​ទាំងអស់ ចាំបាច់​ត្រូវតែ​សហការគ្នា​ឲ្យ​ជិតស្និត ដើម្បី​សម្រេច​គោលបំណង​ដែល​បានដាក់​ចេញ​ក្នុង​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ​។

​ក្រសួងបរិស្ថាន​កំពុង​សម្របសម្រួល​ដំណើរការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ​ឡើង ក្រោម​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ពី​កម្មវិធី​បរិស្ថាន​ស្នូល​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​ដឹកនាំ​ដោយ​ADB​។ គេ​រំ ពឹង​ថា យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ នឹងត្រូវ​បញ្ចប់ ហើយ​ទទួលបាន​ការអនុម័ត​ពី​រដ្ឋាភិបាល​នៅ​ចុងឆ្នាំ​២០១៦ ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​