សញ្ញា​ថា​រដ្ឋ​ឥស្លាម​បាញ់​យន្តហោះ​រុស្ស៊ី​កើនឡើង ព្រោះ​យន្តហោះ​ផ្ទុះ​លើ​អាកាស​

 ក្រោយ​យន្តហោះ Airbus 320 របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​ធ្លាក់​នៅ​អេ​ហ្ស៊ី​ប ការសន្និដ្ឋាន​ជុំវិញ​មូលហេតុ​នៃ​ការធ្លាក់​បានក្លាយ​ជា​រឿងចម្រូងចម្រាស​។ មកទល់ពេលនេះ ទោះជា​ការស៊ើបអង្កេត​កំពុង​បន្ត​ក៏ដោយ ភាគរយ​ដែលថា​ក្រុម​ភេរ​ជន​នៅ​ពីក្រោយ​ករណីនេះ​កាន់តែ​កើតឡើង ព្រោះ​គេ​រកឃើញថា​យន្តហោះ​បែក​ជា​បំណែក​ពេល​កំពុង​ហោះហើរ​។

​នាយក ប្រតិបត្តិ​គណកម្មការ​អាកាសចរ​ណ៍​រុស្ស៊ី Viktor Sorochenko បាន​បញ្ជាក់ថា  យន្តហោះ​រុស្ស៊ី​ដែល​បាន​ធ្លាក់​នៅ​អេ​ហ្ស៊ី​ប​នោះបាន​ផ្ទុះ​បែក​ជា​បំណែក​នៅលើ​អាកាស​ពេល​កំពុង​ហោះហើរ​។  ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ​លោក​បាន​សង្កត់ធ្ងន់ថា វា​ជា​រឿង​រហ័ស​ពេក​ក្នុងការ​សន្និដ្ឋានថា អ្វី​ជា​មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​យន្តហោះ​នេះ​។

​ករណី​ដែល​យន្តហោះ​ផ្ទុះ​បែក​ជា​បំណែ​កលើ​អាកាស វា​បញ្ជាក់​ច្បាស់​ថា យន្តហោះ​អាច​បុក ឬ​ទង្គិច​ជាមួយ​វត្ថុ​អ្វី​នៅលើ​អាកាស ឬ​អាចមាន​ផ្ទុក​គ្រឿងផ្ទុះ​ផង​ក៏​ថា​បាន​។ ហើយ​ការ​ខូច​ម៉ាស៊ីន​ពេល​ហោះ​ហើយ ទំនងជា​មិនមែនជា​មូលហេតុ​ចម្បង​នៃ​ការធ្លាក់​នោះទេ​។​

​ជុំវិញ​សំណុំរឿង​នេះដែរ អតីត​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ Kogalymavia airline បាន អះអាង​ផងដែរ​ថា ប្រភេទ​យន្តហោះ Airbus 321 នោះ​មិន​ដែរ​ធ្លាប់មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​នោះឡើយ​តាំងពី​ចាប់ផ្តើម​បម្រើការ​ងារ​ដឹក​អ្នកដំណើរ​មក​។ លោក​បាន​បញ្ជាក់ថា យន្តហោះ​ប្រភេទ​ខាងលើ​មាន​ម៉ាស៊ីន​ដែលមាន​សុវត្ថិភាព​បំផុត មិន​ងាយ​ប្រឈម​បញ្ហា​ឡើយ​។ ប៉ុន្តែ​លោក​មិនបាន​បង្ហើប​ឬ​សន្និដ្ឋានថា មូលហេតុ​អ្វី​នៅ​ពីក្រោយ​ការធ្លាក់​នេះ​ទេ ព្រោះ​ការស៊ើបអង្កេត​នៅ​មិន​ចប់​នៅឡើយ​។​

​បើតាម​មន្ត្រី​ជំនាញ​និង​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក Abdel Fattah El-Sisi ការស៊ើបអង្កេត​ពេញលេញ និង​ត្រឹមត្រូវ​ប្រហែលជា​ត្រូវ​ចំណាយពេល​យ៉ាងតិច​មួយខែ​ដែរ​។ ប៉ុន្តែ​ប្រអប់​ខ្មៅ​ត្រូវបាន​គេ​រកឃើញ​រួចរាល់​ហើយ​។

​បើតាម​សម្តី​មន្ត្រីជាន់ខ្ពស់​ផ្នែក​អាកាសចរណ៍​លោក Viktor Sorochenko លោក​ពិតជា​ចង់​បង្ហាញថា ការសន្និដ្ឋាន​ជារួម​អាច​ធ្វើឡើង​ដរាបណា​ភស្តុតាង​ត្រូវបាន​ប្រមែរ​ប្រមូល​ចប់សព្វគ្រប់ ហើយ​ការស៊ើបអង្កេត​ក៏ត្រូវ​បាន​គេ​បញ្ចប់​ពេញលេញ​ដែរ​។ លោក​លើកឡើង​បែបនេះ​ដោយសារ​ក្រោយ​ធ្លាក់​ភ្លាម​ក្រុម​រដ្ឋ​ឥស្លាម​សាខា​នៅ​អេ​ហ្ស៊ី​ប​បានប្រកាស​ពី​ជ័យជម្នះ​របស់ខ្លួន ដោយ​បញ្ជាក់ថា​ក្រុម​ខ្លួន​នេះហើយ​ជា​អ្នកបាញ់​យន្តហោះ​រុស្ស៊ី​ទម្លាក់​នៅ​តំបន់​ស៊ី​ណៃ​។  ប៉ុន្តែ​រុស្ស៊ី​បាន​ទាត់​ចោលការ​ព័ត៌មាន​នេះ ដោយ​មិនទាន់​ចាត់ទុកថា​ការធ្លាក់​យន្តហោះ​បង្កដោយ​ក្រុម​ភេរវជន​ឡើយ​។

​គេ​អាច​ជឿជាក់​ផងដែរ​ថា ការធ្លាក់​យន្តហោះ​នេះ​អាចជា​ស្នាដៃ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ព្រោះ​ក្រុម​នេះ​ចង់កំហឹង​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ដែល​អន្តរាគមន៍​ក្នុងប្រទេស​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​ខ្លួន​។ កន្លងមក​ប្រទេស​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​សុទ្ធតែ​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ក្រុម​នេះ​។ គិត​មកទល់​ថ្ងៃនេះ​មាន​រយៈពេល​ជាង​មួយខែ​ហើយ ដែល​រុស្ស៊ី​ប្រើប្រាស់​យន្តហោះ​ចម្បាំង​និង​សហការ​ជាមួយ​ទ័ព​រដ្ឋាភិបាល​ស៊ី​រី និង​អ៊ីរ៉ង់​ដើម្បី​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទីនោះ​។​

​សូមបញ្ជាក់ថា  យន្តហោះ​រុស្ស៊ី​ដែលមាន​ជើងហោះហើរ​លេខ 7K 9268 ដែល​ធ្លាក់​ហោះ​ចេញពី​ព្រលានយន្តហោះ​អេ​ហ្ស៊ី​ប​នៅ​ម៉ោង ៦៖ ៥១​នាទី​ព្រឹក និង​ត្រូវ​មកដល់​ព្រលានយន្តហោះ​រុស្ស៊ី St Petersburg នៅ​ម៉ោង​១២៖១០​នាទី​ថ្ងៃត្រង់​។ ប៉ុន្តែ​យន្តហោះ​បាន​ដាច់​ការទាក់ទង​ជាមួយ​ភ្នាក់ងារ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ស៊ី​ព្រុស ២៣​នាទី​ក្រោយ​ហោះ​ឡើង​។ មនុស្ស​ក្នុង​យន្តហោះ​ដែល​បាត់​នោះ​មាន ២១៧​នាក់​ជា​អ្នកដំណើរ​ភាគច្រើន​អ្នកទេសចរ​រុស្ស៊ី និង​៧​នាក់​ទៀត​ជា​អ្នកបម្រើ​លើ​យន្តហោះ​៕
 
​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​