បង្កើតព្រឹត្តិការណ៍​ប្រណាំង​កង់ FRFO ដើម្បី​រកមូល​និធិ​ជួយ​ក្មេង​កំព្រា

ភ្នំពេញ៖ ក្នុងគោលបំណងអភិវឌ្ឍន៍សង្គមជាតិ និងជួយដល់កុមារកំព្រា ដែលគ្មានទីពឹង ក្រុមហ៊ុន URBAN Architecture នឹងរៀបចំព្រឹត្តិការណ៍ ប្រណាំងកង់សប្បុរសធម៌មួយ មានឈ្មោះថា Fun Race For Orphans ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកំព្រានានា ដែលកំពុងមានភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតណាំងកង់ខាងលើ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ លោក អេង វិនបូ តំណាងក្រុមហ៊ុន URBAN Architecture បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលក្រុមហ៊ុន ផ្ដួចផ្ដើមគំនិតបង្កើតព្រឹត្តិការណ៍នេះ ជាមួយនឹងការតស៊ូបំផុត ព្រោះមិនទាន់មានបទពិសោធន៍ ។ ប៉ុន្ដែលោកសង្ឃឹមថា នឹងជោគជ័យដោយសារមានហាងកង់ហោះ (២) ដែលធ្លាប់មានបទ ពិសោធន៍រៀបចំព្រឹត្តិការណ៍បែបនេះ ចូលរួមរៀបចំ និងផ្ដល់នូវបច្ចេកទេសផ្សេងៗ ។

លោក អេង វិនបូ បានបន្ដថា ការប្រកួតនេះ នឹងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ ដោយបែងចែកវិញ្ញាសាប្រណាំងជា៣ប្រភេទ គឺវិញ្ញាសាប្រណាំងកង់ជាក្រុម៤នាក់ ក្នុងមួយក្រុម វិញ្ញាសាពិសេស សម្រាប់កីឡាករ-កីឡាការិនី មានអាយុចាប់ពី៣៥ឆ្នាំឡើង និងវិញ្ញាសាប្រណាំងកង់ក្មេងៗ ។ ចំពោះទីតាំងប្រកួត សម្រាប់ការជិះកម្សាន្ដ នឹងចេញដំណើរពីកោះពេជ្រ ឆ្លងកាត់កំពង់ចម្លងកោះដាច់ បន្ទាប់មកទើបមានកម្មវិធីតាម វិញ្ញាសាដែលបានកំណត់ ។

ប៉ុន្ដែដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនី ត្រូវបង់ថវិកាសុំសិទ្ធិចូលរួមជាមុនសិន ក្នុងនោះអ្នកចង់ចូលរួមជិះកម្សាន្ដ ឬកុមារ និងជិះជាក្រុម ត្រូវបង់៥ដុល្លារ តែសម្រាប់អ្នកចូលរួមវិញ្ញាសា ពិសេស (VIP) ត្រូវបង់១៥ដុល្លារ ។ ចំពោះការចុះឈ្មោះនោះដែរ ក៏ទទួលបាននូវអាហារសម្រន់ និងអាវផងដែរ ។

លោក អេង វិនបូ បានបញ្ជាក់ថា ថវិកាដែលទទួលបានពីការចុះឈ្មោះ គឺសម្រាប់ផ្គត់ផ្គង់លើការរៀបចំផ្សេងៗ ដូចជាអាហារសម្រន់ និងអាវជាដើម ប៉ុន្ដែចំពោះថវិកាដែលនៅសល់ ក្រុមការងាររបស់លោក នឹងយកទៅទិញសម្ភារៈផ្សេងៗ ដូចជាសម្ភារៈសិក្សាជាដើម សម្រាប់ផ្ដល់ជូនដល់កុមារកំព្រា ។ លើសពីនេះទៀត លោកក៏មានគម្រោងនាំយកថវិកាដែលទទួលបានពីការរៀបចំ ព្រឹត្តិការណ៍ក្រោយៗ ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ឋាផងដែរ ប្រសិនបើការរៀបចំលើកទី១នេះទទួលបានជោគជ័យ និងមានអ្នកចូលរួមច្រើននោះ ៕

បង្កើតព្រឹត្តិការណ៍​ប្រណាំង​កង់ FRFO ដើម្បី​រកមូល​និធិ​ជួយ​ក្មេង​កំព្រា