លទ្ធផល​ការ​ប្រកួត​បាល់ទាត់​អន្តរក្រសួង​-​ស្ថាប័ន​ស​ប្ដា​ហ៍​ទី​2 កន្លង​មកនេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​អន្តរក្រសួង​-​ស្ថាប័ន​បាន​ឈាន​ចូល​មក​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។ ក្រុម​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានឱកាស​រកបាន​៣​ពិន្ទុ​បន្ថែម បន្ទាប់​ពី​ប្រកួត​ឈ្នះ​ក្រុម​ក្រសួង ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច​២.១​កាលពី​ថ្ងៃអាទិត្យ​ទី​១ វិច្ឆិកា នៅ​លើ​ទីលាន​បាល់ទាត់ Premium Sport Club​។

ក្រុម​ក្រសួង​ការងារ​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​គឺ កាលពី​ថ្ងៃ​ទី​២៤ តុលា បាន​យកឈ្នះ​ក្រុម​ក្រសួង​ព័ត៌មាន​៦-១ ។ ចំណែក​ក្រុម​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច ទើបតែ​លេង​បាន​មួយ​ប្រកួត​ប៉ុណ្ណោះ​។

ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ មាន​ទាំងអស់​២​ប្រកួត ក្រុម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​យកឈ្នះ​ក្រុម​ក្រសួងការបរទេស​៣-០ និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្មើ​២-២​ជាមួយ​ក្រុម​ទីស្ដីការគណៈរដ្ឋមន្ត្រី ។

ក្រុម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក កាល​លើក​ទី​១​ថ្ងៃ​ទី​២០ តុលា យកឈ្នះ​ក្រុម​ទីស្ដីការគណៈរដ្ឋមន្ត្រី​១-០​។ ដោយឡែក​ក្រុម​ក្រសួងការបរទេស​និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទើបតែ​លេង​បាន​មួយ​ប្រកួត​ម្នាក់​ប៉ុណ្ណោះ ។

សម្រាប់​ការ​ប្រកួត​ស​ប្ដា​ហ៍​ក្រោយ​ថ្ងៃ​សុក្រ​ទី​៦ វិច្ឆិកា មាន​២​ប្រកួត ក្រុម​ក្រសួង​អប់រំ​យុវជន និង​កីឡា ប្រកួត​ជាមួយ​ក្រុម​ក្រសួង​កិច្ចការ​នារី​និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រកួត​ជាមួយ​ក្រុម​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម ។ ថ្ងៃ​សៅរ៍​មាន​២​ប្រកួត ក្រុម​ក្រសួងពាណិជ្ជកម្ម ប្រកួត​ជាមួយ​ក្រុម​សាលា​រាជធានី​ភ្នំពេញ និង​មួយ​ប្រកួត​ទៀត​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកួត​ជាមួយ​ក្រុម​ក្រសួងយុត្តិធម៌ និង​នៅ​ថ្ងៃអាទិត្យ​មាន​មួយ​ប្រកួត ក្រុម​ក្រសួង​កិច្ចការ​នារី ប្រកួត​ជាមួយ​ក្រុម​ក្រសួង​អភិវឌ្ឍន៍ជនបទ ៕