ក្រុម U23 កម្ពុជា​ត្រៀម​ជួប​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​ល្ងាច​នេះ

រាជធានី​ភ្នំពេញ ៖ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា U23 នឹង​ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ នៅ​ទីលាន​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច នា​វេលា​ម៉ោង​៦​នឹង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ វិច្ឆិកា ។

លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រាប់​ភ្ញាក់​ងារ​កោះសន្តិភាព​ឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ដកស្រង​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ក៏​អាច​និយាយ​បាន​ថា ជា​ការ​ប្រកួត​សម​ជើង​នៅ​មុខ​ពេល​ដែល​ក្រុម U23 កម្ពុជា​ចេញ​ទៅ​ប្រកួត​ជ​ម្រុ​ស​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេស​អីុ​រ៉​ង់ ក្នុង​ជុំ​ទៅ​២​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ។

លោក​បានឱ្យ​ដឹង​ទៀត​ថា រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ព្រុយ​ណេ ធ្លាប់​ជួប​ប្រកួត​គ្នា​ម្ដង​នៅ​សី​ុ​ហ្គេ​ម​លើក​ទី​២៣ ប្រទេស​សិ​ហ្ហ​បុរី​កន្លង​ទៅ​នេះ ដែល​កាល​ណោះ​កម្ពុជា​បាន​យកឈ្នះ​ក្នុង​លទ្ធផល​៣-០ ទើប​លើក​នេះ​គេ​ស​ង្ឈឹ​ម​ថា ក្រុម U23 កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ទៀត​មិន​ខាន់ ដើម្បី​ផ្គាប់​អ្នកគាំទ្រ​ដែល​មាន​ចំនួន​ចេះ​តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ សូម​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ខាង​មុខ​នេះ​ជា​លើក​ទី​២ ។ គេ​នៅ​ចាំ​បាន​ថា ការ​ប្រកួត​លើក​ទី​១ នៅ​លើ​ទឹកដី​កម្ពុជា ក្រុម U23 កម្ពុជា ធ្លាប់​ចាញ់ ១-០​រួច​ម្ដង​មក​ហើយ ។ នេះ​គឺ​លើក​ទី​៥ សម្រាប់​ក្រុម U23 កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ជម្រុះ​ពាន់រង្វាន់​ពិភពលោក ។ ការ​ប្រកួត​កន្លង​មក​ក្រុម U23 កម្ពុជា​ធ្លាប់​ចាញ់​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ៤-០ ក្នុង​ទឹកដី និង​ការ​ប្រកួត​ក្រៅ​ទឹកដី​ចាញ់ ២-០ បន្ត​ទៀត ។ ក្រោយមក​ចាញ់​ក្រុម​ជម្រើសជាតិ​ជប៉ុន ៣-០ ក្រៅ​ទឹកដី​និង​ចាញ់​ក្រុម​ស៊ី​រី ៦-០ ។ ដូច្នេះ​ក្រុម U23 កម្ពុជា​ក្រោយ​ពី​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ត្រូវ​វិល​មក​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ ជប៉ុន និង​សី​ុ​រី​ម្ដងទៀត​នៅ​ខែ​ក្រោយ ៕