​ការ​គេង​ដែល​រង​ការរំខាន​មាន​ផល​អាក្រក់​ជាង​ការ​គេ​ង​បាន​តិច​ម៉ោង​

​ការ​គេង​ដែល​រង​ការរំខាន​មាន​ផល​អាក្រក់​ជាង​ការ​គេ​ង​បាន​តិច​ម៉ោង​

​យើង​ទាំងអស់​គ្នា​ពិតជា​បាន​ឯកភាពគ្នា​ហើយ​ថា ការ​គេង​មិនបាន​គ្រប់គ្រាន់ (​គឺ​គេង​មិន​គ្រប់​ចំនួន​ម៉ោង​តាម​សេចក្តីត្រូវការ​) មិន​ល្អ​ទេ​ចំពោះ​សុខភាព​។ ក៏ប៉ុន្តែ​មាន​ការ​គេង​មួយទៀត​ដែល​អាក្រក់​ជាង​ការ​គេង​មិន​គ្រប់គ្រាន់​ទៅទៀត​នោះ គឺ​ការ​គេង​ដែល​រង​ការរំខាន ធ្វើឱ្យ​ភ្ញាក់​ច្រើន​ដង​នៅ​ពេល    យប់​។​

​លោក Patrick Finan ដែល​ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​ចិត្ត​វេជ្ជ​វិទ្យា​នៅ​សាកលវិទ្យាល័យ Johns Hopkins University School of Medicine បាន​ធ្វើ​ការសិក្សា​អំពី​ដំណេក​របស់​មនុស្ស​ដែល​មាន​សុខភាព​និង​ដំណេក​ល្អ​ចំនួន​៦២​នាក់​ក្នុង​រយៈពេល​៣​យប់​៣​ថ្ងៃ​។ គាត់​បែងចែក​អ្នកស្ម័គ្រចិត្ត​ជា​៣​ក្រុម គឺ​១​ក្រុម​ត្រូវបាន​គេ​ធ្វើ​ឱ្យ​ភ្ញាក់​ច្រើនដង​ក្នុង​១​យប់ៗ ១​ក្រុម​ទៀត​គេ​ឱ្យ​ចូល​គេង​យឺត​ពេល និង​១​ក្រុម​ទៀត​គេ​ឱ្យ​គេង​តាម​សម្រួល គ្មាន​ការរំខាន​ទេ​។ លោក Finan បាន​ពិនិត្យឃើញ​ថា​មនុស្ស​ក្នុង​ក្រុមទី​១​និង​ទី​២​មាន​អារម្មណ៍មិនល្អ​ដូចគ្នា បន្ទាប់​ពី​យប់​ទី​១​។ ក៏​ប៉ុន្តែ​ដល់​ចាប់ពី​យប់​ទី​២​ទៅ អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​ក្រុម​ទី​២​ហាក់ដូចជា​នៅ​តែ​ដដែល ចំណែកឯ​អ្នក​នៅ​ក្នុង​ក្រុមទី​១​វិញ​មាន​អារម្មណ៍​កាន់តែ​អាក្រក់​ទៅៗ​។ គាត់​បាន​សន្និដ្ឋាន​ថា​ការ​គេង​ដែល​រង​ការរំខាន​មាន​ផល​អាក្រក់​ជាងគេ​។​

​ដូច្នេះ កាលណា​យើង​គិត​ដល់​ការ​គេង ចូរ​ចងចាំ​ថា​ចំនួន​ម៉ោង​គេង​តិច​គឺ​ជា​បញ្ហា​មួយ​ហើយ ក៏​ប៉ុន្តែ​ការ​គេង​ដែល​រង​ការរំខាន ទោះបីជា​គេង​យូរ​យ៉ាងណាក៏ដោយ វារឹតតែ​អាក្រក់​ណាស់​ទៅ​ទៀត​ចំពោះ​សុខភាព​៕

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។