ថៃ​ចាប់​សង្ឃ​ខ្មែរ​៨​អង្គ​ផ្សឹក​រួច​បញ្ជូន​តាម​រថយន្ត​ទ្រុង​ត្រឡប់​មក​វិញ

ខេត្តបន្ទាយមានជ័យ ៖ ​សមត្ថកិច្ច​ថៃ​បាន​ធ្វើការ​ផ្សឹក​សង្ឃ​ខ្មែរ​៨​អង្គ​រួច​បញ្ជូន​តាម​រថយន្ត​ទ្រុង​ជាមួយ​ពលករ​ខុសច្បាប់​មក​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា ​នៅ​ទីតាំង​ទទួល​ពលករ​ក្នុងភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៥ ។

មនុស្ស​ទាំង​៨​នាក់​ដែល​ភាគី​ថៃ​ផ្សឹក​ពី​សង្ឃ​នេះ​មាន​៧​នាក់​ជា​អ្នកស្រុក​ដងទុង ខេត្តកំពត និង​ម្នាក់​ជា​អ្នក​ខេត្ត​កែប ពួក​គេ​ប្រាប់​ថា បាន​ចេញពី​កម្ពុជា​តាម​ច្រករបៀង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២ វិច្ឆិកានេះ ហើយ​ទើប​ឡើង​ជិះ​រថយន្ត​ពី​ព្រំដែន​បាន​ប្រហែល​២​គីឡូម៉ែត្រ​ស្រាប់តែ​ត្រូវ​ទាហាន​ថៃ​ចាប់​បញ្ជូន​ឲ្យ​នគរបាល​ស្រុក​អារញ្ញ ។ ពួក​គេ​បន្ត​ថា ក្នុង​គម្រោង​ប្រុង​ទៅ​និមន្ត​បិណ្ឌបាត​នៅ​ខេត្ត​សុ​ផា​ន់​បូ​រី ប្រទេស​ថៃ ព្រោះ​កន្លង​មក​គ្រប់​គ្នា​ធ្លាប់​ទៅ​ទីនោះ​អស់​រយៈពេល​១​ខែ​ម្តង​ហើយ ។ ជន​ទាំង​៨​នាក់​ប្រាប់​ទៀត​​ថា ក្រោយ​ពី​ពួក​ខ្លួន​ត្រូវ​ទាហាន​ថៃ​បញ្ជូន​ឲ្យ​នគរបាល​ស្រុក​អារញ្ញ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​ដោយ​ឲ្យ​គ្រប់​គ្នា​ដោះ​ស្បង់​ចីវរ ហើយ​ផ្លាស់​សំលៀក​បំពាក់​ខោអាវ​កីឡា​វិញ បន្ទាប់​មក​បញ្ជូន​ត្រឡប់​មក​វិញ​តែ​ម្តង ។

នៅ​ទីតាំង​ទទួល​ពលករ គេ​ឃើញ​មន្ត្រី និង​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​ជន​ទាំង​៨​នាក់ ហើយ​បាន​ឲ្យ​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា បន្ទាប់​មក​ក៏​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ខណៈ​មានការ​រិះគន់​ជា​ច្រើន​លើក​ឡើង​ថា ជន​ទាំងនេះ​គួរតែ​ត្រូវ​បាន​យក​ទៅ​ធ្វើការ​អប់រំ​ឲ្យ​បាន​ត្រឹមត្រូវ​សិន​​មុន​នឹង​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ព្រោះ​ជន​ទាំងនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សាសនា ។

លោក ស៊ា​ង សេង​ហុ​ក ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា បើ​សង្ឃ​ទាំង​៨​អង្គ​ត្រូវ​ភាគី​ថៃ​ផ្សឹក​ទៅ​ជា​គ្រហស្ថ​ហើយ​នោះ ខាង​លោក​មិន​ពាក់ព័ន្ធ​ទៀត​ទេ ៕