ពលរដ្ឋ​ចោទ​មេ​ភូមិ​ក្នុង​ស្រុក​សំឡូត​ថា​ឃុបឃិត​គ្នា​ឆ្វៀល​ដី​សាលា​បឋម​សិក្សា​លក់

ប្រជាពលរដ្ឋ​នៅ​ភូមិ​ចម្លងរមាំងលើ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​មេ​ភូមិ ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ដោយ​ស្ងៀមស្ងាត់ យក​ដី​សាលា​លក់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​មេ​ភូមិ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​សាលា​រៀន​នៃ​ស្រុក​សំឡូត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​អាជ្ញាធរ​ភូមិ​នេះ ថា​ជា​សកម្មភាព​មួយ​ធ្វើ​ឲ្យ​ដី​ទីធ្លា​សាលា​កាន់​តែ​រួញ​តូច និង​នាំ​ឲ្យ​លំបាក​ដល់​ការ​សាងសង់​អគារ​ទៅ​ថ្ងៃ​អនាគត។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ចម្លងរមាំងលើ ឃុំ​អូរសំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា តំណាង​មេ​ភូមិ​ចម្លងរមាំងលើ គឺ​លោក អ៊ុំ ឆន បាន​ឃុបឃិត​គ្នា​ជាមួយ​មេ​ភូមិ​យក​ដី​សាលា​បឋម​សិក្សា​វាលធ្មា នៃ​ឃុំ​អូរសំរិល ស្រុក​សំឡូត មាន​ទំហំ​ទទឹង​ប្រមាណ ៨០​ម៉ែត្រ​គុណ​នឹង ៣០០​ម៉ែត្រ ក្នុង​ចំណោម​ផ្ទៃ​ដី ១៦០​ម៉ែត្រ​គុណ​នឹង ៣០០​ម៉ែត្រ លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អ្នក​មាន​លុយ​កាក់ ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​អ្នក​ភូមិ​ឡើយ។ អ្នក​ភូមិ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​លក់​ដី​សាលា​អស់ ហើយ​ពុំ​មាន​ដី​សាងសង់​អគារ​ជា​ប្រយោជន៍​សាធារណៈ និង​ពុំ​មាន​ទីធ្លា​សម្រាប់​ក្មេង​លេង​ទៅ​ថ្ងៃ​ខាង​មុខ៖ «បាទ! កាល​ដី​សាលា​មិន​ទាន់​លក់​មាន​ទំហំ​ធំ​ទូលាយ​ណាស់ យើង​អាច​សាងសង់​ជា​មណ្ឌល​សុខភាព និង​ទីលាន​បាល់​ទាត់​សម្រាប់​ក្មេង​លេង​កីឡា​បាន​យ៉ាង​ស្រួល។ ប៉ុន្តែ​ឥឡូវ គេ​លក់​ដី​សាលា​អស់​ពាក់​កណ្ដាល​បាត់​ទៅ​ហើយ មិន​អាច​ធ្វើ​អ្វី​បាន​ធំ​ដុំ​បាន​នោះ​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ចម្លងរមាំងលើ លោក ឡឹក សាវុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ភូមិ​ពុំ​បាន​យក​ដី​សាលា​រៀន​ទៅ​លក់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា តំណាង​អាជ្ញាធរ​ភូមិ​លក់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ក្បែរ​សាលា​នោះ គឺ​ជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល ហើយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ដី​សាលា​រៀន​ឡើយ៖ «បាទ! ប្រជាពលរដ្ឋ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​បាន ប៉ុន្តែ​ការ​តវ៉ា​របស់​ពួក​គាត់​នោះ ធ្វើ​ឡើង​ដោយ​ការ​យល់​ដឹង​មិន​ច្បាស់​លាស់​នោះ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ ព្រម​ទាំង​គណៈកម្មការ​សាងសង់​សាលា​អះអាង​ថា ដី​ដែល​អាជ្ញាធរ​ភូមិ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នោះ ពិត​ជា​ដី​របស់​សាលា ហើយ​អាជ្ញាធរ​បាន​ឆ្វៀល​ដី​សាលា​លក់​បន្តបន្ទាប់​ជាច្រើន​មក​ហើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ដំណឹង​ជុំវិញ​ការ​លក់​ដី​របស់​សាលា​នេះ​ពី​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​លោក​ពុំ​ដឹង​ថា ដី​នោះ​យ៉ាង​ណា​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ពន្យល់​ថា ប្រសិន​បើ​ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​សាលា​ដែល​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​ត្រឹមត្រូវ គឺ​មិន​អាច​បុគ្គល​ណា​យក​ដី​នោះ​ទៅ​លក់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បាន​នោះ​ទេ៖ «បញ្ហា​នេះ ខ្ញុំ​នឹង​នាំ​យក​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​នេះ ទៅ​ជម្រាប​លោក​អភិបាល​ស្រុក​សំឡូត ដើម្បី​ធ្វើ​ការ​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ»

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​បាន​ចំនួន ១៥០​នាក់ ដើម្បី​ដាក់​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក​សំឡូត សុំ​ឲ្យ​ជួយ​ដោះស្រាយ និង​ឲ្យ​មេ​ភូមិ​បញ្ឈប់​លក់​ដី​សាលា​បន្ត​ទៀត។ បច្ចុប្បន្ន សាលា​បឋម​សិក្សា​វាលធ្មា មាន​អគារ​ចំនួន​មួយ​ខ្នង​មាន ២​បន្ទប់ ហើយ​មាន​គ្រូបង្រៀន​ចំនួន ២​នាក់ និង​មាន​សិស្ស​កំពុង​សិក្សា​ប្រមាណ ៦០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។