តុលាការ​កោះហៅ​អនុ​ប្រធាន​បក្ស​របស់​លោក ម៉ម សូណង់ដូ ឲ្យ​បំភ្លឺ​បណ្ដឹង​សុំ​រំលាយ​បក្ស

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ជុំវិញ​បណ្ដឹង​របស់​ខ្លួន សុំ​រំលាយ​គណបក្ស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា។

អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​បណ្ឌិត ហ៊ាង ឫទ្ធី ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា​លោក និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​៣​នាក់​ទៀត ដែល​ជា​អ្នក​ច្បាប់​ដូចគ្នា ចាត់ទុកជា​លោក ម៉ម សូណង់ដូ ជា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដែល​តែង​តែ​ប្រើ​អំណាច​ផ្ដាច់​ការ និង​ចាយ​វាយ​ថវិកា​បក្ស​គ្មាន​តម្លាភាព«ចិត្ត​ទេវទត្ត មាត់​ទេវតា មាត់​ជា​អ្នក​ប្រជាធិបតេយ្យ មាត់​ថា គោរព​ច្បាប់ ប៉ុន្តែ​ទង្វើ​របស់​គាត់ (ម៉ម សូណង់ដូ) កាល​ពី​ខ្ញុំ​នៅ​ក្រៅ​(ស្រុក) ដូច​ពលរដ្ឋ​ធម្មតា ហើយ​ស្គាល់​គាត់​ជាង​២០​ឆ្នាំ ដែល​យើង​មិន​ទាន់​ច្បាស់ ដល់​ពេល​ធ្វើការ​ជាមួយ​គ្នា ទើប​ដឹង​ថា គាត់(ម៉ម សូណង់ដូ) ​ប្រើប្រាស់​អំណាច​ផ្ដាច់​ការ ដែល​មិន​អាច​ធ្វើ​ការ​ជាមួយ​គាត់​បាន ជាពិសេស​គឺ​ការ​ចាយវាយ​ថវិកា​ហិរញ្ញវត្ថុ គាត់​ប្រើប្រាស់​របស់​ខ្លួន​គាត់(ម៉ម សូណង់ដូ) តែ​ការពិត​ថវិកា​ហ្នឹង​បាន​ពី​សប្បុរសជន ហើយ​គាត់​(ម៉ម សូណង់ដូ)យក​ទុក​ដាក់​ក្នុង​គ្រួសារ​របស់​គាត់»

ចំណែក​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មិន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​បណ្ដឹង​រំលាយ​គណបក្ស​នេះ​ទេ ទោះបីជា​លោក​បាន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី២ វិច្ឆិកា​នេះ​​ក៏​ដោយ។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទើប​តែ​ធ្វើ​សមាជ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន និង​អនុ​ប្រធាន​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ដោយ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ប្រធាន លោក​បណ្ឌិត ហ៊ាង ឫទ្ធី និង​លោក ហារី សំអាត ជា​អណិកជន​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក ធ្វើ​ជា​អនុប្រធាន​គណបក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។