ពលរដ្ឋ​៦​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​មេ​បញ្ជាការ​វីរសេនា​ធំ​ង​៤២​ថា​រំលោភ​យក​ដី

ពលរដ្ឋ ៦​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ចោទ​មេ​បញ្ជាការ​វីរសេនា​ធំ "ង​៤២" ថា​រំលោភ​ដីធ្លី​អាស្រ័យ​ផល​ពួក​គាត់។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​យោធា​វីរសេនា​តូច​លេខ​៤២២ ចំណុះ​ឲ្យ​វីរសេនា​ធំ "ង​៤២" បាន​ខ្ចី​ដី​ពួក​គាត់​ជិត ២០​ហិកតារ​កាល​ពី​ឆ្នាំ​២០១០ ដើម្បី​បង្ហាត់​កងទ័ព​បាញ់​ស៊ីប​ជា​បណ្ដោះអាសន្ន បន្ទាប់​មក យោធា​ទាំង​នោះ​មិន​ព្រម​ប្រគល់​ដី​នោះ​ឲ្យ​ពលរដ្ឋ​វិញ​នោះ​ទេ ដោយ​ចោទ​ប្រកាន់​ពលរដ្ឋ​វិញ​ថា កាន់​កាប់​ដីធ្លី​ខុស​ច្បាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​អូរឫស្សីកណ្ដាល ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៦​គ្រួសារ និង​យោធា​វីរសេនា​ធំ "ង​៤២" បាន​អូស​បន្លាយ​ជាង ៥​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ។

ពលរដ្ឋ​អះអាង​ថា មន្ត្រី​យោធា​ទាំង​នោះ​ព្យាយាម​កាន់​កាប់​ដី​នៅ​តំបន់​នោះ​ជា​ទីតាំង​បាញ់​ស៊ីប​សម្រាប់​សមយុទ្ធ​ចំនួន​ជិត ២០​ហិកតារ ឋិត​នៅ​ភូមិ​អូរកណ្ដៀរ ឃុំ​អូរគ្រៀង ស្រុក​សម្បូរ ខេត្ត​ក្រចេះ ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង។

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​អូរឫស្សីកណ្ដាល អ្នកស្រី ផាន់ ស៊ីណា ចោទ​ប្រកាន់​ថា មេ​បញ្ជាការ​វីរសេនា​ធំ "ង​៤២" ចំណុះ​ឲ្យ​ភូមិ​ភាគ​១ លោក អៀង សាមុត មាន​ចេតនា​រំលោភ​យក​ដី​ពលរដ្ឋ​ចំនួន ៦​គ្រួសារ​ទំហំ​ដី​ជិត ២០​ហិកតារ តាំង​ពី​ឆ្នាំ​២០១០។ អ្នកស្រី​បន្ត​ថា យោធា​ទាំង​នោះ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ ដោយ​កាប់​បំផ្លាញ​ផល​ដំណាំ​អ្នក​ភូមិ​នៅ​ពេល​យប់ និង​គំរាម​កំហែង​ដោយ​អាវុធ ព្រម​ទាំង​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​អាស្រ័យ​ផល​លើ​ដី​នោះ​ដាច់ខាត។ អ្នកស្រី​បញ្ជាក់​ថា ពលរដ្ឋ ៦​គ្រួសារ​បាន​កាន់​កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៧ និង​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ​ទៀត​ផង៖ «គេ​ខ្ចី​បាញ់​ស៊ីប​ជាប់​ខ្ញុំ​ហ្នឹង គេ​ប្រគល់​ឲ្យ​វិញ​ដី​បង​ប្អូន​គេ។ ដល់​ពេល​ដី​ខ្ញុំ ៦​គ្រួសារ​ហ្នឹង គេ​អត់​ឲ្យ​ទេ ពួក​វា​មើលងាយ វា​ជិះ​ជាន់ ពួក​វា​លេង​មួយ​ក្បាច់​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លោចផ្សា​ចិត្ត។ គេ​ទៅ​បំផ្លាញ​មិន​ឲ្យ​ធ្វើ​អី​ហ្នឹង»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​បញ្ជាការ​រង​ភូមិ​ភាគ​១ លោក នាម អៀង ថ្លែង​បញ្ជាក់​ថា ទីតាំង​ដី​ដែល​យោធា​ហាត់​បាញ់​ស៊ីប​នោះ គឺ​មេ​បញ្ជាការ​ភូមិ​ភាគ​១ បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​ក្រចេះ ដោយ​មាន​ការ​ឯកភាព​ពី​អគ្គបញ្ជាការ លោក ប៉ុល សារឿន នូវ​សំណើ​នោះ។ ចំណែក​អភិបាល​ខេត្ត​ក្រចេះ ក៏​សម្រេច​យល់ព្រម​ប្រគល់​ដី​នោះ​ដល់​វីរសេនា​ធំ "ង​៤២" ចំណុះ​ឲ្យ​ភូមិ​ភាគ​១៖ «គាត់​សុំ​វាស់វែង តែ​តាម​ពិត អាជ្ញាធរ និង​ក្រុម​យុវជន​វាស់វែង​កាល​ពី​មុន ដីធ្លី​គេ​អត់​មាន​វាស់​ឲ្យ​ទេ ព្រោះ​ពាក់ព័ន្ធ​ដី​ដែល​គេ​មាន​លិខិត​ស្នាម​ភូមិ​ភាគ​បាញ់​ស៊ីប។ នៅ​រាល់​ថ្ងៃ​ហ្នឹង ក៏​គេ​នៅ​តែ​បាញ់​ស៊ីប​ដែរ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​អាវុធហត្ថ និង​យោធា បាន​ចុះ​ដាក់​ស្លាក​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ចម្ការ ឬ​អាស្រ័យ​ផល​នៅ​ទីតាំង​នោះ ដោយ​សំអាង​ថា អាជ្ញាធរ​ខេត្ត​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​យោធា​ភូមិ​ភាគ​១ កាល​ពី​អតីត​អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន ជា​អភិបាល​ខេត្ត។

ករណី​នេះ​ដែរ មេ​ឃុំ​អូរគ្រៀង លោក កែវ បុប្ផា និយាយ​ថា ដី​នៅ​តំបន់​នេះ អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​នាយ​សេនាធិការ​វីរសេនា​ធំ​លេខ​៤២ ចំណុះ​ឲ្យ​ភូមិ​ភាគ​១ ដើម្បី​ជា​ទីតាំង​បាញ់​ស៊ីប ព្រោះ​ជា​ដី​នៅ​តំបន់​ភ្នំ។ លោក​អះអាង​ថា អាជ្ញាធរ​សម្រេច​ប្រគល់​ដី​នេះ​ជូន​យោធា ដោយសារ​តែ​ពលរដ្ឋ​ពុំ​មាន​ឯកសារ​កាន់​កាប់​ដីធ្លី​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ​ទេ៖ «គ្រប់​ឯកសារ​ពាក់ព័ន្ធ​គាត់​អត់​មាន​សោះ។ យើង​ពិបាក​សំអាង​ថា តើ​គាត់​កាន់​កាប់​តាំង​ពី​ឆ្នាំ​ណា​មក»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ក្រចេះ ដែល​ចុះ​អង្កេត​ករណី​នេះ លោក ឌិន ខន្នី រក​ឃើញ​ថា ពលរដ្ឋ ៦​គ្រួសារ​មាន​លិខិត​កាន់​កាប់​ដីធ្លី​របស់​អតីត​មេ​ឃុំ​ចាស់ តាំង​ពី​ឆ្នាំ​២០០៥ និង​មាន​សលាកបត្រ​របស់​ក្រុម​និស្សិត​វាស់វែង​កាល​ពី​ឆ្នាំ​២០១២។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ ពុំ​បាន​ចុះ​ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​ករណី​នេះ ស្រាប់​តែ​ប្រគល់​ដី​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ជា​ទីតាំង​បាញ់​ស៊ីប​ដោយ​គ្មាន​សំណង​ទូទាត់៖ «អាជ្ញាធរ​មុន​នឹង​កាត់​ដី​ឲ្យ​ទាហាន ត្រូវ​ចុះ​ស៊ើប​អង្កេត​សិន ថា​តើ​ដី​ហ្នឹង​ទំនេរ ឬ​ដី​របស់​ប្រជាពលរដ្ឋ ឬ​ដី​របស់​បុគ្គល​ណា​មួយ។ តែ​ផ្ទុយ​ទៅ​វិញ ការ​កាត់​ឲ្យ គឺ​ដី​ហ្នឹង​វា​មិន​ស័ក្ដិសម​ក្នុង​ការ​ជា​កន្លែង​បាញ់​ស៊ីប​របស់​ទាហាន​ទេ ព្រោះ​វា​ជិត​ភូមិ​ប្រជាពលរដ្ឋ និង​ជិត​ផ្លូវ​ជាតិ»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ពលរដ្ឋ​ជាង ៣០​នាក់​រស់នៅ​ឃុំ​អូរឫស្សីកណ្ដាល បាន​ផ្ដិត​មេ​ដៃ​ធ្វើ​ជា​សាក្សី​ដឹង​ឮ ថា​ដី​នោះ​ឋិត​នៅ​ភូមិ​អូរកណ្ដៀរ ឃុំ​អូរគ្រៀង ជាប់​ផ្លូវ​ជាតិ​លេខ​៧​អា ពិត​ជា​ដី​កម្មសិទ្ធិ​គ្រប់គ្រង​របស់​ពលរដ្ឋ​ចំនួន ៦​គ្រួសារ​ពិត​មែន។ ចំណែក​ពលរដ្ឋ​ទាំង ៦​គ្រួសារ​នោះ គ្រោង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។