អាកាសធាតុ៖លោកហ្រ្វង់ស័រ ហូឡង់​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​ចិន

នៅ​ថ្ងៃ​ចន្ទ ទី២ វិច្ឆិកា​នេះ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន។ កម្មវត្ថុ​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក​ហូឡង់ គឺ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​ចិន​ដើម្បី​ឲ្យ​សន្និសីទ​អន្តរជាតិ​ស្តីពីបញ្ហា​អាកាសធាតុ​រៀបចំ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នា​ពេល​ខាង​មុខ​ទទួល​បាន​ជោគជ័យ។ នៅ​យប់​ថ្ងៃ​អង្គារ ទី៣ វិច្ឆិកា​ស្អែក លោក​ហូឡង់​នឹង​ចាកចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​កូរ៉េខាងត្បូង។ ក្រៅ​ពី​សំណុំរឿង​អាកាសធាតុ ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋបារំាង​នៅ​ចិន​ក៏​មាន​គោលដៅ​សេដ្ឋកិច្ច​ដែរ ព្រោះ​លោក​ហូឡង់​បាន​នំា​ទៅ​ជាមួយ​នូវ​ប្រធាន​ក្រុមហ៊ុន និង​ប្រធាន​រោងចក្រសហគ្រាស​បារំាង​ប្រមាណ​ជា ៤០នាក់ ព្រម​ទំាង​រដ្ឋមន្រ្តី​បារំាង​ជា​ច្រើន​រូប។