លួច​ម៉ូតូ​ពី​ខេត្តបាត់ដំបង​មក​ជាប់អន្ទាក់​ប៉េ​អឹ​ម​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​លួច​ម៉ូតូ​ពី​ខេត្តបាត់ដំបង ហើយ​បាន​រត់​មក​លាក់ខ្លួន​នៅ​ខេត្តសៀមរាប ដែល​ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២ វិច្ឆិកា ២០១៥ នៅ​ចំណុច​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ។

លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ គង់ រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្ទះសំណាក់ យីហោ ភូមិ​១ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​លួច​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ខៀវ ពាក់​ស្លាក​លេខ 1A-8638 ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សាប់ នី​តាស់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន SIGROUP ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​លួច​ម៉ូតូ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៤៧​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ម្យូ​រ៉ា ស្ថិត​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ប្រគល់​ឱ្យទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕