សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​១៦៨​នាក់ ពីបទ​ជំរិត​ទារប្រាក់​តាម​ទូរ​សព្ទ​

​ជនជាតិ​ចិន​ចំនួន​១៦៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ពីបទ​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរ​សព្ទ កាលពី​ថ្ងៃទី​៣១ ខែតុលា​។ នេះ​បើតាម​ការអះអាង​របស់​លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​។​

​បើតាម​ការលើកឡើងរ​ប​ស់លោក អ៊ុក ហៃ​សីលា ជនជាតិ​ចិន​ចំនួន ១៦៨ (​ស្រី​១៩​នាក់​)  ដែល​ជាប់​ពាក់ព័ន្ធ​ពីបទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរ​សព្ទ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​សង្កាត់​៣ ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣១ ខែតុលា​។ លោក​បន្ថែមថា ជន​ជាតិចិន​ទាំងនោះ​ត្រូវបាន​បញ្ជូនមក​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ ហើយនឹង​បញ្ជូនទៅ​ស្រុកកំណើត​វិញ​នៅ​ថ្ងៃស្អែក​នេះ​។ ប្រធាន​នាយកដ្ឋាន​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​មិនអាច​ទុក​ពូកគេ​យូរ​ទេ​។ ថ្ងៃស្អែក​នេះ​ភាគី​ចិន នឹង​នាំ​ពួកគេ​ទៅវិញ​ហើយ​»​។​

​លោក អ៊ុក ហៃ​សីលា​បាន​បន្តទៀតថា ជនល្មើស​ទាំងនេះ​រស់នៅ​ក្នុងផ្ទះ​វិឡា​១ និង​សណ្ឋាគារ​១ ដោយ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ក្នុងការ​ចាប់ជំរិត​នេះ ប៉ុន្តែ​ពួកគេ​មិន​ជំរិត​ជនជាតិខ្មែរ ឬ​ជនជាតិ​ណា​ផ្សេង​ឡើយ គឺ​ជំរិត​តែ​ជន​ជាតិចិន​ដូចគ្នា​ប៉ុណ្ណោះ​។ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ប្រមូលបាន​ទូរ​សព្ទ​លើ​តុ​ចំនួន​២០០​គ្រឿង និង​ទូរ​សព្ទ​ដៃ​ជាង​២០០​គ្រឿង​ទៀត​។

​ក្រៅពី​ឃាត់ខ្លួន​ជន​ជាតិចិន​ទាំងនោះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ផ្សេងទៀត​ដែរ កាលពី​ថ្ងៃទី​៣១ ខែតុលា​នេះ​។ ជនអន្តោប្រវេសន៍​ទាំងនោះ​រួមមាន ជនជាតិ​វៀតណាម ចំនួន​១៥ (​ស្រី​៤​នាក់​), ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ៤៥​នាក់ (​ប្រុស​ទាំងអស់​) និង​ជនជាតិ​ហ្វីលីពីន​ចំនួន ៥​នាក់ (​ប្រុស​ទាំងអស់​)​។​

​សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​សរុប​ចំនួន​ជិត​៣​ពាន​ក់នា​ក់ រួមមាន​៤៦​សញ្ចា​តិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ដោយ​គិត​ត្រឹម​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៥ ។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​៩០%៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​