ពង្រាប​ក្បាលពោះ​ដោយ​យោ​ហ្គា ៥ ក្បាច់​

Sanofi

ខ្លាញ់​ក្បាលពោះ គឺជា​ផ្នែក​ដែល​ពិបាក​នឹង​បញ្ចុះ​ជាងគេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​សោភណភាព​ក៏ដូចជា​សុខភាព​ស្ត្រី​យ៉ាងខ្លាំង ។ ខ្លាញ់​បរិវេណ​ក្បាលពោះ មាន​ទំនាក់ទំនង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ជំងឺ​បេះដូង និង មហារីក​ច្រើន​ប្រភេទ ។ លំ​ហាត់ប្រាណ​គឺជា​វិធី​ចាំបាច់​ក្នុងការ​សម្រក​ក្បាលពោះ ប៉ុន្តែ​ពេលខ្លះ​អ្នក​ប្រាកដជា​នឿយណាយ​នឹង​ការធ្វើ​ចលនា​ខ្លាំងៗ ពិបាក​ទ្រាំ​ស្ទើរតែ​ចង់​បោះបង់ចោល​ទៀត ។ ​ប្រសិនបើ​បែបនេះ​មែន សូម​សាកល្បង​ក្បាច់​យោ​ហ្គា​ខាងក្រោម​គួបផ្សំ​នឹង​របប​អាហារ​សុខភាព​ដើម្បី​បាន​លទ្ធផល​ឆាប់រហ័ស ។​

១ – ក្បាច់​ពស់​បើក​ពពារ
​ក្បាច់​នេះ​ជួយ​កាត់បន្ថយ​ខ្លាញ់ ពង្រឹង​សាច់ដុំ​ពោះ រាងកាយ​ផ្នែក​ខាងលើ​ទាំង​ផ្នែក​ខាងមុខ និង ខាង​ខ្នង ថែមទាំង​ជួយ​ឱ្យ​ឆ្អឹងខ្នង​បត់បែន​បានល្អ ។ អ្នក​ត្រូវ​សន្ធឹង​ជើង ហើយ​ងើប​ខ្លួន​ឡើង​ពាក់កណ្តាល ដោយ​ប្រើ​ដៃ​សង្កត់​ដូច​ក្នុង​រូប ។ ជំហាន​ដំបូង​ត្រូវ​ព្យាយាម​ងើប​ក្បាល និង ខ្លួន​ឡើង​ដោយ​ស្រូប​ដង្ហើមចូល​យឺតៗ រក្សា​ស្ថានភាព​នេះ ១៥ ទៅ ៣០ វិនាទី បន្ទាប់មក​ដកដង្ហើម​ចេញ​វិញ​យឺតៗ ។ គួរ​ធ្វើឱ្យបាន ៥ ដង ដោយ​សម្រាក ១៥ វិនាទី ក្នុង ១ លើកៗ ។

២ – ក្បាច់​ដង​ធ្នូ
​ក្បាច់​នេះ​ជួយ​ពង្រឹង​ផ្នែក​ពោះ ហើយ​ដើម្បី​បានទទួល​លទ្ធផល​ល្អ គួរ​យោល​ទៅមក​បន្តិចៗ​ដូចជា​ជួយ​ម៉ាស្សា​ពោះ​ដែរ ។ ដំបូង​អ្នក​ត្រូវ​ព្យាយាម​ធ្វើឱ្យ​ដូច​រូប រួច​ស្រូប​ដង្ហើមចូល ងើបក្បាលឡើង ដោយ​ព្យាយាម​លើកជើង​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន ហើយ​រក្សា​ស្ថានភាព នេះ ១៥ ទៅ ៣០ វិនាទី ដោយ​ដកដង្ហើម​ធម្មតា​បន្ទាប់​មក​បន្ធូរ​មក​ចលនា​ដើម​វិញ (​សន្ធឹងដៃជើង​ធម្មតា​)​។ ដូចគ្នា​ដែរ​ត្រូវធ្វើ​ឱ្យបាន ៥ ដង ដោយ​សម្រាក ១៥ វិនាទី ក្នុង ១ លើកៗ ។​

៣ – ក្បាច់​អក្សរ V
​ក្បាច់​នេះ​ជួយ​កម្ចាត់​ខ្លាញ់ និង បង្រួម​ចង្កេះ​ឱ្យ​តូច​ច្រឡឹង ថែមទាំង​ជួយ​ឱ្យ​សាច់ដុំ​ជើង និង ខ្នង​រឹងមាំ​ទៀតផង ។ ដំបូង​ត្រូវ​អង្គុយ​រាបស្មើ​លើ​កម្រាល ហើយ​ព្យាយាម​លើកជើង​ឡើង ហើយ​ដាក់​ដៃ​ផ្អឹប​ជាប់​ចំហៀង​ជង្គង់​ទាំងសងខាង ។ ព្យាយាម​រក្សា​ជំហរ​នេះ​ឱ្យ​នឹង និង ត្រង់​ប្រមាណ ១៥​វិនាទី ដោយ​ដកដង្ហើម​ធម្មតា រួច​បន្ធូរ​មក​ស្ថានភាព​ដើម​វិញ ។ ត្រូវធ្វើ​ឱ្យបាន ៥ ដង ដោយ​សម្រាក ១៥ វិនាទី ក្នុង ១ លើកៗ ។​

៤ – ក្បាច់​តម្រង់​ខ្នង
​ក្បាច់​នេះ​ងាយ​ជាងគេ ដោយ​មិនចាំបាច់​ប្រឹង ឬ ប្រើ​កម្លាំង​ច្រើន​ទេ ដែល​ជួយ​ពង្រឹង​ពន្យឺត​សាច់ដុំ​ដើមដៃ ស្មា ខ្នង ភ្លៅ និង​គូទ​ទៀតផង ។ ធ្វើ​កាយវិការ​ដូច​ក្នុង​រូប ដោយ​សម្លឹង​ទៅ​ក្រោម រក្សា​ដងខ្លួន​ឱ្យ​ត្រង់​ស្មើ​ដូច​បន្ទះក្តារ ។ រក្សា​ស្ថានភាព​នេះ ១៥ ទៅ​៣០ វិនាទី ឬ យូរ​តាម​ដែល​អាច​ធ្វើបាន រួច​បន្ធូរ​ខ្លួន​មក​ធម្មតា​វិញ ។ គួរ​ធ្វើឱ្យបាន ៥ ដង ដោយ​សម្រាក ១៥ វិនាទី ក្នុង​មួយ​លើកៗ ។ ក្បាច់​នេះ​មិន​សមជា​មួយ​អ្នក​ឈឺ​ខ្នង​សម្ពាធ​ឈាម​ខ្ពស់ ឬ ឈឺ​ស្មា​នោះ ទេ ។​

៥ – ក្បាច់​សម្រួល​ខ្យល់
​ក្បាច់​នេះ​មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង ដូចជា បន្ថយ​អាការ​ឈឺ​ខ្នង និង​ពង្រាប​ក្បាលពោះ សម្រក​ភ្លៅ និង ត្រគាក ថែមទាំង​ជួយ​ម៉ាស្សា​ពោះវៀន និង រក្សា​កម្រិត pH ក្នុង​ក្រពះ ព្យាបាល​អាការ​ទល់លាមក និង ជំរុញ​ដល់​ការធ្វើ​មេតាបូលីស​នៃ​រាងកាយ ។ ដំបូង​ត្រូវ​គេង​រាបស្មើ​លើ​កម្រាល រួច​ទាញ​ជើង​មក​ផ្អោប​ជាប់​ដើមទ្រូង ដោយ​ប្រើ​ដៃ​ជួយ ។ រក្សា​ស្ថានភាព​នេះ​ឱ្យបាន ១ នាទី ទៅ ៩០ វិនាទី​បន្ទាប់មក​ដក​ដង្ហើមចេញ ហើយ​បន្ធូរ​ជើង​មក​ស្ថានភាព​ដើម​វិញ ។ គួរ​ធ្វើឱ្យបាន ៥ ដង ដោយ​សម្រាក ១៥​វិនាទី ក្នុង​មួយ​លើកៗ ។

​សម្គាល់ ៖ ដើម្បី​បានទទួល​លទ្ធផល​គាប់ចិត្ត អ្នក​មិនត្រូវ​ហាត់​រំលង​ក្បាច់​មួយណា​នោះទេ ហើយ​គួរ​ធ្វើ​នៅពេល​ព្រឹក និង​ហាត់ ៣ ទៅ ៥ ដង ក្នុង ១ សប្តាហ៍ ៕ លក្ខិណា​

Related