តួឯកស្រី សាន់​ឆាយ ខឹង​សារព័ត៌មាន​ចុះ​ពី​រឿង​មាន​ផ្ទៃពោះ​កូន​ទី ២

Sanofi

តារា​សម្តែង​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ Barbie Hsu ឬ យើង​ស្គាល់​តាមរយៈ​រឿង F4 នាង សាន់​ឆាយ ត្រូវបាន​គេ​ដឹងថា នាង​ខឹងសម្បារ​នឹង​សារព័ត៌មាន​តៃវ៉ាន់​យ៉ាងខ្លាំង បន្ទាប់ពី​បង្ហាញថា នាង​មាន​ផ្ទៃពោះ​កូន​ទី ២ ជាង​មួយខែ​មកហើយ ។​​នៅក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ប្រទេស​ចិន ស្ត្រី​ត្រូវបាន​គេ​ហាម​មិន​ឲ្យ​បង្ហាញថា​ខ្លួន​មាន​ផ្ទៃពោះ​មុន​បី​ខែ នោះឡើយ ហើយ​នេះ​ក៏​ជាដើម​ហេតុ​ធ្វើ​ឲ្យ​តារា​សម្តែង​ស្រី​រូបនេះ​ខឹង​នឹង​សារព័ត៌មាន ដោយសារ​នាង​មាន​ជំនឿ លើ​រឿងនេះ ។

យ៉ាងណាក្តី សារព័ត៌មាន​តៃវ៉ាន់​ក៏បាន​វាយបក​មក​នាង​លើ​រឿងនេះ​ផងដែរ ដោយបាន​និយាយថា នាង​ធ្លាប់​បានបង្ហាញ​ពី​អាការ​មាន​ផ្ទៃពោះ​កាលពី​កូន​ទី ១ មុនពេល​បី​ខែ​ដូចគ្នា ហើយ​នាង​ថែម​ជា​អ្នក​ទាក់ទង​ទៅ សារព័ត៌មាន​មុន​ថែមទៀត ។

ក្រោយមក ប្អូនស្រី​របស់​នាង Barbie Hsu ក៏បាន​ចេញមុខ​បកស្រាយ​វិញ​ដូចគ្នា ដោយបាន​និយាយ បងស្រី​នាង​ធ្វើ​ដូចនេះ ដោយសារតែ​រំភើប​ជាមួយនឹង​ដំណឹង​កូន​ទី ១ ខ្លាំងពេក ។​

យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នាង Barbie Hsu មិនទាន់​បានធ្វើ​តេ​ស្ត​ផ្ទៃពោះ​នោះទេ តែ​វា​ជាការ​ពិត​ដែល​នាង​មាន​ផ្ទៃពោះ​កូន​ទី ២ ហើយ ។ គួរ​រំឭក​ដែរ​ថា នាង​បាន​រៀបការ​ជាមួយ​មហាសេដ្ឋី​ចិន លោក Wang Xiaofei កាលពី​ឆ្នាំ ២០១០ ហើយ​សព្វថ្ងៃ កូន​ដំបូង​របស់​អ្នក​ទាំងពីរ​មាន​អាយុ ២ ឆ្នាំ​ហើយ ។ ថា​វរិ​ទ្ធ​
​ ​

  

  

  


Related