ជំនួប​ត្រីភាគី​ចិន​-​ជប៉ុន​-​កូរ៉េខាងត្បូង​ហាក់ដូចជា​បញ្ចប់​ភាព​តានតឹង​បី​ឆ្នាំកន្លងមក​

​បញ្ហា​សន្តិសុខ​និង​ពាណិជ្ជកម្ម គឺជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​កំពូល​ត្រីភាគី​ចិន ជប៉ុន​និង​កូរ៉េខាងត្បូង ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ម្សិលមិញ​នេះ​នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល នៃ​ប្រទេស​កូរ៉េខាងត្បូង​។  នេះ​ជា​ជំនួប​លើក​ទី​១​ហើយ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ ដ្បិត​ដាន​ប្រវត្តិសាស្ត្រ​និង​ជម្លោះ​ដែន​អធិបតេយ្យ​តែងតែ​បង្អាក់​ទំនាក់ទំនង​ប្រទេសជិតខាង​គ្នា​ទាំងបី​នេះ​។

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​

​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ជំនួប​កំពូល​ត្រីភាគី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​ប្រព្រឹត្តឡើង ដោយ​រលូន​តាម​ការកំណត់​។ ជំនួប​នេះ មាន​វត្តមាន​មេដឹកនាំ​បី​រូប​ដែល​រួមមាន​លោកស្រី ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក ហ្គ​ន​ហេ ដែលជា​ម្ចាស់ផ្ទះ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខេ​ជាង និង​លោកនាយក​រដ្ឋមន្ត្រី ជប៉ុន ស្ហ៊ិ​ន ហ្សូ​អា​បេ​។

​លទ្ធផល​ជា​ផ្លែផ្កា​មួយចំនួន​ត្រូវបាន​សម្រេច ហើយ​ជំនួប​លើក​នេះ​ត្រូវបាន​គេ​មើលឃើញថា ជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​ស្តារ​ទំនាក់ទំនង​ប្រទេស​ទាំងបី​ឡើងវិញ​។ ប្រទេស​មហា​យក្ស​តំបន់​ទាំងបី​នេះ រំពឹងថា​នឹង​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​ការទូត​ដែល​មិនសូវ​ជាមាន​ភាពល្អប្រសើរ​នាពេល​កន្លងមក​។​

​ក្នុងជំនួប​នេះដែរ ការពិភាក្សា​បាន​ផ្ដោតលើ​ទំនាក់ទំនង​សេដ្ឋកិច្ច ដោយ​មេដឹកនាំ​ប្រទេស​ទាំងបី បានបង្ហាញ​ពី​បំណង​ក្នុងការ​លើកកម្ពស់​ការ​ត​ភ្ជាប់​ពាណិជ្ជកម្ម​រវាង​គ្នា​នឹង​គ្នា​។ ម្យ៉ាងទៀត មេដឹកនាំ​ទាំងបី ក៏បាន​សន្យា​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី​ត្រីភាគី ចិន ជប៉ុន កូរ៉េខាងត្បូង និង បាន​ជំរុញឱ្យមាន​ទីផ្សារ​អាស៊ី​ខាងកើត​តាមរយៈ​យន្តការ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលជា​គំនិត​ផ្ដួចផ្ដើម​ដោយ​ចិន​។

​អ្វីដែល​ជាការ​កត់សម្គាល់​នោះ បញ្ហា​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា​ផងដែរ​។ កម្មវិធី​នុយក្លេអ៊ែរ​បស់​ក្រុង​ព្យុងយ៉ាង បាន​បង្ក​ជាការ​គំរាម​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​ប្រទេសជិតខាង​របស់ខ្លួន​ជាពិសេស​ជប៉ុន កូរ៉េខាងត្បូង ក៏ដូចជា​ចិន ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ និង​តែងតែ​ជួយ​ទំនុកបម្រុង​រដ្ឋ​កុំ​មុយ​នី​ស​មួយ​នេះ​រហូតមក​។​

​លើសពីនេះទៅទៀត មេដឹកនាំ​ទាំងបី​ប្រទេស​ក៏បាន​ស្នើឱ្យ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ការចរចា​៦​ភាគី សំដៅ​ដល់​ការបញ្ចប់​ទាំងស្រុង​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​ផងដែរ​។ កិច្ចពិភាក្សា​៦​ភាគី​នេះ​បាន​ជាប់គាំង​មិន​ដំណើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​មានការ​ដើរចេញ​ពី​តុ​ចរចា​របស់​កូរ៉េខាងជើង​នៅក្នុង​ឆ្នាំ​២០០៩ ។

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​ត្រីភាគី ចិន ជប៉ុន និង​កូរ៉េខាងត្បូង​នេះ បាន​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​សម្រួល​ទំនាក់ទំនង​ប្រទេស​ទាំងបី ដែល​តែងតែ​មានការ​រង្គោះរង្គើ​ដោយសារ​បញ្ហា​ប្រវត្តិសាស្ត្រ​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ និង​ជម្លោះ​ដែន​កោះ​រវាង​ចិន​-​ជប៉ុន និង​ជប៉ុន​-​កូរ៉េខាងត្បូង ដែល​នៅតែ​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​នៅឡើយ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​