ពលរដ្ឋ​ខេត្ត​កោះកុង​ចោទ​អាជ្ញាធរ​ថា​បិទ​ច្រក​និង​ហ៊ុមព័ទ្ធ​មិន​ឲ្យ​ធ្វើ​កូដកម្ម​ប្រឆាំង​ក្រុមហ៊ុន​ចិន

ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់​ក្នុង​ខេត្ត​កោះកុង នៅ​តែ​បន្ត​នាំ​គ្នា​ធ្វើ​កូដកម្ម​ចូល​ដល់​ថ្ងៃ​ទី​៤ ហើយ នៅ​ក្បែរ​ស្នាក់​ការ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន (Union) ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្ដល់​ដំណោះស្រាយ​ដីធ្លី ជាពិសេស​សុំ​កុំ​ឲ្យ​ឈូស​ឆាយ​ផល​ដំណាំ​ពួក​គាត់។

ចំណែក​កង​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន នៅ​តែ​ដាក់​ពង្រាយ​ចាំ​ឃ្លាំ​មើល​កូដកម្ម​នោះ ដោយ​ពុំ​ទាន់​មាន​កិច្ច​អន្តរាគមន៍​ដោះស្រាយ​យ៉ាង​ណា​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​កូដកម្ម នៅ​ថ្ងៃ​ទី​២ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​កូដកម្ម​របស់​ពួក​គាត់​ដោយ​បោះ​តង់​ជ្រក​នៅ​ជិត​ក្រុមហ៊ុន​ទាំង​ថ្ងៃ​ទាំង​យប់​នោះ កំពុង​ជួប​ការ​លំបាក​ដោយ​ខ្វះ​ទឹក ម្ហូប​អាហារ​សម្រាប់​បរិភោគ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ អ៊ុត ម៉ូន រស់នៅ​ភូមិ​គៀនប្រង់ ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ បាន​ឲ្យ​ដឹង​ថា ការ​ខ្វះខាត​នេះ​ដោយសារ​អាជ្ញាធរ​ដាក់​កម្លាំង​បិទ​ច្រក និង​ហ៊ុមព័ទ្ធ​កន្លែង​ពួក​គាត់​ស្នាក់​នៅ​ធ្វើ​កូដកម្ម​នោះ មិន​ឲ្យ​ចេញ​ចូល និង​ព្រមាន​បោស​សម្អាត​មិន​ឲ្យ​បោះ​តង់​ស្នាក់​នៅ​តវ៉ា នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​ចិន នោះ​ទៀត​ឡើយ៖ «អត់​ឲ្យ​ពួក​ខ្ញុំ​ចេញ​រក​អី​ហូប​ចុក​ទេ ហើយ​គេ​ចាប់​ផ្ដើម​ដាក់​កម្លាំង​មក​សម្អាត​ពួក​ខ្ញុំ​អ្នក​តវ៉ា​ទៀត»

ស្ត្រី​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​រូប​ទៀត​ឈ្មោះ ភូ តាងគាន ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​រំខាន​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ និង​ដោះស្រាយ​សំណង​សមរម្យ និង​យុត្តិធម៌​ជូន​ពលរដ្ឋ ជា​ជាង​ដាក់​កម្លាំង​គំរាម​ការ​តវ៉ា​ដោយ​អហិង្សា ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​ស្រប​ច្បាប់​របស់​ដូនតា​គាត់ ហើយ​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ចិន នោះ៖ «ខ្ញុំ​បាន​យក​កូន​ចៅ កូន​ក្មួយ​ទៅ​ការពារ​ចម្ការ​ស្វាយចន្ទី កុំ​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ បើ​ទៅ​គ្នា​តិច​បួន​ដប់​នាក់​វា​ដេញ​វាយ​រាល់​ដង»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ អធិការ​រង​ស្រុក​គីរីសាគរ មាន​ប្រសាសន៍​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ៖ «អត់​មាន​បញ្ហា​អី​ផង​ហ្នឹង គ្មាន​អ្នក​ណា​រាំង​ខ្ទប់​មិន​ឲ្យ​យក​ស្បៀង​ចូល ពួក​គាត់​ដឹក​មក​បាន​តើ តាម​គោយន្ត​ពី​ក្រោម​តាម​គៀនប្រង់ មក»

ចំណែក​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ដែល​បាន​ចុះ​ឃ្លាំ​មើល​ការ​តវ៉ា​ក្នុង​រឿង​នេះ​ផ្ទាល់ បាន​សង្កេត​ឃើញ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច ពិត​ជា​បាន​ហ៊ុមព័ទ្ធ​ការ​ធ្វើ​កូដកម្ម​របស់​ពលរដ្ឋ ដោយ​មិន​ឲ្យ​អ្នក​នៅ​សហគមន៍​ផ្សេងៗ​ដែល​មាន​ជម្លោះ​ដីធ្លី​ដូច​គ្នា​ដែរ​នោះ មក​ចូលរួម និង​យក​ស្បៀង​អាហារ​ចូល​ក្នុង​បរិវេណ​បោះ​ជំរំ​តវ៉ា​នោះ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា លោក​បារម្ភ​ខ្លាច​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន និង​អាជ្ញាធរ ប្រើ​ហិង្សា​បំបែក​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ព្រោះ​មធ្យោបាយ​ទី​មួយ​របស់​អាជ្ញាធរ គឺ​មិន​ឲ្យ​អ្នក​តវ៉ា​យក​ស្បៀង​អាហារ​ចេញ​ចូល​ទៅ​កន្លែង​បោះ​ជំរំ​តវ៉ា​នោះ​បាន​ឡើយ តាំង​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា៖ «នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​យ៉ាង​ធ្ងន់ធ្ងរ គឺ​សិទ្ធិ​ទទួល​បាន​អាហារ​ហូប​គ្រប់គ្រាន់ អ៊ីចឹង​យើង​សូម​ឲ្យ​អាជ្ញាធរ​ពិចារណា​រឿង​នេះ​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​ស្បៀង ទឹក​អី​ហូប​ចុក​ដូច​ធម្មតា​ឡើង​វិញ»

លោកស្រី ភូ តាងគាន ឲ្យ​ដឹង​ទៀត​ថា ដី​ទំនាស់​ដែល​ស្ថិត​នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ជាង ២​ពាន់​ហិកតារ​នោះ ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជាង ៣០០​គ្រួសារ គឺ​ជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ដែល​មិន​ទាន់​មាន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ឲ្យ​ខូចខាត​ជាច្រើន។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ភូមិ អ៊ុត ម៉ូន បាន​បន្ថែម​ថា កន្លង​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ បាន​គាំទ្រ​ឲ្យ​មាន​ការ​ដោះស្រាយ​ផ្តល់​សំណង​សមរម្យ និង​ឲ្យ​ផ្អាក​ការ​ឈូស​ឆាយ​ប៉ះពាល់​ទៅ​លើ​ដី​ពលរដ្ឋ និង​ត្រូវ​កាត់​ឆ្វៀល​ដី​របស់​ពួក​គាត់ ដើម្បី​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ដែល​អនុវត្ត​តាម​ឡើយ៖ «គេ​អត់​ដែល​ដោះស្រាយ​ឲ្យ​ទេ គេ​បំបិទ​យើង​រហូត គ្រាន់​តែ​មាន​ពាក្យ​មួយ​ថា គេ​នឹង​ឆ្វៀល​កាត់​ឲ្យ ប៉ុន្តែ​យើង​ចូល​ធ្វើ​អត់​បាន យើង​សុំ​លិខិត​ចូល​ធ្វើ​អី​ក៏​អត់​បាន​ដែរ»

ពលរដ្ឋ​បាន​នាំ​គ្នា​បោះ​តង់​ស្នាក់នៅ​រង់ចាំ​ដំណោះស្រាយ​នេះ​ក្បែរ​ស្នាក់​ការ​ក្រុមហ៊ុន តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា មក ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​ប៉ូលិស​ទាហាន និង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ជាច្រើន​នាក់ ប៉ុន្តែ​ពុំ​មាន​ផ្ទុះ​អំពើ​ហិង្សា​មក​លើ​អ្នក​តវ៉ា​នៅ​ឡើយ​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។