ចោទ​ជន​សង្ស័យ​ម្នាក់ ក្នុង​អំពើ​មនុស្ស​ឃាត​នៃ​«រាត្រី​ខែ​រះ​ពណ៌​ខៀវ»


បុរសម្នាក់ ត្រូវបានចោទប្រកាន់ កាលពីសប្ដាហ៍មុន ពីបទមនុស្សឃាតចំនួន បីករណី៖ ម្ដាយបង្កើត និងប្អូនប្រុសឪពុកដោយខ្លួនពីរនាក់ នៅក្នុងរាត្រីមួយ ដែលមានខែរះពណ៌ខៀវ។ ប្រសិនបើអ្នកស៊ើបអង្កេត បានលើកឡើង ពីពិធីសាសនាអូមអាមមួយ ថាបាននាំទៅដល់ ការធ្វើឃាតនេះក៏ដោយ តែគេនៅតែជឿថា នៅមានចំណុចផ្សេងទៀត ដែលត្រូវបានសង្ស័យដូចគ្នា។
ចោទ​ជន​សង្ស័យ​ម្នាក់ ក្នុង​អំពើ​មនុស្ស​ឃាត​នៃ​«រាត្រី​ខែ​រះ​ពណ៌​ខៀវ»

លំនៅដ្ឋានដែលកើតអំពើមនុស្សឃាត ដល់ទៅបីនាក់។ (រូបថតទ្វីសធើរ)

ហេតុការណ៍បានកើតឡើង កាលពីច្ងៃទី៣១ ខែកក្កដាកន្លងទៅ តែតុលាការទើបបានចោទប្រកាន់ លើ​ជន​សង្ស័យ នៅថ្ងៃអង្គារ សប្ដាហ៍កន្លងទៅនេះប៉ុណ្ណោះ។ បណ្ដាញព័ត៌មាននានា ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានរាយការណ៍ថា សមាជិកបីរូប នៃគ្រួសារមួយ ដែលរស់នៅក្នុងក្រុង «Pensacola (ភាគខាងលិច នៃរដ្ឋ​ផ្លរីដា)» ត្រូវបានរកឃើញស្លាប់ នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។ សាកសពទាំងបីនោះ គឺអ្នកស្រី «Voncile Smith» ជាម្ដាយអាយុ៧៧ឆ្នាំ និងកូនប្រុសរបស់អ្នកស្រីពីរនាក់ គឺលោក «Richard Smith» អាយុ៤៩ឆ្នាំ និង​លោក «John Smith» អាយុ៤៧ឆ្នាំ។

តាមការពិនិត្យទៅលើសាកសព បានឲ្យដឹងថា ពួកគេទាំងបីបានរង នូវការវាយនឹងញញួរជាច្រើនដង និង​ត្រូវបានច្របាច់ករ។ ប៉ុន្តែលោក «Richard Smith» ដែលជាកូនប្រុសច្បង់ និងជាបុគ្គលិក នៅក្រសួង​សន្ដិសុខ​ផ្ទៃក្នុងអាមេរិក ត្រូវបានបាញ់សម្លាប់មួយគ្រាប់ នៅត្រជៀកខាងស្ដាំ។

បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេត ដ៏វែងមួយ ជាពិសេសភស្ដុតាងជាច្រើន ពីផ្នែកវេជ្ជសាស្ត្រ ដែលរកឃើញ​នៅនឹងទីកន្លែងកើតហេតុ អាជ្ញាធរបានឈានទៅចាប់ខ្លួន លោក «Donald Wayne Hartung Sr» អាយុ​៥៨ឆ្នាំ យកទៅឃុំពីបទមនុស្សឃាត ទៅលើម្ដាយនិងប្អូនប្រុស«ចុង (ឪពុកដោយខ្លួន)»ទាំងពីរ។

តាមពិតទៅ លោក «Donald Wayne» ត្រូវបានសាកសួរដោយអ្នកស៊ើបអង្កេត តាំងពីអាជ្ញាធរបាន​ប្រទះ​ឃើញ​សាកសពភ្លាម។ ភ្នាក់ងារនគរបាល «David Morgan» បានលើកឡើងថា ជនសង្ស័យ «Donald Wayne» បាននិយាយពីពិធីអូមអាមមួយ ដែលឧទ្ទិសទៅ«ព្រះចន្ទពណ៌ខៀវ» នារាត្រីនោះ ហើយ​ពិធី​សាសនា​នេះ បានប្រែក្លាយ កើតទៅជារឿងរ៉ាវនេះឡើង។ នៅក្នុងផ្ទះដែលកើតហេតុទៀតសោធ ក៏មិន​ឃើញ​មាន ស្លាកស្នាមកាប់គាស់ ឬបាត់បង់អ្វីឡើយ។

ភ្នាក់ងារនគរបាលដដែល បាននិយាយថា អាជ្ញាធរបានដាក់ការសង្ស័យ តាំងពីដំបូង ទៅលើលោក «Donald Wayne» រួចហើយ ប៉ុន្តែមិនបានបារម្ភថា ជននេះអាចរត់គេចខ្លួន ឬអាចបង្កគ្រោះថ្នាក់ណាមួយ ទៅ​ដល់​អ្នក​ដទៃនោះដែរ។ ដោយសារហេតុនេះហើយ ទើបនគរបាលសុខចិត្តស្វែងរកភស្ដុតាងឲ្យបានច្រើន ជៀស​ជាង​សំនុំរឿងមួយ ដែលមានលក្ខណៈប្រហោងក្នុង។

យ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត នៅតែសង្ស័យ និងបន្តតាមដាន ទៅលើការប្រតិបត្តិសាសនា «ខែរះ​ពណ៌ខៀវ» នេះបន្តទៅទៀត។ ប៉ុន្តែនៅមានចំណុចសង្ស័យផ្សេងទៀត ដូចជាការជំពាក់ប្រាក់ របស់ជន​សង្ស័យ ហើយនីតិវិធីទាក់ទង នឹងករណីប្រាក់ជំពាក់នេះ ទើបនឹងត្រូវបង្កើតឡើង នៅចុងខែសីហា​កន្លង​មក​ប៉ុណ្ណោះ។ នគរបាល ក៏នៅសង្ស័យលោក «Richard Smith» ដែលជាកូនច្បងរងគ្រោះ នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ ប៉ុន្តែមិនបានថ្លែងលំអិត អំពីការសង្ស័យនេះទេ ក្នុងពេលនេះ៕