សមត្ថកិច្ច​ចម្រុះ​ចាប់​ក្រុមចោរប្លន់​ប្រដាប់អាវុធ នៅ​សង្កាត់​ស្ទឹងមានជ័យ​

ភ្នំពេញ: នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​ខណ្ឌ នៅក្នុង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ ទីតាំង​លាក់ខ្លួន​របស់​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នៅពេល​រាត្រី មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លុ​វ​លំ ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ខាងលើ​នេះដែរ ធ្វើឡើង​ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ និង​មាន​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការចុះ​ឆែកឆេរ​ទីតាំង​ខាងលើ គឺ​ដំបូង​ឡើយ​នគរបាល​ខណ្ឌចំការមន បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ម្នាក់ កាលពី​វេលាយប់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​របស់ខ្លួន​។ ក្រោយ​ការឃាត់ខ្លួន​ហើយ​នោះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​នៅមាន​បក្ខពួក​ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ជាច្រើន​នាក់​ទៀត ដែល​លាក់ខ្លួន​នៅ​ទីតាំង​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ បន្ទាប់ពី​ទទួលបាន​ចម្លើយ​ឆ្លើយ​សារភាព​ពី​ជនសង្ស័យ​ហើយ​នោះ ទើប​នៅវេលា​ព្រឹក​ថ្ងៃកើតហេតុ​ខាងលើ សមត្ថកិច្ច​ចម្រុះ​ជាច្រើន​ខណ្ឌ​ក្នុង​រាជធានី បាន​បើក​ប្រតិបត្តិការ​សហការគ្នា​ដាក់ពង្រាយ​កម្លាំង​ចុះ​ឡោមព័ទ្ធ និង​ធ្វើការ​ឆែកឆេរ​តែម្តង​។​

​សូមបញ្ជាក់ថា ក្នុង​ការចុះ​ឆែ​រក​ឆេរ​ទីតាំង​ខាងលើ​នេះដែរ ក្រុម​បក្ខពួករ​បស់ជនស​ង្ស័​យ​បាន​រត់គេចខ្លួន​អស់​ទៅហើយ មុន​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ដល់​។ ប៉ុន្តែ​ក្នុងនោះដែរ សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​ចំនួន ២​គ្រឿង មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​មួយគ្រឿង​ទៀត​ម៉ាក គុប​មូល ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-7016 និង​រ៉ឺម៉ក់​ម៉ូតូ​មួយគ្រឿង​ផងដែរ​។ ក្រោយ​ឆែកឆេរ​រកឃើញ​ហើយ​នោះ ម៉ូតូ​ទាំង​៣​គ្រឿង និង​វត្ថុ​ង​តាង​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការដកហូត​បញ្ចូនទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើជា​ភស្តុតាង​ដាក់បន្ទុក​បន្ថែម ក្នុង​ការកសាង​សំណុំរឿង​តាម​នីតិវីធី​បញ្ចូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕