ប្រធាន​រដ្ឋបាល​ជលផល ជំរុញ​អោយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​បង្ក្រាប​បទល្មើស នេសាទ​នៅ​តំបន់​កំពង់​អួរ ឃុំ​ខុន​រ៉ង​

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ប្រធាន​រដ្ឋបាល​ជលផល បាន​ជំរុញ​អោយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បន្ត​សហការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ទៀត ខណៈ​បទល្មើសរ​បាំងសាច់​អួន​វែងៗ​បាន​កើតមាន​ជាច្រើន នៅក្នុង​តំបន់​កំពង់​អួរ ស្ថិតក្នុង​ភូមិ​កំពង់​អួរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌​។ លោក​ប្រធាន​រដ្ឋបាល​ជលផល បាន​ថ្លែង​បែបនេះ ក្នុងពេល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ចាប់ពី​ចំណុច​ភូមិ​កោះ​កែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ រហូតដល់​ភូមិ​កំពង់​អួរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌​។​ ​ ​

​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​ថ្លែង​អោយដឹង​ក្រោយពេល​បង្ក្រាប​បទល្មើស​ថា​៖ ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការបង្ក្រាប​បទល្មើស​នេសាទ​លើក​នេះ ក្នុង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ប្រើប្រាស់​កំលាំង​ជំនាញ​ជលផល និង​កំលាំង​នគរបាល​ប្រមាណ​ជិត​៣០​នាក់ កាណូត​បា​ឡា​ស្មាច់​៤​គ្រឿង និង​បាន​បំផ្លាញរ​បាំងសាច់​អួន​បាន​ប្រវែង​១៦០០​ម៉ែត្រ កំទេច​លប​លូ​សាច់​អួន​បាន​២០​លប បង្គោល​៥០០​ដើម ចាក់ព្រលែង​កូន​ត្រី​គ្រប់​ប្រភេទ​ចូលក្នុង​ទន្លេ​វិញ​បាន​៥០​គីឡូក្រាម និង​បាន​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​ដែល​ដាក់​លើស​ច្បាប់​កំណត់​បាន​មួយចំនួនទៀត នៅក្នុង​ឃុំ​ស្វាយជ្រុំ ស្រុ​រលាប្អៀរ​។​ ​ ​

​លោក​បាន​បន្តថា​៖ ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​សហការ​ជាមួយ​កំលាំង​សមត្ថកិច្ច​ទាំងបី រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ជា​បន្តទៀត ទៅលើរ​បាំងសាច់​អួន​ណា​ដែល​វែងៗ​ខុសច្បាប់ ហើយ​ត្រូវ​បន្ត​ចុះ​អប់រំ​ណែនាំ​អោយ​ប្រជា​នេសាទ​យល់ច្បាស់​អំពី​ច្បាប់​ស្តីពី​ជលផល តែ​ប្រសិន បើ​គាត់​មិន​គោរព ត្រូវតែ​បង្ក្រាប និង​អនុវត្ត​ទៅតាម​នីតិវិធី​។ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋ បាល​ជលផល​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ចំណុច​កំពង់​អួរ​នេះ​សង្កាត់ និង​ផ្នែក​រដ្ឋបាល ជលផល បរិបូណ៌ ទើបនឹង​បង្ក្រាប​ហើយ​កន្លងទៅ​ថ្មីៗ​នេះ​ទេ តែ​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​បាន​លួច​ធ្វើ ជា​បន្ត​ទៅតាម​ទឹកទន្លេ​ដែល​កំពុង​ស្រក​ចុះ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​នឹង​បន្ត​ចុះបង្ក្រាប បទ ល្មើស​នៅ​តំបន់​នោះ​ទៀត​។

​លោក​ក៍​បានអោយដឹង​បន្ថែមថា លទ្ធផល​នៃ​ការបង្ក្រាប​បទ​បទល្មើស​នេសាទ​ក្នុង​ខែកញ្ញា​កន្លងមកនេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បង្ក្រាបបាន​៧១​ករណី ក្នុងនោះ​បង្ក្រាប​របាំង​ស្បៃ​មុង​បាន​៣៧២​របាំង ស្មើនឹង​ជិត​២​ម៉ឺន​ម៉ែត្រ លប​លូ​ស្បៃ​មុង​៣៧២​មាត់ របាំង​សាច់​អួន​៨៨​របាំង ស្មើនឹង​ជិត​១​ម៉ឺន​៥​ពាន់​ម៉ែត្រ លប​លូ​សាច់​អួន​១៥២​មាត់ បង្គោល​ជាង​១​ម៉ឺន​ដើម បាន​ចាក់ព្រលែង​កូន​ត្រី​គ្រប់​ប្រភេទ​ចូល​ទន្លេ​វិញ​ជាង​៤​ពាន់​គីឡូក្រាម និង​បាន​ពិន័យ​ពីបទ​ល្មើស​នេសាទ នូវ​ប្រា​ក់បាន​ចំនួន​ប្រមាណ​ជាង​១២៦​លាន​រៀល​ផងដែរ​។ ខណ្ឌ​រដ្ឋបាល ជលផល​សំណូមពរ​អោយ​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ស្តីពី​ជលផល​អោយ​បានល្អ​ផង ដើម្បី​រក្សាបាន​នូវ​ពូជ​ត្រី​ទឹកសាប​របស់​យើង​អោយមាន​និរន្តរភាព សំរាប់​កូនចៅ​របស់​យើ​យ​៕ រិ​ទ្ធិ ជ័យ​

KA-02-11-2015-27 KA-02-11-2015-40 KA-02-11-2015-41 KA-02-11-2015-42 KA-02-11-2015-43