រឿង​ក្តី​ទី​២​ ដែល​តុលាការ​កំពូល​ជំនុំជម្រះ​មាន​ភាព​យុត្តិធម៌​ ត្រឹមត្រូវ​ពិតប្រាកដ​

​ថ្វី​ដ្បិត​ស្ថាប័ន​តុលាការ​កម្ពុជា​តែង​ទទួល​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ថា​ ជា​ស្ថាប័ន​មិន​ឯករាជ្យ​ ពុក​រលួយ​ និង​កាត់ក្តី​មិន​យុត្តិធម៌​ លុះ​ក្នុង​អំពើ​អគតិ​ជា​ហូរហែ​ក៏​ដោយ​ ក៏​មាន​សំណុំរឿង​ក្តី​ខ្លះ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ជំនុំជម្រះ​ផ្តល់​នូវ​ភាព​យុត្តិធម៌​ ត្រឹមត្រូវ​ ស្រប​តាម​ច្បាប់​ពិតប្រាកដ​ដែរ​ ដែល​ក្នុង​ខណៈ​នេះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ សូម​លើកយក​រឿង​ក្តី​ទី​២​ដែល​ស្ថាប័ន​តុលាការ​កំពូល​ធ្វើការ​ជំនុំជម្រះ​ប្រកបដោយ​ភាព​យុត្តិធម៌​ ឥត​លម្អៀង​ មក​ផ្សព្វផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ និង​ពិចារណា​ប្រកបដោយ​គតិបណ្ឌិត​ ដូច​ខាងក្រោម​ ៖

​កាលពី​អំឡុង​ឆ្នាំ​២០០៣​ លោក​ ខៀវ​ ទង​ មានរឿង​ក្តីក្តាំ​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​ ទំហំ​៣៥.០០០​ម៉ែត្រក្រឡា​ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០០១២៤(Cviii0041)​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦​ ឋិត​នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ (​អតីត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ ឃុំ​ប៉ោយ​ប៉ែ​ត​ ស្រុក​អូរ​ជ្រៅ​)​ ខេត្តបន្ទាយមានជ័យ​ (​ជាទី​តាំង​ដី​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​ដី​របស់​លោក​ កែវ​ ណា​ន​ មាន​ប្លង់​លេខ​Cviii0043​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦​ ដែល​កំពុង​មាន​ទំនាស់​ជាមួយ​លោក​ ខៀវ​ ទង​ នៅ​តុលាការ​កំពូល​ទល់​បច្ចុប្បន្ន​)​ ជាមួយ​លោក​ កែវ​ ព្រំ​ (​លោក​ កែវ​ ព្រំ​ ទទួល​បាន​ន​ការ​ផ្ទេរសិទ្ធិ​ដីធ្លី​បន្ត​ពី​លោក​ ធុ​ក​ គឹ​ម​ឈ​ន​ ជា​ម្ចាស់​ដី​ដើម​)​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​ស្រាប់​ខាងលើ​នេះ​ មានដំណើរ​រឿង​ដូច​តទៅ​ ៖​ ដើម​ឡើយ​ដី​ទំនាស់​ជា​កម្មសិទ្ធិ​របស់​លោក​ ធុ​ក​ គឹ​ម​ឈ​ន​ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០០១២៤(Cviii0041)​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦​ (​ជា​ដី​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​ដី​របស់​លោក​ កែវ​ ណា​ន​ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​Cviii0043​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦)​ ។​ ក្រោយមក​ លោក​ ធុ​ក​ គឹ​ម​ឈ​ន​ បាន​លក់​ដីធ្លី​នេះ​ឲ្យ​ទៅ​លោក​ កែវ​ ព្រំ​ តែ​មិន​ទាន់​បាន​កាត់ឈ្មោះ​ផ្តាច់​នៅ​ក្នុង​ប្លង់​ដី​ស្រប​តាម​នីតិវិធី​របស់​អង្គភាព​សុរិយោដី​នៅឡើយ​ទេ​ ។​ នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៣​ លោក​ ខៀវ​ ទង​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ប្តឹង​លោក​ កែវ​ ព្រំ​ សុំ​សិទ្ធិ​គ្រប់គ្រង​កាន់កាប់​ដី​ទំនាស់​ ។​

​នៅ​ដំណាក់កាល​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ តុលាការ​បាន​សម្រេច​ប្រគល់​ដី​ទំនាស់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០០១២៤(Cviii0041)​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦​ ឲ្យ​លោក​ កែវ​ ព្រំ​ (​អ្នកទិញ​ដី​បន្ត​ពី​លោក​ ធុ​ក​ គឹ​ម​ឈ​ន​ ជា​ម្ចាស់​ដី​ដើម​)​ កាន់កាប់​ជា​កម្មសិទ្ធិ​ពេល​សាលក្រម​ចូល​ជា​ស្ថាពរ​ តាម​សាលក្រម​រដ្ឋប្បវេណី​លេខ​៧១"​ក​"​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០០៤​ ។​

​មក​ដល់​សាលាឧទ្ធរណ៍​ ត្រូវ​បាន​តុលាការ​សម្រេច​តម្កល់​សាលក្រម​រដ្ឋប្បវេណី​លេខ​៧១"​ក​"​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០០៤​ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ទុកជា​បានការ​ តាម​សាលដីកា​រដ្ឋប្បវេណី​លេខ​១០២"​ង​"​ ចុះ​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០០៦​ និង​សាលដីកា​រដ្ឋប្បវេណី​លេខ​១៣៥"​ង​"​ ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០០៦​ ។​

​លុះ​មក​ដល់​ស្ថាប័ន​តុលាការ​កំពូល​ ដែល​មាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ជា​ប្រធាន​តុលាការ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​,​ ឯកឧត្តម​ យូរ​ ឧត្តរា​ ជា​អនុប្រធាន​តុលាការ​កំពូល​ (​អតីត​ជា​ចៅក្រម​តុលាការ​កំពូល​)​ លោក​ចៅក្រម​ យស់​ សូ​ខឿន​,​ លោក​ចៅក្រម​ ម៉ុង​ មុន្នី​ចរិយា​,​ លោក​ចៅក្រម​ រៀល​ មួន​,​ លោក​ចៅក្រម​ ស៊ិ​ន​ ឌឹ​ម​,​ លោក​ចៅក្រម​ ប៉ែន​ សា​វឿ​ន​,​ លោក​ចៅក្រម​ គង់​ ភី​រុន​ និង​លោក​ចៅក្រម​ ឈឹ​ម​ ស៊ី​ផល​ ជា​ចៅក្រម​ប្រឹក្សា​នា​ពេល​នោះ​ បាន​សម្រេច​តម្កល់​សាលដីកា​រដ្ឋប្បវេណី​លេខ​១៣៥"​ង​"​ ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០០៦​ របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ពេញ​ទាំងមូល​ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៩១​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០០៧​ ។​ ពោល​គឺ​ ស្ថាប័ន​តុលាការ​កំពូល​បាន​វិនិច្ឆ័យ​សម្រេច​ឲ្យ​លោក​ កែវ​ ព្រំ​ បាន​ឈ្នះក្តី​លើ​លោក​ ខៀវ​ ទង​ ជា​ស្ថាពរ​ ។​

​ការណ៍​ដែល​ស្ថាប័ន​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តីសម្រេច​ឲ្យ​លោក​ ខៀវ​ ទង​ ចាញ់ក្តី​ជា​ស្ថាពរ​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​ជាមួយ​លោក​ កែវ​ ព្រំ​ នោះ​ គឺ​ដោយសារ​តុលាការ​យល់​ឃើញ​ថា​ ៖​ ១-​ពាក្យសុំ​កាន់កាប់​ ប្រើប្រាស់​ដីធ្លី​របស់​លោក​ ធុ​ក​ គឹ​ម​ឈ​ន​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៩៥​ កើតឡើង​មុន​ពាក្យសុំ​កាន់កាប់​ដីធ្លី​របស់​លោក​ ខៀវ​ ទង​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​១៩៩៦​ ។​ ២-​ពាក្យសុំ​កាន់កាប់​ដីធ្លី​របស់​លោក​ ខៀវ​ ទង​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​១៩៩៦​ គ្មាន​បញ្ជាក់​អំពី​ព្រំប្រទល់​ដី​ច្បាស់លាស់​ ។​ ៣-​ការ​អះអាង​របស់​លោក​ ខៀវ​ ទង​ ដែល​ថា​ ខ្លួន​បាន​ធ្វើស្រែ​លើ​ដី​ទំនាស់​តាំងពី​ឆ្នាំ​១៩៩២​នោះ​ គឺជា​ការ​មិន​ត្រឹមត្រូវ​ ពីព្រោះ​មុន​ឆ្នាំ​១៩៩៥-១៩៩៦​ ដី​ទំនាស់​ពោរពេញ​ទៅ​ដោយ​គ្រាប់​មីន​ ដែល​អាច​បញ្ជាក់​ថា​ ពុំ​មានការ​បង្កបង្កើន​ផល​ទេ​មុន​ឆ្នាំ​១៩៩៥​ ។​ ដោយឡែក​ លោក​ កែវ​ ព្រំ​ បាន​ទិញ​ដី​ទំនាស់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០០១២៤(Cviii0041)​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦​ ពី​លោក​ ធុ​ក​ គឹ​ម​ឈ​ន​ គឺ​លោក​ កែវ​ ព្រំ​ ក៏​មាន​សិទ្ធិ​ឡើងជា​ម្ចាស់​លើ​ដី​ទំនាស់​នេះ​ដែរ​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ និង​អ្នក​តាមដាន​សំណុំរឿង​ក្តី​វិវាទ​ដីធ្លី​ខាងលើ​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​សំណុំរឿង​ក្តី​វិវាទ​ដីធ្លី​មួយ​ដែល​ស្ថាប័ន​តុលាការ​កំពូល​ជំនុំជម្រះ​ប្រកបដោយ​ភាព​យុត្តិធម៌​ ត្រឹមត្រូវ​ ស្រប​តាម​ច្បាប់​ពិតប្រាកដ​ ៕​

រឿង​ក្តី​ទី​២​ ដែល​តុលាការ​កំពូល​ជំនុំជម្រះ​មាន​ភាព​យុត្តិធម៌​ ត្រឹមត្រូវ​ពិតប្រាកដ​រឿង​ក្តី​ទី​២​ ដែល​តុលាការ​កំពូល​ជំនុំជម្រះ​មាន​ភាព​យុត្តិធម៌​ ត្រឹមត្រូវ​ពិតប្រាកដ​