ក្លិប​អ្នកកាសែត​ថ្កោលទោស​អ្នក​ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត

ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី២វិច្ឆិកា បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកកាសែត​ក្នុង​សំណុំរឿង​ពីរ​ផ្សេងគ្នា។

សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ផ្សាយ​អំពី​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស អាស៊ីអាគ្នេយ៍ ប៉ុស្តិ៍​លេខ៥ និង CTN ដែល​ត្រូវ​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅ​ក្រៅប្រទេស​ម្នាក់ ដេញ​កាប់​ដោយ​កាំបិត​ខ្វាវ និង​បាន​បោក​បំបែក​កាមេរ៉ា​មួយគ្រឿង​ផង។ ហេតុការណ៍​នេះ បើតាម​ការបញ្ជា​ក់រប​ស់​ក្លិប​អ្នកកាសែត​ដដែល បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី៣១តុលា ឆ្នាំ២០១៥ នៅក្នុង​ភូមិ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មា​ន៊​ជ័យ នៅពេលដែល​អ្នកកាសែត​ចុះ​យក​ព័ត៌មាន​អំពី​ការនាំ​ពលករ​ទៅធ្វើ​ការ​ក្នុងប្រទេស​ថៃ។

«ក្លិប​អ្នកកាសែត​កម្ពុជា (កអក) ចាត់ទុក​សកម្មភាព​នេះ ថា​ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មកលើ​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញការងារ​តាម​វិជ្ជាជីវៈ។ កអក ប្រកាស​ថ្កោល​ទោស​យ៉ាង​ម៉ឺងម៉ាត់​ជនបង្ក​ហេតុ និង​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ នគ​បាល និង​តុលាការ ឲ្យ​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនបង្ក​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នកសារព័ត៌មាន»។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​ក្លិប​អ្នកកាសែត។

យោងតាម​សេចក្តីថ្លែងការណ៍​ដដែល ក៏មាន​ករណី​មួយទៀត​ដែល​ទាក់ទង​នឹង​ការចាប់ខ្លួន​អ្នកសារព័ត៌មាន៦នាក់​នៅក្នុង​ខេត្តកំពង់ធំ ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ជំរិត​ទារ​ប្រាក់​​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បា​ល័​ង្គ។ ក្លិប​អ្នកកាសែត​កម្ពុជា​បានប្រកាស​តាមដាន​សំណុំ​រឿងនេះ​ដោយ​យកចិត្តទុកដាក់ ហើយក៏​អំពាវនាវ​ដល់​សមត្ថកិច្ច​ត្រូវ​ចៀសវាង​ការរំលោភបំពាន​ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​អ្នកកាសែត​នៅ​កម្ពុជា។

ទោះយ៉ាងណា​ក៏ដោយ ក្លិប​អ្នកកាសែត​ក៏​មិនបាន​ភ្លេច​ប្រាប់​អ្នកកាសែត​ខ្មែរ​ទាំងអស់​ត្រូវអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​